ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ CDC ស្នើដល់វិនិយោគិនជប៉ុននិងកម្ពុជា បង្កើនកិច្ចសហការឱ្យជិតស្និត លើការធ្វើធុរកិច្ចនៅកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តអំពាវនាវដល់វិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ចាប់ដៃគ្នាសិក្សាពិនិត្យ លទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់នូវកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ពិសេសការបន្តចូលរួមផ្សព្វផ្សាយ ដើម្បី ទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគម ឧកញ៉ាកម្ពុជា និងសមាគមជប៉ុន-កម្ពុជា ប្រចាំឆ្នាំ២០២៤ នៅថ្ងៃទី១៩ ខែវិច្ឆិកាម្សិលមិញនេះ, ឯកឧត្តម បានចូលរួមអបអរសាទរដល់សមាគម ជប៉ុន-កម្ពុជា ដែលបានបើកការិយាល័យរបស់ខ្លួននៅរាជធានីភ្នំពេញ កាលពីខែមេសា ឆ្នាំ២០២៤ កន្លងទៅ, ដែលនេះជាសក្ខីភាព នៃទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកម្ពុជានិងមិត្តជប៉ុន និងស្មារតីជឿជាក់មកលើរាជរដ្ឋាភិបាលកម្ពុជា និងបានកោតសរសើរចំពោះ សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា ដែលបានបំពេញបេសកកម្មរបស់ខ្លួន ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសក្នុងការជំរុញ និងការកៀរគរវិនិយោគិនឱ្យមកបណ្តាក់ទុននៅកម្ពុជា ព្រមទាំងផ្ដួចផ្ដើម រៀបចំជំនួបផ្គូផ្គងធុរកិច្ច ដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចផងដែរ អំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងដើរតួនាទីជាអ្នក សម្របសម្រួលធុរកិច្ច និងវិនិយោគ ដោយបានចាត់ទុកវិស័យឯកជនជាដៃគូ និងជាកាតាលីករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។ ជាងនេះ ជាបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់កិច្ចសហការពេញទំហឹង ជូនដល់វិស័យឯកជន ដែលមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ជាងនេះទៅទៀត, នាពេលឆាប់ៗខាងមុខនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រង គម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ (ប្រព័ន្ធ cdcIPM) ដំណាក់កាលទី១ ដែលជាថ្នាលបច្ចេកវិទ្យាសម្រាប់អនុញ្ញាតឱ្យវិនិយោគិន ដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ ការដាក់ពាក្យ និងការទទួលបាន វិញ្ញាបនបត្រចុះបញ្ជីគម្រោង គឺសុទ្ធសឹងតែធ្វើឡើងជាទម្រង់ឌីជីថល។ ពិសេសជាងនេះនៅពេលឆាប់ៗ ប្រព័ន្ធនេះក៏នឹងឈានទៅ ដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។

ក្នុងជំនួបនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល បានបន្តអំពាវនាវឱ្យវិនិយោគិនជប៉ុន និងវិនិយោគិនកម្ពុជាទាំងអស់ ដែលមាន វត្តមាននៅក្នុងកម្មវិធី ចាប់ដៃគ្នាសិក្សាពិនិត្យលទ្ធភាពជំរុញកិច្ចសហការធុរកិច្ច ក៏ដូចជាស្វែងយល់ឱ្យកាន់តែច្បាស់ នូវកាលានុវត្តភាព វិនិយោគរបស់កម្ពុជា ពិសេសលើកទឹកចិត្តដល់សមាគមជប៉ុន-កម្ពុជា និងសមាគមឧកញ៉ាកម្ពុជា បន្តចូលរួមផ្សព្វផ្សាយអំពីបរិយាកាស វិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា បង្កើត ការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យ ជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ថា ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៤៦ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ៥,៥ ប៊ីលានដុល្លារអាមេរិក កើនឡើង ៣៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះប្រទេសជប៉ុនឈរនៅលំដាប់ទី ៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤០ លានដុល្លារអាម៉េរិក នៃរំហូរទុនវិនិយោគ សរុបនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
ព័ត៌មាន1 week agoមេបញ្ជាការកងទ័ពជើងទឹកអញ្ជើញបិទវគ្គហ្វឹកហ្វឺនពលទាហានថ្មី វគ្គទី៧ បំពេញក្របខណ្ឌឲ្យកងទ័ពជើងគោក ឆ្នាំ២០២៦ និងបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៦
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន7 days agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅផ្ទះសំបែងវិញបាន ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្ដិវិធី
-
ព័ត៌មាន7 days agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន7 days agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក