ព័ត៌មាន
កម្ពុជាត្រូវការអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍ
រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លើកឡើងថា កម្ពុជា កំពុងត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត តាមរយៈរោងចក្រឧស្ម័នធម្មជាតិ ៩០០មេហ្គាវ៉ាត់ ដើម្បីស្ថិរភាពតម្លៃភ្លើង ការអភិវឌ្ឍប្រទេស និងទាក់ទាញការវិនិយោគទុនពីបរទេស។
ការលើកឡើងយ៉ាងដូច្នេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ នៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានបន្តថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់គោលនយោបាយ និងកញ្ចប់ថវិកាជាច្រើនក្នុងគោលបំណងកសាងបណ្តាញអគ្គិសនីឱ្យបានគ្រប់គ្រាន់តាមតម្រូវការទៅអនាគត ពិសេសប្រភពថាមពលដោយផលិតចេញពីការដុតឧស្ម័នធម្មជាតិ។
ឯកឧត្តម កែវ រតនៈ បានចាត់ទុកថា រោងចក្រផលិតអគ្គិសនីដើរដោយឧស្ម័នធម្មជាតិអនុភាព ៩០០មេហ្គាវ៉ាត់ ជាប្រភពអគ្គិសនីធំជាង ហើយក៏ជាប្រវត្តិសាស្រ្តមួយដែលកម្ពុជាទទួលបានដំបូងផងដែរ គ្រារោងចក្រនេះជាខ្នងបង្អែកមួយតភ្ជាប់ទៅកាន់បណ្តាញអគ្គិសនីរបស់ជាតិ បម្រើដល់ការទាក់ទាញការវិនិយោគទុនផ្នែកឧស្សហកម្ម រក្សាលំនឹងថាមពលរដ្ឋ និងឈានដល់ការមិនខ្វះអគ្គិសនីទៅថ្ងៃមុខ។
លោក Thomas Pianka នាយកក្រុមហ៊ុន Royal Group Power Co.,Ltd អះអាងថា រោងចក្រផលិតថាមពលអគ្គិសនីដែលផ្តើមដំណើរការស្ថាបនានេះ ជារោងចក្រអគ្គិសនីចុងក្រោយបង្អស់ និងខ្នាតធំបំផុតរបស់ក្រុមហ៊ុន។ រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិនេះដែរ នឹងបញ្ចូលនូវឧបករណ៍ផលិតថាមពលជំនាន់F-Class ចំនួន២ចុងក្រោយ និងមានប្រសិទ្ធភាពខ្ពស់រួមបញ្ចូលគ្នាឧស្ម័ន-ចំហាយទឹក ដែលមានថាមពលសុទ្ធ៤៥០MW។
លោក Thomas Pianka គូសបញ្ជាក់ទៀតថា អំឡុងពេលសាងសង់រោងចក្របានផ្តល់ការងារចំនួន២៥០០កន្លែង ក្នុងនោះមានកម្មករដែលរស់នៅក្នុងតំបន់ជាច្រើននាក់ ហើយនៅពេលរោងចក្រដំណើរការមានបុគ្គលិកចំនួន៣០០នាក់អនុវត្តការងារនេះ។ បន្ទាប់ពីស្ថាបនារួចរាល់ រោងចក្រនឹងលក់អគ្គិសនីទៅអោយអគ្គិសនីកម្ពុជារៀងរាល់ឆ្នាំ ក្រោមកិច្ចព្រមព្រៀងទិញថាមពលរយៈពេល៣០ឆ្នាំ។
ដោយឡែកលោកជំទាវ មិថុនា ភុថង អភិបាលខេត្តកោះកុង បានស្វាគមន៍ចំពោះការសាងសង់រោងចក្រផលិតអគ្គិសនីឧស្ម័នធម្មជាតិនៅពេលនេះ ដោយលោកជំទាវយល់ថា ថាមពលអគ្គិសនី ជាអាទិភាពគន្លឹះទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ ដោយវិស័យថាមពលមិនត្រឹមតែជាផលិតផលមួយសម្រាប់តែការបំពេញតម្រូវការប្រើប្រាស់របស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាក៏ជាផលិតផលមួយដ៏ចាំបាច់បំផុតជំរុញឱ្យការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់វិស័យកាន់តែរីកចម្រើន។
គួរកត់សម្គាល់ថា ដំបូងឡើយក្រុមហ៊ុន រ៉ូយ៉ាល់គ្រុបគ្រោងសាងសង់រោងចក្រអគ្គិសនី ដុតធ្យូងថ្មអានុភាព ៧០០មេហ្គាវ៉ាត់ និងប្រើទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារអាមេរិក ប៉ុន្តែពេលនេះក្រុមហ៊ុនបានបង្វែរមកសាងសង់រោងចក្រអគ្គិសនីដើរដោយឧស្ម័នធម្មជាតិវិញ៕















-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន3 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ