ព័ត៌មាន
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន៖
១)សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ មាន ៣ ជំពូក និង២២ មាត្រា។
សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាឆ្នាំ២០២៣ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពីហរិញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កន្លងទៅ។ សេចក្តីព្រាងច្បាប់នេះ ផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យទាំងអស់ពីអាណាប័កពាក់ព័ន្ធ ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។
២)សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។ សេចក្តីព្រាងច្បាប់នេះមាន ៥ ជំពូក និង១៤ មាត្រា ត្រូវបានរៀបចំឡើងដើម្បីទ្រង់ទ្រង់និរន្តរភាពៃកិច្ចប្រិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដោយប្រកាន់យកជំហរគោលនយោបាយពង្រឹងប្រសិទ្ធភាពថវិកាជាជំហាន ក្នុងគោលដៅដោះស្រាយឱ្យបានជាសារវន្តនូវសេចក្តីត្រូវការ ក្នុងការឆ្លើយតបទៅនឹងអាទិភាពគោលនយោបាយធំៗ របស់រាជរដ្ឋាភិបាល និងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួង ស្ថាប័ននានា ដើម្បីបម្រើ និងផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងការទន្ទឹងរង់ចាំ និងបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសការអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលជាមាគ៌ារយៈពេលមធ្យមមួយ ដើម្បីឈានទៅសម្រេចបាននូវបំណងប្រាថ្នារយៈពេលវែងរបស់ប្រជាជនកម្ពុជា ក្នុងការក្តាប់យកមកវិញនូវមោទនភាពជាតិនិងកសាងជាតិមួយដ៏រស់រវើក មានអនាគតរុងរឿងភ្លឺស្វាង និងត្រចះត្រចង់ ជារដ្ឋអធិបតេយ្យមួយរឹងមាំ ដែលគោរពខ្ជាប់ខ្ជួននូវគោលការណ៍ប្រជាធិបតេយ្យនិងនីតិរដ្ឋ មានសន្តិភាព មានកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ ព្រមទំាងជាប្រទេសមានចំណូលខ្ពស់ នាពេលអនាគត មានសេដ្ឋកិច្ចរឹងមាំ ធន់នឹងវិបត្តិ និងមានសង្គមបរិយាប័ន្ន។ ក្នុងក្របខ័ណ្ឌថវិកាខាងលើនេះ ក៏មានគោលដៅធានារក្សាការពារឱ្យបានដាច់ខាតនូវសន្តិភាព និងអធិបតេយ្យភាពរបស់កម្ពុជា ក្នុងឋានៈជារដ្ឋមួយដែលមានឯករាជ្យភាពពេញបរិបូណ៌និងការខំប្រឹងងើបឈរឡើងដើម្បីធ្វើជាម្ចាស់លើជោគវាសនារបស់ខ្លួនដោយខ្លួនឯង ទំាងនៅក្នុងអតីតកាល បច្ចុប្បន្ន និងតទៅអនាគត។
រាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តយ៉ាងមោះមុតជាងពេលណាៗទំាងអស់ក្នុងការសម្រេចឱ្យបាននូវគោលដៅនិងវិធានការទំាងឡាយដែលបានដាក់ចេញ ព្រមជាមួយនឹងការបន្តប្រកាន់ខ្ជាប់វអភិក្រមការងារ ៥ យ៉ាង គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និងវៈកាត់ ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព ឯកភាពជាតិ ឯករាជ្យនិងអធិបតេយ្យជាតិ ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនកម្ពុជាទំាងមូល ក៏ដូចជាដើម្បីទ្រទ្រង់នូវដំណើរស្តារនិងជំរុញកិច្ចអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជាឡើងវិញ លើគ្រប់វិស័យ នៅលើមាគ៌ាឈានឆ្ពោះទៅរកការកសាងសង្គមកម្ពុជាមួយដ៏រុងរឿងល្បាញល្បី ប្រជាប្រុសស្រីរស់មានសេរីភាពនិងសុភមង្គល។
រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ទំាងពីរជាឯកច្ឆន្ទ ដោយបានពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់នេះ ម្តងមួយៗ តាមនីតិវិធីរបស់រដ្ឋសភា៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន22 hours agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម