ព័ត៌មាន
អ្នកនាំចេញមានសុទិដ្ឋិយមថា ការនាំចេញផលិតផលស្បែកជើងនឹងមានកំណើនថែមទៀតក្នុងឆ្នាំនេះ
អ្នកនាំចេញផលិតផលស្បែកជើងនៅកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការនាំចេញផលិតផលស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៤នេះ នឹងទទួលកំណើនល្អប្រសើរជាងឆ្នាំ២០២៣បន្ថែមទៀត ខណៈគិតក្នុងរយៈពេល ៩ខែ ឆ្នាំនេះ សម្រេចបានកំណើនប្រមាណជាង ២៣% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងកាលពីសប្តាហ៍កន្លងទៅថា គិតមកដល់ពេលនេះ សមាគមស្បែកជើងកម្ពុជា បានបង្កើតឡើងរយៈពេល ៥ឆ្នាំមកហើយ ដោយមើលឃើញពីការកើនឡើងជាបន្តបន្ទាប់នៃទំនាក់ទំនង និងការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្បែកជើង ដែលជាឧស្សាហកម្មដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា ដែលលេចចេញជាលទ្ធផលជាទីគាប់ប្រសើរនៅក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន។

អ្នកឧកញ៉ា បានឲ្យដឹងទៀតថា សមាគមស្បែកជើង បានអភិវឌ្ឍខ្លួនឥតឈប់ឈរ និងសម្រេចបាននូវភាពរីកចម្រើននានា ជាពិសេសការរួមចំណែកក្នុងវិស័យឧស្សាហកម្មស្បែកជើងនៅកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្ម និងការលើកកម្ពស់ការប្រកួតប្រជែងទីផ្សារ ដោយបង្កើតការងារបានជាង ១៤ម៉ឺនកន្លែង ដែលនេះជាបេសកម្មដ៏សំខាន់សម្រាប់សមាគមមួយនេះ។ លោកបន្ថែមថា គិតចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤ ទំហំនាំចេញសម្រេចបាន ១,២ពាន់លានដុល្លារ។
អ្នកឧកញ៉ា លី ឃុនថៃ បានបញ្ជាក់ថា ប្រសិនបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធទេ នោះ សមាគមស្បែកជើងកម្បុជា ក៏មិនអាចកសាងឲ្យមានភាពរឹងមាំ និងសម្រេចលទ្ធផលដ៏ល្អប្រសើរដូចសព្វថ្ងៃនេះដែរ។

ពាក់ព័ន្ធទីផ្សារនាំចេញនេះដែរ លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា រហូតមកដល់សព្វថ្ងៃនេះ ការធ្វើពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានៅតែមានសកម្មភាពល្អប្រសើរ ជាពិសេសការនាំចេញទំនិញកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន។ ជាក់ស្តែង បើទោះបីជាស្ថិតក្នុងភាពមិនប្រាកដប្រជានៃវិបត្តសកលយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែមានឱកាសក្នុងការអភិវឌ្ឍខ្លួន។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានស្ថិតនៅចំណាត់ថ្នាក់ទី១ ក្នុងឆ្នាំ២០២៤នេះ សម្រាប់ប្រទេសមានកំណើនផលិតផលក្នុងស្រុកខ្លាំង និងថេរ អត្រាអតិផរណាទាប និងកំណើនយ៉ាងឆាប់រហ័សក្នុងវិស័យវិនិយោគផ្ទាល់ពីបរទេស៕
អត្ថបទ ឈិត បូរ៉ាវី




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា