ព័ត៌មាន
នាយក AFD ប្តេជ្ញាចិត្តជំរុញអភិវឌ្ឍវិស័យទឹកស្អាត ឱ្យឆ្លើយតបការប្រើប្រាស់របស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD បានបញ្ជាក់នូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីធានាសេវាផ្គត់ផ្គង់ទឹកស្អាត ត្រូវបានផ្តល់ដល់ប្រជាពលរដ្ឋ និងទៅដល់សហគមន៍ មានទឹកស្អាតសម្រាប់ប្រើប្រាស់។
ឯកឧត្តម ស៊ីរីល ប៊ែលលីយេ នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ទទួលបន្ទុកតំបន់អាស៊ីមជ្ឈិមបូព៌ា និងអឺរ៉ុប ខាងកើត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ នៅក្នុងដំណើរទស្សនកិច្ចគម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ទី៣ ដើម្បីពិនិត្យវឌ្ឍនភាពនៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងនោះចំពោះវិស័យទឹកស្អាតនៅកម្ពុជា, បារាំងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការជួយលើកកម្ពស់វិស័យនេះឱ្យកាន់តែប្រសើរ។
ជាក់ស្តែងរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី ៣ ដែលបានបើកការដ្ឋានសាងសង់ក្នុងខែមេសា ឆ្នាំ២០២៤ គ្រោង ចំណាយពេលសាងសង់ ៣៦ ខែ គឺប្រើប្រាស់ថវិកាប្រមាណ ២៥២ លានដុល្លារអាមេរិក ក្នុងនោះ ២១០ លានដុល្លារអាមេរិក ជាកម្ចី សម្បទានពី AFD និង ៤២ លានដុល្លារអាមេរិក ជាថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខណៈដែលសហភាពអឺរ៉ុប បាន អនុម័តផ្តល់ជំនួយឥតសំណង ចំនួន ១២ លានអឺរ៉ូ សម្រាប់គម្រោងនេះផងដែរ។
នៅក្នុងកិច្ចពិភាក្សាទ្វេភាគី ស្តីពីភាពជាដៃគូកម្ពុជា-បារាំង សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាត, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរចំពោះការគាំទ្រ និងកិច្ចសហការដ៏ខ្ជាប់ខ្ជួនរបស់ AFD ។ ជុំវិញបញ្ហានេះ ក្រសួងផ្តល់អាទិភាពលើសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃក្នុងគ្រួសារ និងក៏ជាកាតាលីករជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសនៅក្នុងទីក្រុង តំបន់ប្រជុំជន ច្រករបៀង សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម និងកសិ-ឧស្សាហកម្មជាដើម។ ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ដៃគូ ដូចជាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហភាពអឺរ៉ុប មានសារៈសំខាន់ណាស់ ខណៈដែលកម្ពុជាកំពុងខិតខំប្រឹងប្រែង សម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ ស្តីពីទឹកស្អាត និងអនាម័យ។
ក្នុងកិច្ចពិភាក្សានេះដែរ, ឯកឧត្តម ប៊ែល លីយេ ក៏បានលើកឡើងភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរបស់ AFD ចំពោះការ អភិវឌ្ឍនៅកម្ពុជា និងបានបញ្ជាក់ថា ការគាំទ្ររបស់បារាំងក្នុងវិស័យទឹកស្អាត មិនត្រឹមផ្តោតលើការផ្តល់ហិរញ្ញប្បទានប៉ុណ្ណោះទេ គោលបំណងធានាថា សេវាទឹកស្អាតត្រូវបានផ្តល់ជូនដល់សហគមន៍ដែលងាយរងគ្រោះ។ ទន្ទឹមនឹងនោះ AFD ក៏បាននិងកំពុងពង្រឹង សមត្ថភាពរបស់រដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។ ទន្ទឹមនឹងនេះដែរ AFD ទើបបានអនុម័តជំនួយឥតសំណងចំនួន ២០ ម៉ឺនអឺរ៉ូ សម្រាប់ការសិក្សាសមិទ្ធិលទ្ធភាពដល់រដ្ឋាករទឹកស្វយ័តសៀមរាប។ ក្រោយការសិក្សាសមិទ្ធិលទ្ធភាពនេះ កិច្ចព្រមព្រៀង ហិរញ្ញប្បទានសម្រាប់គម្រោងដែលមានតម្លៃប្រមាណ ២៥ លានអឺរ៉ូ គ្រោងនឹងចុះហត្ថលេខានៅត្រឹមដំណាច់ឆ្នាំ ២០២៥ ខាងមុខ។
សូមបញ្ជាក់ថា គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងទាំង៣ដំណាក់កាល គ្រោងប្រើប្រាស់ថវិកាសរុបប្រមាណ ៦៦០ លានដុល្លារ សម្រាប់បំពេញតម្រូវការនៃការប្រើប្រាស់ទឹកស្អាត ដែលកំពុងកើនឡើងជាលំដាប់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងនោះសម្រាប់ដំណាក់កាលទី១ និងទី២ ត្រូវបានដាក់ឱ្យដំណើរការ ដោយបង្កើនសមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញរហូត ដល់ជិត ១លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំពោះដំណាក់កាលទី៣, គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២៧ នឹងបន្ថែមសមត្ថភាពផលិត ១៩៥ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ ១,២ លានម៉ែត្រគូប ក្នុងមួយថ្ងៃ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន1 week agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន7 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
កីឡា1 week agoវិសាខា ឬអឹមអូអាយត្រូវនៅ ឬឡើងតំបន់៦ក្រុមលើគេ (Top 6) នឹងសម្រេចថ្ងៃសៅរ៍នេះ
-
ព័ត៌មាន1 week agoក្រុមការងារក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ទំនប់អាងទឹកវិទ្យាស្ថានពហុជំនាញយោធាតេជោសែនក្នុងខេត្តតាកែវ ខណៈសម្រេចការសាងសង់បាន ៩៥%
-
ព័ត៌មាន2 days agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន5 days agoតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីអញ្ជើញសម្ពោធអាគារសិក្សាថ្មី និងចែកសញ្ញាបត្រដល់សមណនិស្សិត-និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន