ព័ត៌មាន
ការចុះចូលរបស់ ហៃ វណ្ណា ជាសញ្ញារលាយកម្លាំងប្រឆាំងនៅក្រៅស្រុករបស់ក្រុមប្រឆាំងជ្រុលនិយម
(ភ្នំពេញ)៖ ការចុះចូលរបស់ហៃ វណ្ណាជាមួយគណបក្សប្រជាជនកម្ពុជា គឺជាសញ្ញារលាយកម្លាំងប្រឆាំងនៅបរទេសរបស់មេដឹកនាំជ្រុលនិយមសម រង្ស៊ី ខណៈដែលចរន្តផ្តាច់ខ្លួនពីអតីតបក្សប្រឆាំងនៅក្រៅប្រទេស កាន់តែកើនឡើងដូចទឹកបាក់ទំនប់ ដោយសារតែភាពអស់សង្ឃឹមនឹងជោគវាសនារបស់ជនក្បត់ជាតិបីជំនាន់។
លោក ថុង ម៉េងដាវីត អ្នកវិភាគភូមិសាស្រ្តនយោបាយ និងសន្តិសុខបានថ្លែងថា បក្សប្រឆាំងនៅក្រៅប្រទេសអស់មនុស្សដែលមានសក្ដានុពលខាងមួលបង្កាច់ លាបព័ណ៌ និងញុះញង់ដូចជាហៃ វណ្ណាទៀតហើយ ដោយសារតែភាពអស់សង្ឃឹម និងគ្មានឃើញពន្លឺជោគជ័យនៅពេលខាងមុខទាល់តែសោះ។
លោកបានសង្កេតឃើញថា៖«ករណីហៃ វណ្ណា ចុះចូលជាមួយ CPP នេះ ជាឧទារហ៍បញ្ជាក់យ៉ាងច្បាស់ គឺបក្សប្រឆាំង ឬចលនាប្រឆាំងនៅក្រៅប្រទេស គឺងើបមុខលែងរួមហើយ ហើយក្រៅពីហៃ វណ្ណានេះ គឺគ្មានអ្នកខ្លាំងដូចគាត់ទេ អ៊ឺចឹងវាសញ្ញារលាយកម្លាំងប្រឆាំងនៅបរទេសយ៉ាងពិតប្រាកដ»។
អ្នកវិភាគរូបនេះបន្តថា នយោបាយចុងក្រោយរបស់អតីតបក្សប្រឆាំងនៅក្រៅស្រុក គ្មានឥទ្ធិពល ហើយក៏លែងាជ្រើសរបស់ប្រជាពលរដ្ឋដែរ ខណៈដែលធ្វើបាតុកម្មនៅសហរដ្ឋអាមេរិក ជប៉ុន និងប្រទេសកូរ៉េខាងត្បូង គឺគ្រាន់តែជាការកំដរភាពរីកចម្រើនរបស់ប្រទេសជាតិតែប៉ុណ្ណោះ។
លើសពីនេះលោក ម៉េងដាវីត បន្ថែមថា៖«យើងពិនិត្យមើលទៅ គឺជើងក្រោមរបស់គណបក្សប្រឆាំងនៅក្រៅប្រទេសកំពុងរង្គោះរង្គើខ្លាំង ដោយចរន្តផ្តាច់ខ្លួនពីបក្សប្រឆាំងកាន់តែកើនឡើងដូចទឹកបាក់ទំនប់ ព្រោះតែអស់សង្ឃឹមនឹងជោគវាសនាបក្សប្រឆាំងដែលចេះតែបែកបាក់គ្នា និងគ្មានគោលនយោបាយច្បាស់លាស់»។
ចំណែកលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់លើការដើរតាមនយោបាយខ្មៅងងិតរបស់អតីតគណបក្សប្រឆាំង ឬដើរតាមមេដឹកនាំជ្រុលនិយមក្រៅប្រទេស ធ្វើឱ្យបានខាតបង់ពេលវេលារបស់ខ្លួន រីងរៃខ្លួនប្រាណ និងគ្មានឱកាសបញ្ចេញសមត្ថភាពរបស់ខ្លួន ដែលផ្ទុយពីអ្នកដែលបានចុះចូលជាមួយបក្សកាន់អំណាច អាចធ្វើឱ្យពួកគេមានឱកាសយ៉ាងច្រើនក្នុងការអភិវឌ្ឍន៍ខ្លួនឯង និងមានអនាគតដ៏ត្រចាស់ត្រចង់។
លោកបណ្ឌិតគាំទ្រការសម្រេចចិត្តរបស់លោក ហៃ វណ្ណា ដែលបានភ្ជាក់ខ្លួនទាន់ពេលវេលា ហើយមិនទុកឱកាសចោលដោយគ្មានលទ្ធផលជាផ្លែផ្កា ព្រោះមានតែបក្សកាន់អំណាចមួយប៉ុណ្ណោះ ដែលតែងតែផ្ដល់ឱកាសដល់យុវជនគ្រប់គ្នា និងប្រគៀកស្មាជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកបណ្ឌិតយល់ឃើញថា៖«ការចុះចូលរបស់ហៃ វណ្ណា មិនមែនជារឿងចម្លែកអ្វីទេសម្រាប់សង្គមនយោបាយប្រជាធិបតេយ្យនៅកម្ពុជា ព្រោះវាកើតឡើងជាបន្តបន្ទាប់ ហើយច្រើននាក់ ច្រើនគ្នាកន្លងមកនេះដែលប្រឆាំងយ៉ាងដាច់អហង្ការជាងហៃ វណ្ណា ក៏មានច្រើនដែរ ប៉ុន្ដែពួកគេម្នាក់ៗមានអនាគតល្អ និងឱកាសច្រើន ក្រោយពីចុះចូលជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា»។
ជាក់ស្ដែងកាលពីថ្ងៃទី ១៨ ខែតុលាឆ្នាំ២០២៤នេះ លោក ហៃ វណ្ណ អតីតសកម្មជនគណបក្សប្រឆាំងប្រចាំនៅប្រទេសជប៉ុនបាននិយាយនៅក្នុងវីឌីអូខ្លីមួយប្រហែល ២នាទី សារភាពកំហុសឆ្លងដែលបានបំផុសបំផុលប៉ុនប៉ងបង្កចលាចលក្នុងប្រទេសពាក់ព័ន្ធកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV-DTA កាលពីថ្ងៃទី ១៨ សីហាកន្លងមក។
លោកបាននិយាយថា៖«ខ្ញុំសូមប្រកាសផ្ដាច់ខ្លួនពីទណ្ឌិត សម រង្ស៊ី ហើយខ្ញុំសូមយកចំណេះដឹង និងជំនាញរបស់ខ្ញុំទៅបម្រើប្រទេសជាតិវិញ ដូច្នេះសូមសម្ដេចអនុគ្រោះឱ្យខ្ញុំ ហើយឱ្យខ្ញុំបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំសូមអំពាវនាវដល់បងប្អូន កុំធ្វើនយោបាយបែបជ្រុលនិយមបន្ដទៀត ដើម្បីកុំឱ្យប្រទេសជាតិមានវិបត្តិដូចពីកាលពីអតីតកាល»។
ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ហៃ វណ្ណា ដែលបានសុំអភ័យទោសចំពោះការខុសឆ្គងរបស់ខ្លួនកាលពីថ្ងៃ១៨ សីហា ២០២៤ និងបានប្រកាសផ្តាច់ខ្លួនចេញពីក្រុមប្រឆាំងជ្រុលនិយម មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងនាំយកចំណេះដឹង ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យរីកចម្រើនថែមទៀត៕



-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា