ព័ត៌មាន
កិច្ចប្រជុំប្រាក់ឈ្នួលកម្មកររោងចក្រ គ្រោងបិទបញ្ចប់នៅថ្ងៃទី១៩ កញ្ញាខាងមុខ
រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា កិច្ចប្រជុំចរចាប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរសម្រាប់ឆ្នាំ២០២៥ ត្រូវបានត្រីភាគីឯកភាពគ្នាកំណត់ប្រជុំលឿនជាងការកំណត់នៅថ្ងៃទ១៩ ខែកញ្ញាខាងមុខ ដែលតាមគម្រោងនឹងបិទបញ្ចប់នៅថ្ងៃទី២៦ ខែកញ្ញា។

មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយចប់កិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឲ្យដឹងថា ក្រោយឆ្លងកាត់កិច្ចប្រជុំជាលក្ខណៈត្រីភាគីផង ក៏ដូចជាលក្ខណៈផ្ទៃក្នុងរបស់ភាគីមួយៗផង គឺបានសម្រេចឯកភាព នឹងជួបប្រជុំគ្នាចុងក្រោយ នៅថ្ងៃទី១៩ ខែកញ្ញាខាងមុខ ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ឲ្យដឹងថា សម្រាប់កិច្ចប្រជុំត្រីភាគី លើកទី៤ ក្នុងថ្ងៃនេះ ភាគីទាំងពីរបានបន្តពន្យល់គ្នាទៅវិញទៅមកនូវគោលជំហររបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងភាពចាស់ទុំ។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិត បានស្នើរតួលេខកំណើនរបស់ខ្លួនចំនួន ៣ផ្សេងៗគ្នា គឺតួលេខកំណើន ៦ដុល្លារ, ៧ដុល្លារ និង១០ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ២០៤ដុល្លារ។ ដោយឡែក ភាគីនិយោជក បានរក្សាគោលជំហរនៅដដែល គឺកំណើនចំនួន ២ដុល្លារ លើប្រាក់ឈ្នួលបច្ចុប្បន្ន ហើយនឹងដាក់សំណើរមួយចំនួនទៀត នាកិច្ចប្រជុំបញ្ចប់ខាងមុខ។

លោក គឹម ចាន់សំណាង ភាគីសហជីពតំណាងកម្មករនិយោជិត បានលើកឡើងថា រហូតមកដល់ពេលនេះ សហជីពមានបទពិសោធន៍ច្រើនក្នុងការសម្រេចលើតួលេខដែលត្រូវដាក់ដើម្បីពិភាក្សាជាបន្តបន្ទាប់ ដូច្នេះជាទូទៅមិនមែនមានតែសហជីពក្នុងចិត្តតែមួយ មានន័យថា មានគំនិតរៀងៗខ្លួន ហើយមានក្រុមរៀងៗខ្លួនដែលមានសិទ្ធិបញ្ចេញតួលេខរៀងៗខ្លួនដូចគ្នា ហើយនេះក៏ជាសិទ្ធិសេរីភាពក្នុងការបើកទូលាយដើម្បីសម្រេចចិត្តចំពោះលើតួលេខនីមួយៗ ដូច្នេះភាគីសហជីពពិភាក្សាគ្នាជាបន្តបន្ទាប់ ដោយមានទឡ្ហីករណ៍រៀងៗខ្លួនដើម្បីកំណត់យកតួលេខមួយឲ្យទទួលបានទាំងអស់គ្នា។
លោកបន្ថែមថា សម្រាប់តួលេខដែលដាក់ចេញរបស់ភាគីសហជីពផ្សេងៗគ្នាខាងលើ ក៏មិនប្រាកដថា នៅថ្ងៃចុងក្រោយមានតួលេខទាំង៣ ឬក៏បង្រួមតួលេខណាមួយទេ ដែលនេះជាលទ្ធិប្រជាធិបតេយ្យក្នុងការសម្រេចចិត្តរបស់ភាគីសហជីព ហើយសម្រាប់ក្រុមនីមួយៗ ខណៈសហជីពទាំងអស់ គឺបានគិតប្រយោជន៍ជារួមដូចគ្នា ទៅដល់កម្មករនិយោជិត។

ការកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យឧស្សាហកម្មកាត់ដេរជារៀងរាល់ឆ្នាំនេះ ត្រីភាគី រួមមាន ភាគីរដ្ឋាភិបាល ភាគីនិយោជក និងភាគីសហជីពតំណាងកម្មករនិយោជិត បានពិភាក្សាគ្នាដោយផ្អែកទៅលើមូលដ្ឋានបម្រែបម្រួលលក្ខណៈវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ចចំនួន ៧ចំណុច ក្នុងនោះរួមមាន៖ ស្ថានភាពគ្រួសារ អត្រាអតិផរណា ការចំណាយក្នុងការរស់នៅ ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN