ព័ត៌មាន
ក្រុមប្រឹក្សាជាតិគាំពារសង្គម ដាក់ដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប
ក្រុមប្រឹក្សាជាតិគាំពារសង្គម បានដាក់ដំណើរការមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថលក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប។ កម្មវិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ប៉ែន សុបភា ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម រួមទាំង តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, តំណាងថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត, និងដៃគូអភិវឌ្ឍន៍នានា។
ការដាក់ឱ្យដំណើរការ “មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពាសង្គម និងថ្នាលគាំពារសង្គមឌីជីថល ក្នុងខេត្តកំពង់ចាម និងខេត្តសៀមរាប” នៅពេលនេះជាបង្គោលចរណ៍មួយដ៏សំខាន់នៃដំណើរបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ដើម្បីផ្ដល់ភាពងាយស្រួលដល់រដ្ឋបាល/ឃុំសង្កាត់ និងដើម្បីធ្វើឱ្យការបើកផ្ដល់អត្ថប្រយោជន៍គាំពារសង្គមដល់ពលរដ្ឋគោលដៅ បានទាន់ពេល និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ២០២៤-២០២៨ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជា ជាពិសេសអនុត្រឹត្យស្ដីពីការធ្វើសុខដុម-នីយកម្មប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យគាំពារសង្គម។
ថ្នាលគាំពារសង្គមឌីជីថល ជាថ្នាលឌីជីថលរួម ដែលមានលក្ខណៈសមាហរ័ណ និងត្រូវបានអភិវឌ្ឍ សម្រាប់ធ្វើអន្តរប្រតិបត្តិការក្នុងការចុះបញ្ជី និងផ្ទៀងអត្តសញ្ញាណប្រជាជនគោលដៅ និងអត្ថគាហកក្នុងប្រព័ន្ធគាំពារសង្គម ជាមួយនឹងមុខងារសំខាន់ៗ ដូចជាការចុះបញ្ជីអត្តសញ្ញាណរួម, ការចុះបញ្ជីទៅក្នុងកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម, ផ្ទៀងអត្តសញ្ញាណ និងសិទ្ធិនៃប្រជាជនគោលដៅ និងអត្ថគាហក, ធ្វើយថាភូតកម្មដោយប្រើប្រាស់ទិន្នន័យជីវមាត្រ, និងមុខងារពិនិត្យ និងតាមដានទិន្នន័យស្ទួន ដោយធ្វើអន្តរប្រតិបត្តិការជាមួយប្រព័ន្ធចុះបញ្ជីនីមួយៗ របស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ។
មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម ជាមូលដ្ឋានផ្លាស់ប្ដូរទិន្នន័យចុះបញ្ជីគោលមួយដែលមានតួនាទី ក្នុងការបើកគន្លងអន្តរប្រតិបត្តិការ រវាងមូលដ្ឋានទិន្នន័យរបស់ប្រតិបត្តិករជំនួយសង្គម និងសន្តិសុខសង្គមទាំងអស់ ដែលអនុញ្ញាតឱ្យមានការធ្វើសមកាលកម្ម, បច្ចុប្បន្នកម្ម, និងផ្លាស់ប្តូរទិន្នន័យជាប្រព័ន្ធអេកូឡូស៊ីរួម ដោយរួមបញ្ចូលនូវទិន្នន័យប្រជាសាស្ត្រ, ជីវមាត្រ, និងស្ថានភាពសង្គម-សេដ្ឋកិច្ច។ មុខងារទិន្នន័យចុះបញ្ជីគាំពារសង្គមនេះ ផ្តល់នូវលេខសម្គាល់គាំពារសង្គមតែមួយគត់ចំនួន ១០ខ្ទង់ ដោយស្វ័យប្រវត្តិសម្រាប់ទិន្នន័យអត្តសញ្ញាណនីមួយៗ។
ជាមួយនឹងការដាក់ឲ្យដំណើរការនេះ លោកជំទាវ ប៉ែន សុបភា ជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ការដាក់ឱ្យដំណើរការ នៅពេលនេះ ជាការបោះជំហានថ្មីមួយដ៏សំខាន់ក្នុងដំណើរនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គម ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ និងជាបន្តបន្ទាប់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងដោយមានការចូលរួមសហការអនុវត្ត ប្រកបដោយស្មារតីបុរេសកម្មរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, និងគ្រប់តួអង្គពាក់ព័ន្ធ។
លោកជំទាវ បានបន្តថា ជាមួយនឹងវឌ្ឍនភាពនេះ កម្ពុជានឹងមានមូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គមមួយ ដែលមានសមត្ថភាពគ្រប់គ្រងសភាពការណ៍ទល់នឹងវិបត្តិនានាបានយ៉ាងល្អប្រសើរ និងកាត់បន្ថយកម្មវិបាកអវិជ្ជមានឱ្យនៅក្នុងកម្រិតអាចគ្រប់គ្រងបាន តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចាំបាច់នានា ប្រកបដោយជោគជ័យ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពខ្ពស់។ ទន្ទឹមនេះ, កិច្ចការ បរិវត្តកម្មឌីជីថលក្នុងប្រព័ន្ធគាំពារសង្គមក៏បាន និងកំពុងរួមំណែកគាំទ្រយ៉ាងសំខាន់ ដល់ការអនុវត្តកម្មវិធីជាតិជំនួយសង្គម និងរបបសន្តិសុខសង្គម នានាប្រកបដោយបរិយាបន្ន, តម្លាភាព, ប្រសិទ្ធភាព, ស្វ័យប្រវត្តិកម្ម, និងទាន់ពេល។
ភ្ជាប់ជាមួយសមិទ្ធផលនេះ, លោកជំទាវ ក៏បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ ដល់ក្រសួង-ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តគោលនយោបាយជាតិគាំពារសង្គម ឱ្យបន្តចលនាការនៃកិច្ចសហការចូលរួមប្រើប្រាស់ មូលដ្ឋានទិន្នន័យចុះបញ្ជីគាំពារសង្គម និងថ្នាលគាំពារសង្គមឌីជីថល ដើម្បីបម្រើដល់ការចុះបញ្ជី និងកាត់បន្ថយបន្ទុក និងសម្ពាធរបស់មន្ត្រីមូលដ្ឋានថ្នាក់ក្រោមជាតិ ដែលជាអ្នកអនុវត្តជាមួយនឹងឌីជីថលូបនីយកម្មពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាព និងពង្រីកវិសាលភាពបន្ថែម ជាជំហានៗ។








-
ព័ត៌មាន5 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
កីឡា1 week agoកម្ពុជាត្រៀមកីឡាប្រមាណ ៣១ប្រភេទ ចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៤ នៅម៉ាឡេស៊ី
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
កីឡា1 week agoកម្ពុជានឹងបញ្ជូនអត្តពលិក ៣២នាក់ចូលរួមការប្រកួតតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី ១១ ឆ្នាំ២០២៦ នៅម៉ុងហ្គោលី
-
ព័ត៌មាន6 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន6 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន