ព័ត៌មាន
អ្នកជំនាញអប់រំអំពាវនាវយុវជនឱ្យរៀនជំនាញច្បាស់លាស់ ដើម្បីចាប់យកឱកាសការងារសមរម្យ
អ្នកជំនាញផ្នែកអប់រំនៅកម្ពុជា បានលើកទឹកចិត្តសិស្សនិស្សិតឲ្យជ្រើសរើសមុខវិជ្ជាណាមួយដែលខ្លួនពេញចិត្តជាពិសេសជំនាញដែលទីផ្សារការងារមានតម្រូវការខ្ពស់ទៅថ្ងៃអនាគត ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកជំនាញលើគ្រប់វិស័យ ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
លោកស្រី អ៊ូ ព្រំសុធារី នាយិការង នៃវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត (NIB) ក្នុងបទសម្ភាសន៍នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានលើកឡើងថា មូលហេតុដែលជំរុញឲ្យសិស្សនិស្សិតពិចារណាឲ្យបានម៉ត់ចត់ក្នុងការជ្រើសរើសមុខជំនាញមួយដែលច្បាស់លាស់ ដោយសារបារម្ភថា យុវជនមួយចំនួនដែលរៀនជំនាញផ្នែក (ក) ប៉ុន្តែបែរជាធ្វើការជំនាញផ្នែក (ខ) ឬ (គ) ទៅវិញ ដែលអាចប៉ះពាល់ដល់អនាគតរបស់ខ្លួន និងសង្គមជាតិផងដែរ។
លោកស្រីបន្ថែមថា ដើម្បីជៀសវាងការចាប់យកជំនាញខុសទិសដៅ សិស្សនិស្សិតគួរតែឆ្លតពេលស្វែងយល់បន្ថែមអំពីទីផ្សារការងារ តាមរយៈការផ្សព្វផ្សាយព័ត៌មាននានាក្នុងប្រព័ន្ធអ៊ិនធើណិត ឬតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាដើម ដែលតែងតែប្រកាសជាហូរហែរ និងជាច្រើនរាប់ពាន់ម៉ឺនកន្លែងជារៀងរាល់សប្តាហ៍។
កញ្ញា ញ៉ង ម៉ាលីន និងយុវជន អុល បញ្ញា បច្ចុប្បន្នជានិស្សិតឆ្នាំទី៤ រៀនជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ បាននិយាយថា សព្វថ្ងៃនេះទីផ្សារការងារនៅក្នុងស្រុក ពិតជាមានច្រើនណាស់ ពិសេសតាមរយៈការផ្សព្វផ្សាយរបស់ NEA អំពីតម្រូវការកម្លាំងពលកម្មរបស់បណ្តាក្រុមហ៊ុន សហគ្រាសនានា ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួនដើម្បីឆ្លើយតបទីផ្សារការងារដែលកំពុងមានតម្រូវការលើគ្រប់វិស័យ។ យុវជនទាំងនេះបានទទួលស្គាល់ទៀតថា ទាក់ទិនការផ្សព្វផ្សាយអំពីព័ត៌មានទីផ្សារការងារ ក៏មានភាពទូលំទូលាយច្រើនជាងមុនផងដែរ មិនថាតាមរយៈការផ្សព្វផ្សាយដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ិនធើណិតជាដើមដោយឃើញថា ពិតជាផ្តល់ឱកាសកាន់តែច្រើនក្នុងការស្វែងយល់ពីតម្រូវការការងារទាំងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជាតាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។
សូមជម្រាបទៀតថា នៅថ្ងៃទី២៦ និង២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤» នៅអគារពិព័រណ៍កោះពេជ្រ ជាមួយឱកាសការងារចំនួនជាង ៣ម៉ឺនកន្លែង ពីក្រុមហ៊ុន រោងចក្រ និងហគ្រាសចំនួន១៥០៕ អត្ថបទ ឈិត បូរ៉ាវី










-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS7 days agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន