ព័ត៌មាន
ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកសូត្របាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងជ័យលាភីសមណសិស្ស-សិស្សផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប ជ័យលាភីការសូត្របាតិមោក្ខ ចំនួន ២៨ រូប ដែលបានចូលរួមប្រឡងនៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ចាយ បូរិន បានចូលរួមអបអរសាទរចំពោះសមណសិស្ស-សិស្សដែលទទួលបានជ័យលាភី ទាំងផ្នែកសូធ្យព្រះបាតិមោក្ខ និងផ្នែកភាសាបាលី-សំស្ក្រឹត ហើយលទ្ធផលដែលសមណសិស្ស-សិស្សទទួលបាននាពេលនេះ មិនត្រឹមតែជាសក្ខីកម្មមួយបញ្ជាក់ឱ្យើញពីព្រះវិរិយភាព ខិតខំប្រឹងប្រែងទន្ទេញ ស្វាធ្យាយ សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែនូវបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព ពេញបរិបូរណ៍ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមល្អប្រសើរនិងការតាំងនៅស្ថិតស្ថេរយូរអង្វែងនៃសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតផង ។
ការប្រឡងនេះជាគំនិតផ្តួចផ្តើមថ្មីមួយបន្ថែមទៀតរបស់គណៈសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃគណៈមហានិកាយ និងក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះព្រះគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យនិងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត នៅទូទាំងប្រទេសមានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ដែលតែងតែផ្តល់ឱកាសដល់ព្រះសង្ឃ កុលបុត្រ កុលធីតាទូទៅបានចូលសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកនូវចំណេះដឹង ជំនាញ ជាពិសេស គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា និងមានទំនាក់ទំនងស្អិតល្មួតជាមួយអក្សរសាស្ត្រខ្មែរ ហើយពុទ្ធិកសិក្សាមិនត្រឹមតែជាសរសរស្តម្ភ ដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ ការកសាងមូលធនមនុស្ស ការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត ក្នុងកាលៈទេសៈណាដែលមនុស្សរស់នៅប្រាសចាកពីក្រមសីលធម៌នៃការអប់រំ ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនូវសេចក្តីទុក្ខ សង្គមនឹងជួបនូវភាពអសកម្ម ។
ក្នុងឱកាសនេះដែរ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគល់ និងប្រគេន វិញ្ញាបនបត្រ ដល់ជ័យលាភី ផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប និងជ័យលាភីផ្នែកសូត្របាតិមោក្ខចំនួន ២៨ រូប ក្នុងនោះ ផ្នែកភាសាបាលី-សំស្ក្រឹត ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ជ័យលាភីលេខ ១ បានទៅលើសមណសិស្ស មកពីខេត្តសៀមរាប ជ័យលាភីលេខ ២ បានទៅលើខេត្តកំពត ជ័យលាភីលេខ ៣ បានលើរាជធានីភ្នំពេញ
ផ្នែកទុតិយភូមិ លេខ១ បានទៅលើខេត្តបន្ទាយមានជ័យ លេខ២ខេត្តកំពង់ចាម លេខ៣មកពីខេត្តកំពង់ចាម
ចំពោះផ្នែកសូធ្យបាតិមោក្ខទទួលបានជ័យលាភីចំនួន៦រូបក្នុងនោះមាន១រូបមកពីខ្មែរក្រោម ។
សូមបញ្ជាក់ថានេះជាលើកទី១ហើយដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត និងការប្រឡងសូត្របាតិមោក្ខនេះឡើងដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន6 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ