Connect with us

ព័ត៌មាន

ថ្នាក់រៀនបំប៉នត្រៀមប្រឡងចូលថ្នាក់ជាតិ ក្នុងវិស័យសុខាភិបាល ដោយឥតគិតថ្លៃវគ្គទី២ នៅសាកលវិទ្យាល័យចេនឡា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ភ្នំពេញ ៖ កម្មវិធីបើកថ្នាក់រៀនបំប៉នត្រៀមប្រឡងចូលថ្នាក់ជាតិក្នុងវិស័យសុខាភិបាលដោយឥតគិតថ្លៃវគ្គទី២ នៅសាកលវិទ្យាល័យចេនឡា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

​ការវិវត្តន៍ធនធានមនុស្ស គឺជាផ្នែកមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាលពីរធំៗ គឺគោលនយោបាយ “យុទ្ធសាស្ត្រចតុកោណ” និងក្រោយមកគោលនយោបាយថ្មី គឺ “យុទ្ធសាស្ត្របញ្ចកោណ” ដែលបានបង្កើតឡើងដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនៅក្នុងគោលនយោបាយយុទ្ធសាស្ត្រថ្មីនេះ បានផ្ដោតយ៉ាងសំខាន់លើការអភិវឌ្ឍវិស័យសុខាភិបាល និងវិស័យអប់រំដែលផ្ដល់អាទិភាពខ្ពស់ សំដៅជំរុញកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជាថែមទៀតផង។ ការរីកចម្រើនដ៏ឆាប់រហ័សក្នុងការវិវត្តន៍ធនធានមនុស្សទាំងវិស័យឯកជន និងសាធារណៈតម្រូវឱ្យមានយន្តការ ដើម្បីធានាបាននូវការគ្រប់គ្រង និងការថែរក្សាគុណភាព។ ដូច្នេះហើយដើម្បីឆ្លើយតបជាមួយនឹងតម្រូវការ និងធានាបាននូវគុណភាពនោះ រាជរដ្ឋាភិបាលបានតម្រូវឱ្យមានការប្រឡងថ្នាក់ជាតិ ចូលរៀនលើគ្រប់កម្រិត និងគ្រប់ជំនាញទាំងអស់នៅក្នុងវិស័យសុខាភិបាល។ ដើម្បីឆ្លើយតបជាមួយនឹងតម្រូវការខាងលើនេះ រៀងរាល់ការប្រឡងនៅបណ្តាឆ្នាំនីមួយៗ សាកលវិទ្យាល័យចេនឡា បានគោរពតាមគោលការណ៍ណែនាំយ៉ាងម៉ត់ចត់ ជាពិសេសគឺថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យចេនឡា បានរៀបចំក្រុមការងារប្រឡងថ្នាក់ជាតិទាំងផ្ទាល់ និងមិនផ្ទាល់ ដើម្បីរៀបចំសម្របសម្រួលផ្ដល់ព័ត៌មានជាក់លាក់ឱ្យប្អូនៗទាំងអស់គ្នា បានយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីក្នុងការប្រឡង របៀបប្រើប្រាស់ឧបករណ៍សម្ភារៈផ្សេងៗ ដូចជា៖ គ្រឿងអេឡិចត្រូនិច ដែលត្រូវហាមឃាត់ ក៏ដូចជាការស្លៀកសំលៀកបំពាក់ឱ្យបានសមរម្យ របៀបទៅមើលមណ្ឌលប្រឡង ការពិនិត្យមើលឈ្មោះ និងពេលវេលាត្រូវទៅមុនពេលប្រឡង ប្រកបដោយការយកចិត្តទុកដាក់បំផុតពីក្រុមការងាររបស់សាកលវិទ្យាល័យចេនឡា។

ក្នុងកម្មវិធីបើកថ្នាក់រៀនបំប៉នត្រៀមប្រឡងចូលថ្នាក់ជាតិក្នុងវិស័យសុខាភិបាលដោយឥតគិតថ្លៃវគ្គទី២ នៅសាកលវិទ្យាល័យចេនឡា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ប្រារព្ធឡើងនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ី លីម៉ា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យចេនឡា រួមជាមួយនឹងក្រុមការងារបានចូលរួមសំណេះសំណាលជាមួយប្អូនៗរៀនបំប៉នវគ្គទី២ (វគ្គទី៣ នឹងបណ្ដុះបណ្ដាលក្រោយប្រកាសលទ្ធផលបាក់ឌុប) ក្នុងគោលបំណងរួម គឺធ្វើយ៉ាងណាឱ្យប្អូនៗទទួលបាននូវពិន្ទុល្អ និងនិទ្ទេសល្អនាពេលប្រឡងថ្នាក់ជាតិខាងមុខនេះ តាមរយៈចំណុចសំខាន់ៗចំនួន០៧ចំណុចដូចខាងក្រោម៖

១.បង្ហាញអំពីវិធីសាស្ត្របង្កើតគោលដៅរួមក៏ដូចជាផែនការ (កាលវិភាគរៀនសូត្រដើម្បីទទួលបានពិន្ទុប្រឡងជាប់នាពេលខាងមុខនេះ) ក្នុងនោះលោកបណ្ឌិតបានលើកឡើងនូវទ្រឹស្ដីដ៏មានសារៈសំខាន់យកមកពន្យល់ប្អូនៗនោះ គឺទ្រឹស្ដីគោលការណ៍២០/៨០។

២.បង្ហាញឱ្យប្អូនៗយល់កាន់តែច្បាស់អំពីវិធីសាស្ត្ររៀន ពីចំណុចមូលដ្ឋានឱ្យបានច្បាស់លាស់ជាមុនសិន គឺមានន័យថាណែនាំឱ្យប្អូនៗ មានចំណេះដឹងអំពីមូលដ្ឋានគ្រឹះនៃមេរៀនសំខាន់ៗទាំង៣មុខវិជ្ជា ជាមុនសិន។ ដោយសារតែប្អូនៗដែលប្រឡងជាប់ភាគច្រើនមកពីផ្នែកសង្គម និងមួយចំនួនតូចមកពីផ្នែកវិទ្យាសាស្ត្រ ទើប

នាំឱ្យមានចំណុចខ្វះខាតមួយចំនួនរបស់ប្អូនៗត្រូវបំប៉នបន្ថែមពិសេសតែម្តង។ ហេតុនេះហើយទើបលោកបណ្ឌិត អ៊ី លីម៉ា បានឱ្យក្រុមការងារ និងសាស្ត្រាចារ្យដែលមកបង្រៀនត្រៀមនៅសាកលវិទ្យាល័យចេនឡា ត្រូវរៀបចំប្លង់មេរៀនយ៉ាងងាយស្រួល ប៉ុន្តែប្រកបដោយប្រសិទ្ធផល ដើម្បីជួយឱ្យប្អូនៗងាយចាប់បាន ងាយយល់អំពីចំណុចដែលខ្វះខាត។

៣.បង្រៀនឱ្យប្អូនៗចេះកត់ត្រាជាប្រព័ន្ធពោល គឺចេះសង្ខេបមេរៀនខ្លីហើយខ្លឹម ឱ្យចេះការគិតបែបស៊ីជម្រៅ (critical thinking) ឱ្យចេះរំលឹកមេរៀន និងចេះប្រើប៊ិកពណ៌ផ្សេងៗ ដើម្បីងាយស្រួលក្នុងការចំណាំប្រកបដោយគុណភាព។

៤.ណែនាំឱ្យប្អូនៗយល់អំពីពេលវេលាដែលត្រូវចំណាយលើវិញ្ញាសាដែលប្រឡងពីឆ្នាំមុនកន្លងមក ដើម្បីឱ្យប្អូនៗដឹងថានីតិវិធីក្នុងការប្រឡងជំនាញនីមួយៗ មានលក្ខណៈយ៉ាងដូចម្ដេច ហើយត្រូវចំណាយពេលប៉ុន្មានម៉ោងក្នុងការរៀបចំ ការរៀនបន្ថែម ដើម្បីឆ្លើយ ឬបកស្រាយនូវរាល់ចម្លើយនីមួយៗ។

៥.ចំណុចដ៏សំខាន់មួយទៀតនោះគឺលោកបណ្ឌិត បានចង្អុលបង្ហាញនូវវិធីសាស្រ្តល្អៗ ដែលអាចនាំឱ្យពួកគាត់អាចបង្កើតទម្លាប់រៀនដោយខ្លួនឯងប្រកបដោយគុណភាពខ្ពស់។ ទោះបីប្អូនៗមានគ្រូពូកែ ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យចេនឡា និងក្រុមការងារដ៏ចំណានឈរនៅពីក្រោយប្អូនយ៉ាងណាក៏ដោយ ប្រសិនបើប្អូនៗមិនមានការស្វ័យសិក្សាឱ្យបានត្រឹមត្រូវនោះទេ ហើយជាពិសេសមិនបានយល់ដឹងឱ្យស៊ីជម្រៅពីវិធីសាស្រ្តក្នុងការស្វ័យសិក្សា នោះលទ្ធផលនៃការប្រឡងថ្នាក់ជាតិរបស់ប្អូន គឺនឹងមិនទទួលបានជោគជ័យនោះឡើយ។

៦.សាកលវិទ្យាល័យចេនឡា នឹងរៀបចំក្រុមការងារជួយពន្យល់ណែនាំឱ្យប្អូនៗស្វែងយល់អំពីអាហារូបត្ថម្ភផងដែរ ដោយដាក់បញ្ចូលក្នុងកម្មវិធីសិក្សា និងរៀបចំកាលវិភាគសិក្សារយៈពេល២ម៉ោង រៀងរាល់សប្តាហ៍អំពីអាហារូបត្ថម្ភ (ការរៀបចំទទួលទានអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវក្នុងពេលកំឡុងត្រៀមប្រឡងចូលថ្នាក់ជាតិ)។

៧.ចំណុចដ៏ពិសេសមួយទៀត គឺនៅក្នុងឆ្នាំនេះ នឹងមានអ្នកបង្រៀនដ៏ជំនាញ ដល់ប្អូនៗទាក់ទងពីការប្រើប្រាស់ AI ដើម្បីធ្វើយ៉ាងណាឱ្យ AI ជួយគាំទ្រដល់ប្អូនៗ ក្រៅពីការអនុវត្តតាមនូវ ០៦ចំណុចខាងលើ គឺឱ្យប្អូនៗអាចប្រើប្រាស់ AI ឱ្យជួយសម្រួលនៅក្នុងការសង្ខេបមេរៀនក៏ដូចជាជំនួយក្នុងការធ្វើតេស្តរំលឹកមេរៀនផងដែរ ដើម្បីឱ្យគុណភាពនៃការប្រឡងរបស់ប្អូនទទួលបានលទ្ធផលកម្រិតខ្ពស់។

ជាចុងក្រោយលោកបណ្ឌិត អ៊ី លីម៉ា សូមគោរពថ្លែងអំណរគុណដល់លោក លោកស្រី រួមទាំងអាណាព្យាបាលទាំងអស់ពីចម្ងាយ ដែលបានផ្ដល់ទំនុកចិត្តខ្ពស់ផ្ញើបុត្រធីតាជាទីស្រឡាញ់ ឱ្យមកចុះឈ្មោះចូលរៀនយ៉ាងច្រើននៅសាកលវិទ្យាល័យចេនឡា។ ជាពិសេសក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយក នាយិកា សាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តបង្រៀនប្អូនៗនៅតាមវិទ្យាល័យ និងបានយកចិត្តទុកដាក់ជួយផ្សព្វផ្សាយព័ត៌មានពិតរបស់សាកលវិទ្យាល័យចេនឡា។ ឆ្លៀតនាឱកាសនេះ យើងក៏សូមគោរពថ្លែងអំណរគុណម្ដងហើយម្ដងទៀត ថែមទាំងសូមសន្យាថានឹងចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែល្អ និងប្រកបដោយគុណភាពបន្ថែមទៀត។ លើសពីនេះទៅទៀត នៅពេលប្អូនៗបញ្ចប់ការសិក្សា ប្អូនៗអាចមានលទ្ធភាព និងឱកាសធ្វើការ ១០០% នៅក្នុងប្រទេស និងក្រៅប្រទេសក៏ដូចជាបន្តការសិក្សា រហូតទៅដល់ថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅក្រៅប្រទេសថែមទៀតផង។

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia