ព័ត៌មាន
គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅ។

ព្រះតេជព្រះគុណ ថាច់ ញ៉ឹក បានមានថេរដីការជម្រាបជូនសម្ដេចទាំងទ្វេថា គោល បំណងនៃការជួបសំណេះសំណាលជាមួយសម្ដេចនាពេលនេះ ដើម្បីថ្លែងអំណរគុណដោយផ្ទាល់ចំពោះសម្តេចទាំងទ្វេដែលបានផ្ដួចផ្ដើមរៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែឆ្ពោះទៅកាន់តពោធិគិរីវង្សារាម កាលពីថ្ងៃទី៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ដែលនេះជាប្រវត្តិសាស្រ្តមួយសម្រាប់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទខ្មែរក្រោមនៅខេត្តត្រាវិញ។ ព្រះអង្គក៏សូមយកឱកាសនេះថ្លែងអំណរព្រះគុណ និងអរគុណចំពោះសម្ដេចព្រះសង្ឃគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មហាពុទ្ធបរិស័ទគ្រប់ទិសទី ដែលមានសទ្ធាជ្រះថ្លា លះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងទ្រព្យ រៀបចំអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដែលបានដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តត្រាវិញ កាលពីថ្ងៃទី ៣,៤,៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ និងបានប្រគេន បច្ច័យដល់វត្តទាំង១៤២វត្តទៀត ដើម្បីទំនុកបម្រុង ក៏ដូចជាការប្រើប្រាស់សម្រាប់ការកសាងនូវសាសនាវត្ថុផ្សេងៗនៅក្នុងព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើន តាំងនៅស្ថិតស្ថេរ។

អង្គកឋិនទាននេះក៏ទទួលបានការជួយជ្រោមជ្រែង និងគាំទ្រពីសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ដោយមាន ការដឹកនាំរៀបចំពីសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ព្រមទាំងមានការចូលរួមយ៉ាងច្រើនកុះករ ពីថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជា និងមហាពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបដោយមហាសទ្ធាជ្រះថ្លា។ ដោយសារតែមានការជួយសម្របសម្រួលពីបក្ស រដ្ឋ និងប្រជាជន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះមន្រ្តីសង្ឃ គ្រប់ជាន់ថ្នាក់ផងដែរ ទើបធ្វើឱ្យការដង្ហែអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាមហៅវត្តស្វាយសៀមថ្មី សម្រេចបានជោគជ័យតាម បំណងប្រាថ្នាថ្នាក់ដឹកនាំនិងពុទ្ធបរិស័ទខ្មែរគ្រប់ទិសទី ប្រកបទៅដោយសេចក្តីសប្បាយរីករាយ និងអំណរសាទរយ៉ាងក្រៃលែង។

ក្រៅពីការថ្លែងអំណរគុណចំពោះអង្គកឋិនទានកន្លងមក ព្រះមន្រ្តីសង្ឃខ្មែរក្រោម ទាំង៦ព្រះអង្គ ក៏បានចូលក្រាបបង្គំគាល់ សម្តេចព្រះមហាសង្ឃរាជនិងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈ ដើម្បីធ្វើកិច្ចវត្តប្រណិប័តន៍តាមទំនៀមនៃព្រះពុទ្ធសាសនា និងការបដិបត្តិធម៌វិន័យនិងការសិក្សារបស់ព្រះសង្ឃខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ។ ព្រមជាមួយនោះ ក៏បានជួបសំណេះសំណាលជាមួយ សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិ រណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដើម្បីថ្លែងអំណរគុណអំពីការរៀបចំ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរកន្លងមក និងការសុំជួយគាំទ្រដល់ការសិក្សានិងស្នាក់នៅរបស់ព្រះសង្ឃខ្មែរក្រោម នៅតាមបណ្ដាវត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ព្រមជាមួយគ្នានេះ ព្រះអង្គក៏បានស្នើសុំសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការផ្ដល់នូវព្រះត្រៃបិដក សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជា និងការជួយកសាងទូកង សម្រាប់ការចូលរួមការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ក្នុងឱកាសនោះ សម្ដេចទាំងទ្វេ មានទឹកចិត្តរីករាយប្រកបដោយសទ្ធាជ្រះថ្លា ដោយបានទទួល ប្រតិភូព្រះសង្ឃខ្មែរក្រោមនាពេលនេះដោយផ្ទាល់។សម្ដេចតេជោ ក៏បានយល់ព្រមប្រគេនតាមសំណើររបស់ព្រះអង្គនូវទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។
ជាទីបញ្ចប់ សម្ដេចទាំងទ្វេ បានប្រគេនទេយ្យទាន និងបវរណាបច្ច័យ ព្រមទាំងបានប្រគេនពរចំពោះព្រះមន្រ្តីសង្ឃ ខ្មែរក្រោម៕










-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ