ព័ត៌មាន
បេក្ខជនជាប់បាក់ឌុប និងនិទ្ទេសAឆ្នាំនេះច្រើនជាងឆ្នាំមុន ខណៈសិស្ស ៧០% ជ្រើសរើសថ្នាក់សង្គម
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសលទ្ធផលបាក់ឌុបជារួម ដោយបង្ហាញថា សិស្សចំនួន ៧៩ភាគរយ បានប្រឡងជាប់ជាស្ថាពរ និងមានសិស្សជាប់និទ្ទេស A ចំនួន ២ ២១៦នាក់។ ចំនួនសិស្សជាប់បាក់ឌុបនៅឆ្នាំនេះ មានចំនួនច្រើនជាងឆ្នាំមុន ហើយក៏មានអ្នកជាប់និទ្ទេស A ច្រើនជាងមុនផងដែរ។ នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៨ តុលា ឆ្នាំ ២០២៤។ លទ្ធផលបង្ហាញថា សិស្សបេក្ខជនចំនួន ១០៦ ៣៥១នាក់ បានប្រឡងជាប់ជាស្ថាពរ គិតជាភាគរយគឺស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡង។ ក្នុងចំណោមសិស្សដែលបានប្រឡងជាប់នេះ សិស្សជាប់និទ្ទេស A មានចំនួន ២ ២១៦នាក់ និទ្ទេស B ចំនួន ៩ ៧០១នាក់ និទ្ទេស C ចំនួន ២២ ៦៧៥នាក់ និទ្ទេស D ចំនួន ៣៦ ៦៨៣នាក់ និងសិស្សជាប់និទ្ទេស E មានចំនួន ៣៥ ០៧៦នាក់។
លទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ ជាលទ្ធផលល្អប្រសើរ ដែលមានសិស្សប្រឡងជាប់មានចំនួនច្រើនជាងឆ្នាំមុន។ នេះជាការលើកឡើងរបស់ លោកស្ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។ លោកស្រីលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំមុន មានអ្នកជាប់ត្រឹមតែ ៧២ ភាគរយប៉ុណ្ណោះ រីឯឆ្នាំនេះ គឺមានអ្នកជាប់រហូតដល់ ៧៩ភាគរយ។ ចំពោះសិស្សជាប់និទ្ទេស A ក៏មានច្រើនជាង ការប្រឡងបាក់ឌុបឆ្នាំមុនផងដែរ។

រសៀលថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០២៤នេះ ជាការប្រកាសលទ្ធផលសម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល។ សិស្សក៏ដូចជាអាណាព្យាបាលមួយចំនួន ក៏បានទៅរង់ចាំស្ដាប់លទ្ធផល នៅតាមមណ្ឌលប្រឡងនីមួយៗផងដែរ។ សិស្សដែលបានប្រឡងជាប់ ក៏ដូចជាអាណាព្បាបាល ដែលបានមកជាមួយ លើកឡើងពីភាពសប្បាយរីករាយ ដោយភ្ជាប់ជាមួយ ការដឹងគុណដល់លោកគ្រូ អ្នកគ្រូ និងគោលដៅសិក្សាបន្តយ៉ាងច្បាស់លាស់ផងដែរ។
គួររម្លឹកឱ្យដឹងដែរថា សម្រាប់ការប្រឡងនៅក្នុងឆ្នាំសិក្សានេះ មានបេក្ខជនប្រឡងសរុបទាំងសិស្សថ្នាក់វិទ្យាសាស្ត្រ និងសិស្សសង្គម មានចំនួន ១៣៧ ០៤០នាក់។ ភាគច្រើនរហូតដល់ ៧០ភាគរយ ជាសិស្សដែលបានជ្រើសរើសថ្នាក់សង្គម រីឯសិស្សថ្នាក់វិទ្យាសាស្ត្រមានចំនួនប្រមាណ ៣០ភាគរយប៉ុណ្ណោះ។
ការប្រឡងទាំងពីរថ្ងៃកន្លងទៅ បេក្ខជនអវត្តមានសរុប មានចំនួន២.៤០៦នាក់ ក្នុងចំណោមបេក្ខជនសរុប១៣៧.០៤០នាក់។ ចំនួនសិស្សអវត្តមាន គិតជាភាគរយ គឺស្មើនឹង ១,៧៦% នៃបេក្ខជនសរុប។ ភាគច្រើននៃសិស្សដែលអវត្តមាន គឺ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) ដែលមានចំនួនរហូតដល់ ១.៩៩០នាក់៕ អត្ថបទ៖ គឹមហុក

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»