ព័ត៌មាន
អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចុះអនុស្សរណៈដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងឯកឧត្តម ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីនិងជាហត្ថលេខីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល”។
ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងក្រុមហ៊ុនឯកជនដែលធ្វើប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ និងតួអង្គពាក់ព័ន្ធ សរុបប្រមាណ ៩០រូប។
កិច្ចសហប្រតិបត្តិការរវាង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលនេះ គឺជាការបោះជំហានមួយថ្មីបន្ថែមទៀតក្នុងអិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមបរិការណ៍ឌីជីថលូបនីយកម្មនៅកម្ពុជា តំបន់ និងសកល និងជាការឆ្លើយតបទៅនឹងសកម្មភាពអាទិភាពនៃក្របខណ្ឌយុទ្ធសាស្រ្តដែលមានកំណត់ក្នុងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកប ដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកអាទិភាព ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា” ជាពិសេស បច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា។
អនុស្សរណៈនៃការយោគយល់ដែលត្រូវបានចុះហត្ថលេខានាថ្ងៃនេះ ផ្តោតសំខាន់លើ (១)-ការលើកកម្ពស់ការយល់ដឹងនិងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh ដែលអភិវឌ្ឍដោយ ក.ប.ទ. (២)-ការអភិវឌ្ឍសមត្ថភាព គុណវុឌ្ឍិ និងជំនាញដល់មន្ត្រី តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថល និង(៣)-ការជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។
សូមបញ្ជាក់ផងដែរថា ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្ដល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយ ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ ការផ្ទៀងផ្ទាត់ឯកសារនៅលើថ្នាល verify.gov.kh ត្រូវធ្វើឡើងតាមរយៈការដាក់បញ្ចូល QR Code ស្តង់ដា ដោយប្រើបច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពខ្ពស់នៅលើសន្លឹកនៃឯកសារនីមួយៗ។ ទន្ទឹមនឹងនេះ ការប្រើប្រាស់ឯកសារដែលមានដាក់បញ្ចូល QR Code ស្តង់ដានេះ មិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម នៅលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ក្នុងន័យនេះ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ នឹងចូលរួមប្រើប្រាស់ថ្នាលនេះជាបន្តបន្ទាប់ ដោយបញ្ចូលនូវ QR Code ស្តងា ឯកសារនានាដែលចេញដោយ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ពោលគឺនិ័តករនិងអង្គភាពក្រោមឱវាទ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដែលអាចផ្ទៀងផ្ទាត់បានយ៉ាងងាយស្រួលដោយសាធារណជន តាមរយៈថ្នាល verify.gov.kh។
បន្ថែមពីនេះ ការបណ្តុះបណ្តាលជំនាញឌីជីថល រៀបចំឡើងក្នុងគោលបំណងបង្កើនសមត្ថភាពថ្នាក់ដឹកនាំនិងមន្ត្រីរបស់ អ.ស.ហ. ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានបម្រើដល់ការអនុវត្តការងារប្រចាំថ្ងៃ ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងស័ក្តិសិទ្ធភាព និងបង្កើនការយល់ដឹងអំពីការប្រើប្រាស់ និងការថែទាំកុំព្យូទ័រ ការប្រើប្រាស់មុខងារសំខាន់ៗនៅលើអ៊ីនធឺណិត ការកំណត់អត្តសញ្ញាណ ស្វែងរក វាយតម្លៃ និងប្រើប្រាស់ព័ត៌មានប្រកបដោយប្រសិទ្ធភាព ព្រមទាំងយល់ដឹងអំពីវិធីការពារសុវត្ថិភាព និងឯកជនភាពរបស់ខ្លួន ព្រមទាំងផ្តល់នូវជំនាញបង្កើតនិងរៀបចំឯកសារ តារាងបញ្ជី និងបច្ចេកទេសវិភាគទិន្នន័យបានល្អ លឿន និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់កម្មវិធីក្នុងកុំព្យូទ័រ ទូរសព្ទឆ្លាតវៃ និងបច្ចេកវិទ្យាក្លោដ ព្រមទាំងជំនាញក្នុងការបង្កើតមាតិកាឌីជីថលជាដើម។
ក្នុងក្របខណ្ឌនៃការជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល អង្គភាពបរិវត្តកម្មឌីជីថលនៃ អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល នឹងពិភាក្សាគ្នាបន្ថែមអំពីការងារបរិវត្តកម្មឌីជីថលនិងផែនការសកម្មភាពការងារ ដើម្បីឈានទៅសម្រេចបានការធ្វើបរិវត្តកម្មឌីជីថលពេញលេញនៅក្នុង អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ៕







-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ