ព័ត៌មាន
សហគមន៍កសិកម្មទំនើបស្រូវនាងអំ គ្រោងដាក់លក់រាយអង្ករនាងអំជាផ្លូវការ នៅដើមឆ្នាំ២០២៥ខាងមុខ
មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ នឹងមានផលិតជាអង្ករលក់រាយដោយផ្ទាល់ទៅកាន់អ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ ខណៈក្រសួង កំពុងរៀបចំជាប្រញាប់ក្នុងការបញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍។

នៅលើផេកផ្លូវការរបស់ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហោះនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានលើកឡើងថា ពេលនេះក្រសួងកសិកម្មកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាង នៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទួបានារគាំទ្រពីអង្គការ Swiss Contact ។
ឯកឧត្តម បានលើកឡើងបន្តថា ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលកសិករភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ ឥឡូវនេះ សហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។

ឯកឧត្តម ឃឹម ហ្វីណង់ បានអំពាវនាវដល់សាធារណជនទូទៅ ជាពិសេសអ្នកដែលចូលចិត្តប្រភេទស្រូវចម្ការអង្កររឹងល្មម មានសុវត្ថិភាព និងផលិតដោយដៃផ្ទាល់នៃកសិករសហគមន៍ កុំភ្លេចចាំជួយគាំទ្រ និងសាកល្បងទិញយកទៅហូបទាំងអស់គ្នា នៅដើមឆ្នាំ២០២៥ខាងមុខនេះហើយ។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើបស្រូវនាងអំ កាលពីពេលកន្លងទៅ បានចាប់ផ្តើមប្រមូលផលជាលើកដំបូងរបស់ខ្លួន លើផ្ទៃដីផលិតកម្មជិត ៦០០ហិកតា ទទួលបានទិន្នផលក្នុងរង្វង់ ២,៥តោន ទៅ ៣តោន ក្នុងមួយហិកតា និងលក់ចេញបានក្នុងតម្លៃកុងត្រាទុកមុន ៩៥០រៀល ក្នុងមួយគីឡូក្រាម៕ អត្ថបទ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន1 week agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង