ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជួបពិភាក្សាការងារជារមួយប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ, នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានមានមតិស្វាគមន៍ និងថ្លែងអំណរគុណដល់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលកន្លងមកតែងតែគាំទ្រក្រសួងសុខាភិបាល ក្នុងការកសាងប្រព័ន្ធថែទាំសុខភាព ដែលមានភាពធន់ និងរឹងមាំនៅកម្ពុជា តាមរយៈការផ្តល់អ្នកជំនាញបច្ចេកទេស និងការផ្តល់ជំនួយហិរញ្ញប្បទាន ក្រោមក្របខណ្ឌជំនួយសហប្រតិបត្តិការបច្ចេកទេស និងហិរញ្ញប្រទានឥតសំណងដល់វិស័យសុខាភិបាល ដូចជាសាងសង់មូលដ្ឋានសុខាភិបាល និងផ្គត់ផ្គង់សម្ភារវេជ្ជសាស្ត្រ នៅតាមមន្ទីរពេទ្យជាច្រើនក្នុងប្រទេសកម្ពុជា ការពង្រឹងសេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើត និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាលជាច្រើន មិនអាចកាត់ថ្លៃបានជាង៣ទសវត្សរ៍កន្លងមក និងបាននឹងកំពុងជួយជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានជម្រាបជូនភាគី JICA អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង និងការពង្រឹងស្ថាប័ន។
ជាកិច្ចឆ្លើយតប លោក សាណុយ កាហ្សូម៉ាស្សា ប្រធានតំណាងការិយាល័យប្រចាំប្រទេសកម្ពុជា បានថ្លែងការកោតសរសើរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបន្ទាប់ពីទទួលបាននូវការទុកចិត្ត ពីរាជរដ្ឋាភិបាលអាណត្តិទី៧ តែងតាំងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ បានគាំទ្រពង្រឹង និងពង្រីកគម្រោងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងក្លា។ លោកប្រធានក៏បានថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបរូបលោក និងសហការីជាពិសេស គឺដើម្បីអនុញ្ញាតជូនលោកវេជ្ជបណ្ឌិត ណូហ្សូគី អ៊ីគូម៉ា ទីប្រឹក្សាគោលនយោបាយ (Health Policy Advisor) បានជម្រាបលាបន្ទាប់ពីបានបំពេញការងារ ជាទីប្រឹក្សាក្រសួងសុខាភិបាលអស់រយៈពេល៤ឆ្នាំ និងទទួលជួបស្វាគមន៍ទីប្រឹក្សាថ្មីដែលមកជំនួសគឺ លោកវេជ្ជបណ្ឌិត យូកូបូរី ព្រមទាំងជួបលោកស្រីវេជ្ជបណ្ឌិត ទីប្រឹក្សាគម្រោងជំងឺមិនឆ្លង (NCD Project)ផងដែរ។
លោកប្រធាន ក៏បានសន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ជប៉ុន លើវិស័យសុខាភិបាល តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរាជដ្ឋាភិបាលជប៉ុន ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ទោះជាក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ ដូចជាបានផ្តល់នូវវ៉ាក់សាំងកូវីដ-១៩ ជូនប្រជាជនកម្ពុជា ផ្តល់រថយន្តគិលានសង្គ្រោះ លើកកម្ពស់គុណភាពសេវាសុខាភិបាល ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍមូលដ្ឋានសុខាភិបាលជាដើម។ នេះសបញ្ជាក់អំពីភាពជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការទ្វេគាគីរបស់ប្រទេសទាំងពីរ ដែលបានការទទួលស្គាល់ពីថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរថា ជាទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន គឺជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ប្រជាជន និងរដ្ឋាភិបាល នៃប្រទេសជប៉ុន ជាពិសេសទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដែលបាននិងកំពុងបន្តពង្រឹកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ជាមួយក្រសួងសុខាភិបាល និងដែលបានបង្ហាញពីការបេ្តជ្ញាចិត្តឥតងាករេបន្តគាំទ្ររួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្លាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ រដ្ឋា

-
កីឡា1 week ago
ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី
-
ព័ត៌មាន1 week ago
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
-
ព័ត៌មាន5 days ago
ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងកងទ័ពចាប់ខ្លួនភ្លាមៗ ក្រោយពួកគេព្យាយាមដឹកកូនត្រីខុសច្បាប់ក្នុងរដូវបិទនេសាទទៅលក់បន្តអោយឈ្មួញ
-
ព័ត៌មាន1 day ago
សភាពការណ៍ជួរមុខតាមបន្ទាត់ព្រំដែនខេត្តព្រះវិហារ ឧត្តរមានជ័យ និងបន្ទាយមានជ័យមានសភាពស្ងប់ស្ងាត់
-
ព័ត៌មាន1 week ago
ករណីគ្រោះថ្នាក់រថភ្លើងដឹកប្រេងក្រឡាប នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង តែមិនបង្ករអោយមានអ្នករបួសនោះទេ
-
ព័ត៌មាន1 week ago
កម្ពុជាបន្តដាស់តឿនឲ្យថៃគោរពឲ្យបានខ្ជាប់ខ្ជួនបទឈប់បាញ់ និងបន្តទាមទារឲ្យដោះលែងទាហានខ្មែរទាំង១៨នាក់
-
ព័ត៌មាន1 week ago
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
-
ព័ត៌មាន4 days ago
កម្ពុជាជឿជាក់កិច្ចប្រជុំថ្នា RBCថ្ងៃនេះ នឹងទទួលបានលទ្ធផលល្អ រហូតដល់គោរពបាន នូវបទឈប់បាញ់ប្រកបដោយប្រសិទ្ធភាព