ព័ត៌មាន
ក្រសួងមុខងារសាធារណៈសហការជាមួយក្រសួងការងារ រៀបចំសិក្ខាសាលា ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាស្តីពី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិលនៅក្នុងក្រសួង បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាបានកាន់តែល្អប្រសើរ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ក្នុងអង្គសិក្ខាសាលានាថ្ងៃនេះ នឹងទទួលបាននូវបទពិសោធ និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមូលដ្ឋានក្នុងការអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន គឺជាកិច្ចការដ៏មានសារៈសំខាន់មួយនៅក្នុងការលើកកម្ពស់ដំណើរការនៃក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពក្នុងក្របខ័ណ្ឌនៃការបំពេញមុខងារ និងបេសកកម្មរបស់ខ្លួន សំដៅឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងក្នុងប្រសាសន៍បិទសិក្ខាសាលានេះថា ក្នុងនាមជាលេខាធិការដ្ឋាននៃ គ.វ.រ. ក្រសួងមុខងារសាធារណៈ បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តសហការការងារលើការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ និងការដ្ឋានការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។ បន្ថែមលើនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ភាពជោគជ័យនៃការវិភាគមុខងារក្រសួង ស្ថាប័ន នឹងក្លាយទៅជាមូលដ្ឋានដ៏សំខាន់នៃការពង្រឹងភាពធន់ និងភាពច្បាស់លាស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ក្រសួង ស្ថាប័ន ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដំណាក់កាលបន្តបន្ទាប់ ឱ្យបានជោគជ័យឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ការវិភាគមុខងារជាជំហានដ៏សំខាន់ ដើម្បីគាំទ្រដល់ការអនុវត្តការងាររបស់ក្រសួង ស្ថាប័ន ឱ្យមានសុពលភាព និងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលក្រសួង ស្ថាប័ន បាន និងកំពុងជួបប្រទះកន្លងមក។

សមជម្រាផងដែរថា សិក្ខាសាលានេះ រៀបចំឡើងដោយមានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈចំនួនពីរ រួមមាន៖ (១) ការបង្ហាញវឌ្ឍនភាពការងារបឋម នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការរៀបចំ និងការអនុវត្តការងាររួមគ្នា ក្នុងក្របខ័ណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕





-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ