ព័ត៌មាន
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបវិនិយោគិនកូរ៉េដែលមានបំណងចង់វិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីនាំចេញ
ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry និងលោកសាស្ត្រាចារ្យ Lee Changkeun នៃសកលវិទ្យាល័យ Chung-Ang University នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់តំណាងរដ្ឋបាលខេត្តកំពង់ធំ និងសមាគមស្វាយចន្ទីកម្ពុជា (សសក) ផងដែរ។
លោក Lee Kee Yun នាយកក្រុមហ៊ុន Heungkuk Industry បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានឆ្លៀតពេលដ៏មានតម្លៃទទួលជួបរូបលោក និងគណៈប្រតិភូក្រុមហ៊ុន។ លោក Lee Kee Yun បានបន្តជម្រាបជូនថា Heungkuk Industry គឺជាក្រុមហ៊ុនផលិតសម្ភារៈសំណង់សំខាន់មួយនៅសាធារណរដ្ឋកូរ៉េ ដែលមានគោលបំណងធ្វើពិពិធកម្មសកម្មភាពវិនិយោគរបស់ខ្លួន ជាពិសេសលើសកម្មភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅប្រទេសកម្ពុជា ដោយមើលឃើញសក្តានុពល និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Heungkuk Industry លើការកែច្នៃគ្រាប់ស្វាយចន្ទី និងបានបញ្ជាក់នូវឆន្ទៈដ៏មុតមាំ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រ និងស្វាគមន៍ការវិនិយោគមកពីបរទេស ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ដែលជាអាទិភាពដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅប្រែក្លាយ កម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទី។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានលើកឡើងផងដែរថា ស្វាយចន្ទីគឺជាកសិផលដ៏សំខាន់ និងជាដំណាំយុទ្ធសាស្ត្រមួយរបស់កម្ពុជា។ ទន្ទឹមនេះ ស្វាយចន្ទីមានសក្តានុពលខ្ពស់ ដោយសារអាចត្រូវបានប្រើប្រាស់ និងកែច្នៃចេញជាផលិតផលច្រើនប្រភេទ រួមទាំងជាផលិតផលចំណីអាហារ ប្រេង គ្រឿងសំអាង ជីវម៉ាស (Biomass) ជាដើម។ល។ ដែលមានតម្លៃបន្ថែមខ្ពស់។ លើសពីនេះប្រទេសកម្ពុជា ជាពិសេសខេត្តកំពង់ធំ និងតំបន់ជុំវិញគឺជាតំបន់ដែលមានអំណោយផលទាំងផ្នែកពូជដំណាំ អាកាសធាតុ និងភូមិសាស្ត្រ ដែលអាចផលិតគ្រាប់ស្វាយចន្ទីមានគុណភាពខ្ពស់។ ក្នុងស្មារតីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្តឱ្យតំណាងក្រុមហ៊ុន Heungkuk Industry សិក្សា និងរៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងស្វែងរកដៃគូដែលមានជំនាញ និងបទពិសោធពាក់ព័ន្ធនឹងដំណាំស្វាយចន្ទី។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលស្វាគមន៍ដល់គម្រោងវិនិយោគថ្មីៗ ហើយទីស្តីការគណៈរដ្ឋមន្ត្រីផ្ទាល់រីករាយនឹងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ និងពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងកូរ៉េ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន។









-
ព័ត៌មាន6 days agoជំនាញព្រមានអំពីការផាកពិន័យម្ចាស់ទីតាំងជួលស្នាក់នៅដែលពាក់ព័ន្ធនឹងបទល្មើស Scam Online
-
ព័ត៌មាន1 week agoពលរដ្ឋខ្មែរត្រឡប់ពីអាមេរិកស្ងើចសរសើរការដឹកនាំរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍ
-
ព័ត៌មាន1 week agoមួយឆ្នាំ២០២៥ មានអ្នកជំងឺមកពិគ្រោះជំងឺក្រៅនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតមានជិត ១០ម៉ឺនករណី
-
ព័ត៌មាន3 days agoពុទ្ធិកសាកលវិទ្យាល័យសីហមុនីរាជា ពង្រីកធនធានមនុស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាពនៅអាមេរិក និងទស្សនកិច្ចនៅអឺរ៉ុប
-
ព័ត៌មាន5 days agoសម្ដេចធិបតី៖ ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញគឺជាភាពជោគជ័យដែលកំពុងកើនឡើងនៅកម្ពុជា
-
ព័ត៌មាន3 days agoអ្នកនាំពាក្យ៖ បេសកកម្មការទូតរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុបផ្សារភ្ជាប់កាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក និងសប្បុរសជន រៀបចំអំណោយផ្ដល់ជូនវីរកងទ័ពនៅសមរភូមិមុខ