ព័ត៌មាន
អ្នកនាំពាក្យក្រសួងអប់រំ៖ សិស្សជាប់បាក់ឌុបច្រើន ដោយសារកត្តាសិស្ស គ្រូ និងការធ្វើកំណែទម្រង់
លទ្ធផលប្រឡងបាក់ឌុប ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញថាសិស្សប្រឡងជាប់បាក់ឌុប មានចំនួនរហូតដល់ ១០៦ ៣៥១នាក់ ស្មើនឹង ៧៩ភាគរយ នៃចំនួនបេក្ខជនចូលរួមប្រឡង។ ចំនួនសិស្សជាប់យ៉ាងច្រើននេះ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ថា ភាពជោគជ័យនេះ បានដោយសារការប្រឹងប្រឹងរបស់សិស្ស ការប្រឹងប្រែងគ្រូបង្រៀន គណៈគ្រប់គ្រងសាលា និងកត្តាកំណែទម្រង់ចាប់ពីថ្នាក់ក្រសួង រហូតដល់កំណែទម្រង់តាមសាលារៀន។

ការប្រឡងបាក់ឌុប ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ បានបង្ហាញ នូវលទ្ធផលយ៉ាងគាប់ប្រសើរ ដែលមានចំនួនសិស្សជាប់រហូតដល់ ៧៩ភាគរយ។ ចំនួនសិស្សជាប់ក្នុងឆ្នាំនេះ ជាចំនួនកើនឡើងបើធៀបនឹងការប្រឡងបាក់ឌុប កាលពីឆ្នាំមុន។ សិស្សជាប់បាក់ឌុប ក្នុងឆ្នាំសិក្សា ២០២៣ កន្លងទៅមានត្រឹមតែ ៧២ភាគរយប៉ុណ្ណោះ។
សម្រាប់លទ្ធផលជាប់បាក់ឌុបច្រើនក្នុងឆ្នាំសិក្សានេះ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនូវកត្តាសំខាន់ចំនួន ៣ដែល រុញច្រានលទ្ធផលប្រឡងបាក់ឌុបមានភាពប្រសើរដូចនេះ។ កត្តាសំខាន់ដំបូង គឺជាការប្រឹងប្រែងរបស់សិស្ស គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ដែលបង្រៀនកូនសិស្សដោយផ្ទាល់។

អ្នកនាំពាក្យក្រសួងអប់រំ លើកឡើងនូវកត្តាសំខាន់មួយទៀត គឺការធ្វើកំណែទម្រង់ ដែលចាប់រាប់ពីការធ្វើកំណែទម្រង់នៅថ្នាក់ក្រសួង រហូតដល់ការធ្វើកំណែទម្រង់នៅកម្រិតសាលារៀន។ លោកស្រីអ្នកនាំពាក្យបញ្ជាក់ថា កត្តាសំខាន់ទាំងនេះហើយ ដែលបានរុញច្រាននូវលទ្ធផលប្រឡងបាក់ឌុប ទៅកាន់ភាពប្រសើរបែបនេះ។
គួរឱ្យចាប់អារម្មណ៍ផងដែរ សម្រាប់សិស្សដែលដឹងលទ្ធផលបាក់ឌុបភ្លាមៗ បានបង្ហាញនូវក្ដីរីករាយ ដោយភ្ជាប់ជាមួយគោលដៅច្បាស់លាស់ ក្នុងការសិក្សាមុខជំនាញបន្ត។

គួររំលេចឱ្យដឹងដែរថា បច្ចុប្បន្ននេះសិស្សភាគច្រើនជ្រើសរើសថ្នាក់សង្គម។ ចំនួនសិស្សតិចតួចប៉ុណ្ណោះ ជ្រើសរើសមុខវិជ្ជាវិទ្យាសាស្ត្រ។ ជាក់ស្ដែងសម្រាប់ការប្រឡងបាក់ឌុបនៅក្នុងឆ្នាំសិក្សានេះ សិស្សជ្រើសរើសថ្នាក់វិទ្យាសាស្ត្រមានចំនួនត្រឹមតែប្រមាណ ៣០ភាគរយប៉ុណ្ណោះ រីឯសិស្សជ្រើសរើសថ្នាក់សង្គមមានរហូតដល់ប្រមាណ ៧០ភាគរយ៕ អត្ថបទ៖ គឹមហុក

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»