ព័ត៌មាន
កម្ពុជា និងសហភាពអ៊ឺរ៉ុបបានរួមគ្នារៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន លើកទី១ ដើម្បីឱ្យក្លាយជារបៀបវារៈទៀតទាត់ ថែទាំវិនិយោគិនពីសហភាពអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet ) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា, ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham), តំណាងក្រុមប្រឹក្សាធុរកិច្ចសហភាពអ៊ឺរ៉ុប-អាស៊ាន (EU-ABC), វិស័យឯកជន និងមន្ត្រីជំនាញជាច្រើនរូប។
កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃសហភាពអ៊ឺរ៉ុប ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នាពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអ៊ឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអ៊ឺរ៉ុបផ្សេងទៀតដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ក៏ដូចជាឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន ដែលបានអញ្ជើញចូលរួមកិច្ចសន្ទនានាឱកាសនេះ។ ការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអ៊ឺរ៉ឺប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀតទាត់ ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។ កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអ៊ឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម អ៊ីហ្គ័រ ឌ្រីសមែន្ស បានរំលេចផងដែរអំពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអ៊ឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់វិនិយោគិន។ បន្ថែមពីនេះ ជាការឆ្លើយតបលើការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរដ្ឋទូតបានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី២ ទៅសហភាពអ៊ឺរ៉ុប។ សហភាពអ៊ឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត៕
-
ព័ត៌មាន7 days ago
ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ និងប្រឡាយពង្វាងទឹកស្ទឹងស្លាប់ ក្នុងខេត្តកំពង់ធំ
-
ព័ត៌មាន4 days ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា5 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
កីឡា1 week ago
ក្រុម Top-6 ត្រូវជួបគ្នាក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី១៧ នាចុងសប្ដាហ៍នេះ
-
ព័ត៌មាន7 days ago
ឯកឧត្តម ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំង ប្រទេស លើកទី៣២
-
ព័ត៌មាន6 days ago
ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
-
កីឡា7 days ago
ព្រះខ័នរាជ ចាញ់ប្រៀបភ្នំពេញក្រោន ១ពិន្ទុ ក្រោយយកឈ្នះបឹងកេត ២-០ ខណៈថាយហ្គឺរ ចាញ់ក្នុងដីលើកដំបូង
-
ព័ត៌មាន7 days ago
មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវបង្ក្រាប និងអនុវត្តតឹងរឹងបំផុតលើបញ្ហាក្មេងទំនើង