ព័ត៌មាន
ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ជាឱកាសផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេស
ភ្នំពេញ ៖ ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា ក្នុងរយៈពេល២ថ្ងៃ ដែលរៀបចំឡើងនៅរាជធានីភ្នំពេញ ត្រូវបានមើលឃើញថា ជាវេទិកាដ៏សំខាន់មួយក្នុងការបង្កើតបណ្តាញទំនាក់ទំនង រវាងអ្នកផលិតនៅកម្ពុជា ជាមួយអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតផលវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់ និងសិប្បកម្មធ្វើដោយដៃ។
ក្នុងពិធីបើកកិច្ចប្រជុំពិភាក្សា ស្តីពីនិរន្តភារពនៃប្រភព និងផលិតកម្មក្នុងឧស្សាហកម្មវាយនភណ្ឌ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកានេះ ឯកឧត្តម ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថា ដោយសារប្រទេសកម្ពុជារក្សាបាននូវសុខសន្តិភាព រក្សាកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម ទើបជំរុញឲ្យទំនាក់ទំនងកាទូតរវាងប្រទេសកម្ពុជា និងបណ្តាប្រទេសទូទាំងសាកលលោក ជាពិសេសជាមួយចក្រភពអង់គ្លេស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ដែលមិត្តភាពដ៏រឹងមាំនេះត្រូវបានថែរក្សាតាមរយៈកិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងពីការគាំទ្រ និងចាត់ទុកកម្មវិធីពិព័រណ៍អន្តរជាតិកម្ពុជានេះថា ជាសក្ខីកម្មនៃភាពអត់ធ្មត់ ភាពរឹងមាំ និងជាការបោះជំហានទៅមុខមួយជំហានទៀតរបស់កម្ពុជា ដើម្បីឆ្ពោះទៅកាន់ភាពរីកចម្រើននៅលើឆាកអន្តរជាតិនៃវិស័យវាយនភណ្ឌ ស្បែកជើង សម្លៀកបំពាក់។ ឯកឧត្តមបានបន្ថែមថា វិស័យទាំងអស់នេះ ក៏ជាអាទិភាពរបស់កម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិផងដែរ។
ក្រុមអាជីវករ ដែលចូលរួមតាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះ បានបង្ហាញអារម្មណ៍រំភើបសប្បាយរីករាយ និងលើកឡើងថា កម្មវិធីនេះពិតជាបាននាំមកនូវអត្ថប្រយោជន៍ជាច្រើន ក្រៅពីការតាំងបង្ហាញលក់ផលិតផល ថែមទាំងបានផ្សារភ្ជាប់នូវទំនាក់ទំនងជាមួយអ្នកបញ្ជាទិញរបស់ចក្រភពអង់គ្លេសផងដែរ។ ក្រុមអាជីករ ក៏មិនភ្លេចសម្តែងនូវការអរគុណដល់រដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរ និងខិតខំស្វែងរកទីផ្សារជូនដល់វិស័យឯកជនលើគ្រប់វិស័យ ជាពិសេសការផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការរៀបចំកម្មវិធី និងព្រឹត្តការណ៍នានាជាច្រើនកន្លងមក ដើម្បីពង្រីកទីផ្សារលក់ ថែមទាំងជំរុញទីផ្សារនាំចេញ។
សូមបញ្ជាក់ថា សមាគមសហគ្រិនស្រ្តីកម្ពុជា សហការជាមួយចក្រភពអង់គ្លេស (SheTrades UK) បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិកម្ពុជា រយៈពេល២ថ្ងៃ នៅតំបន់កោះពេជ្រ គឺថ្ងៃទី១៨ និង១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅកាន់ចក្រភពអង់គ្លេស និងដើម្បីបង្កើតបណ្តាញទំនាក់ទំនងជាមួយនឹងអ្នកបញ្ជាទិញសំខាន់ៗរបស់ចក្រភពអង់គ្លេសលើផលិតដែលដាក់តាំងបង្ហាញក្នុងព្រឹត្តការណ៍នេះ។
គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស សម្រេចបានចំនួនប្រមាណ ៨៥០លានដុល្លារ កើនឡើង ១៦% បើធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣៕
អត្ថបទ ឈិត បូរ៉ាវី














-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន1 week agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល