ព័ត៌មាន
កម្ពុជាគ្រោងបញ្ជូនយុវជនទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាននៅប្រទេសហ្វីលីពីន នាឆ្នាំក្រោយ
ខណៈការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ បានកំពុងដំណើរការយ៉ាងរលូន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ចំពោះបេក្ខជនដែលជាប់ចំណាត់ថ្នាក់ នឹងត្រូវជ្រើសរើសតំណាងឲ្យកម្ពុជា ចេញទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន នៅប្រទេសហ្វីលីពីន នាឆ្នាំ២០២៥ និងអន្តរជាតិផ្សេងៗនាពេលខាងមុខ។

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី នៅរសៀលថ្ងៃទី២៤ ខែតុលានេះថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ មានបេក្ខជនសរុបចំនួន ៩៣រូប មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួតប្រជែងលើជំនាញ៖ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការូ, ជំនាញម៉ា៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo)។
ឯកឧត្តម បានបន្តថា តាមរយៈកម្មវិធីនេះ នឹងជំរុញយ៉ាងណាឲ្យសិស្សនិស្សិតក្លាយជាម្ចាស់ជ័យលាភី ដែលមានទេពកោសល្យ និងសមត្ថភាពខ្ពស់ ដើម្បីជាបេក្ខជនតំណាងប្រទេសកម្ពុជាទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន និងអន្តរជាតិផ្សេងៗនាពេលខាងមុខ ដើម្បីជាកិត្តិយសខ្លួនឯង គ្រួសារ និងប្រទេសជាតិទាំងមូល។
យុវជន ទី មានវិឡា មានស្រុកកំណើតមកពីខេត្តតាកែវ បច្ចុប្បន្នជានិស្សិតឆ្នាំទី១ ជំនាញផ្នែកថែទាំអគារ នៃវិទ្យាស្ថាន ប៉េអេសអឺ (PSE) ដែលបានចូលរួមប្រកួតប្រជែងកម្មវិធីថ្នាក់ជាតិនេះ បានលើកឡើងថា កម្មវិធីប្រកួតប្រជែងនេះ ពិតជាល្អនិងមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់យុវជនដែលកំពុងសិក្សាជំនាញ ដើម្បីអាចបញ្ចេញសមត្ថភាពដែលបានខិតខំសិក្សានាពេលកន្លងមក។
ស្រដៀងគ្នានេះ យុវជន នន់ វិជ្ជា និស្សិតឆ្នាំ៤ ជំនាញផ្នែកតបណ្តាញអគ្គិសនី នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការប្រកួតប្រជែងនេះ គឺមានសង្ឃឹមរហូត ៨០% ដោយសារជាជំនាញដែលគាត់ស្រលាញ់ ពេញចិត្ត និងអាចធ្វើបានច្រើនក្នុងអំឡុងពេលប្រឡង។
កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ។ ការប្រកួតប្រជែងជំនាញនេះ ធ្វើឡើងជារៀងរាល់ពីរឆ្នាំម្តង ដែលជាព្រឹត្តិការណ៍សម្រាប់សិស្ស និស្សិតឆ្នើម និងអ្នកជំនាញវ័យក្មេងមកពីបណ្តាសហគ្រាសគ្រឹះស្ថាន ដើម្បីបង្ហាញពីទេពកោសល្យ ភាពច្នៃប្រឌិត និងចំណង់ចំណូលចិត្តក្នុងអាជីពរៀងៗខ្លួន។ សូមជម្រាបជូនទៀតថា សម្រាប់បេក្ខជន ដែលជាប់ចំណាត់ថ្នាក់ទទួលបានមេដាយ នឹងត្រូវទទួលបានរង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួលបានប្រាក់រង្វាន់ចំនួន ៣លានរៀល, មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់ ១លានរៀល៕ អត្ថបទ ឈិត បូរ៉ា













-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា