ព័ត៌មាន
សម្ដេចតេជោ រម្លឹកអំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់កម្ពុជាដល់ប្រតិភូមកពីបណ្ដាប្រទេសនានា នៃសភាអន្តរជាតិ IPTP
កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រធានគណៈប្រតិភូមកពីបណ្ដាប្រទេសនានា ចូលជួបសម្ដែងការគួរសម មុនឱកាសនៃពិធីបើកសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមាន ឯកឧត្តម លោកជំទាវ ទាំងអស់ដែលបានខិតខំធ្វើដំណើរមកពីបណ្ដាប្រទេសឆ្ងាយៗរួមមាន អារ៉ាប់ អាមេរិកឡាទីន អាហ្វ្រិក និងអឺរ៉ុប មកចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅកម្ពុជានាពេលនេះ ដើម្បីរួមគ្នាអនុតៅលើធម្មនុញ្ញសន្តិភាព ដែលបានរៀបចំតាក់តែង និងចុះហត្ថលេខានៅទីក្រុងភ្នំពេញនាពេលនេះ ។
សម្ដេចតេជោ ក៏បានរំលឹកអំពីអនុស្សាវរីយ៍នានា ដែលសម្ដេចធ្លាប់បានទៅបំពេញទស្សនកិច្ចនៅបណ្តាប្រទេសជាមិត្តរួមមានដូចជា ប្រទេសអាហ្វ្រិក តំបន់អឺរ៉ុប អារ៉ាប់ ប្រទេសអេត្យូពី និងបណ្ដាប្រទេសមួយចំនួនទៀតនាពេលកន្លងទៅ ដែលជាដៃគូក្នុងការរៀបចំឱ្យមានធម្មនុញ្ញសន្តិភាពនាពេលនេះ។ សម្ដេចតេជោ បានបញ្ជាក់ថាវាពិតជាមានសារៈសំខាន់ណាស់ ដែលប្រទេសទាំងអស់ជាប្រទេសកំពុងអភិវឌ្ឍ ត្រូវបញ្ចេញសំឡេង ដោយសារសភាពការណ៍ពិភពលោកកាន់តែមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន ប្រកបដោយការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ការអនុវត្តនយោបាយគាំពារនិយម ដាក់ទណ្ឌកម្ម ដែលទាមទារឱ្យសកលលោកត្រូវតែធានាថា សំឡេងរបស់ក្រុមប្រទេសកំពុងអភិវឌ្ឍ ត្រូវបានគេយកចិត្តទុកដាក់ ដូច្នេះ ការចូលរួមរបស់គណៈប្រតិភូទាំងអស់ គឺជាវិភាគទានដ៏សំខាន់ ដើម្បីឱ្យធម្មនុញ្ញសន្តិភាពនេះឈានឆ្ពោះទៅមុខ។

ឆ្លៀតនៅក្នុងឱកាសនេះផងដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានចូលរួមនៅក្នុងកិច្ចប្រជុំសំខាន់ៗ នៅក្នុងប្រទេសកម្ពុជា នារយៈពេលប៉ុន្មានថ្ងៃនេះ។ សម្ដេចតេជោ បានសម្ដែងនូវក្តីសង្ឃឹមថា ឯកឧត្តម និង លោកជំទាវទាំងអស់ នឹងទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា នាឱកាសនៃកិច្ចប្រជុំទាំងអស់នេះ។
សម្ដេចតេជោ ក៏បានមានប្រសាសន៍រៀបរាប់អំពីការផ្លាស់ប្ដូរ និងការវិវត្តរបស់ប្រទេសកម្ពុជា ចាប់តាំងពីកម្ពុជាត្រូវបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពីមុននោះ ទីក្រុងភ្នំពេញមិនមានមនុស្សរស់នៅនោះទេ ក៏ប៉ុន្តែបច្ចុប្បន្ននេះ ទីក្រុងភ្នំពេញមានមស្សរស់នៅយ៉ាងច្រើកុះករ និងមានសំណង់អគារខ្ពស់ៗរីកដុះដាលជាច្រើន។

សម្ដេចតេជោ ក៏បានរៀបរាប់អំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍដើម្បីឈានឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ ដោយមិនធ្លាក់ចូកក្នុងអន្ទាក់ប្រទេសចំណូលមធ្យម។ សម្ដេចតេជោ ក៏បានមានប្រសាសន៍អំពីការរៀបចំរដ្ឋាភិបាលថ្មីដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ដែលបានដំណើរការទៅមុខយ៉ាងរលូន ហើយនៅក្នុងអាណត្តិថ្មីនេះ ជាលើកទីមួយហើយដែលយើងមានស្ត្រីជាប្រធានរដ្ឋសភា។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាសកលដើម្បីភាពអត់ឱន និងសន្តិភាព បានថ្លែងអំណរគុណចំពោះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភាកម្ពុជា ចំពោះការរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់ ដែលអញ្ជើញមកពីបណ្ដាប្រទេសនានានៅពេលនេះ។ ឯកឧត្តម បានបន្តថា យើងទាំងអស់គ្នា នឹងចុះហត្ថលេខាលើ «ធម្មនុញ្ញសន្តិភាព» ហើយ ឯកឧត្តម ពិតជាមានកិត្តិយសដ៏ធំធេង ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅពេលនេះ ។ ឯកឧត្តមមើលឃើញថា កម្ពុជា គឺជាប្រទេសដែលមានសុខសន្តិភាពពេញលេញ ហើយប្រកបដោយវប្បធម៌ដ៏ផូរផង់។ ឯកឧត្តម បានបញ្ជាក់ថា បណ្ដាប្រទេសយើងកំពុងអភិវឌ្ឍនេះ គឺស័ក្តិសមនឹងរស់នៅក្នុងសុខសន្តិភាពនៅលើភពផែនដីដ៏ស្រស់ត្រកាលនេះ។
ជាចុងក្រោយ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះ ឯកឧត្តម លោកជំទាវទាំងអស់ ដែលបានអញ្ជើញមកពីបណ្ដាប្រទេសនានា ក្នុងការមកគាំទ្រដល់ធម្មនុញ្ញសន្តិភាពនាពេលនេះ៕


-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា