Connect with us

ព័ត៌មាន

ឯកឧត្តម វង្សី វិស្សុត៖ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី តែងតែខ្វល់ពីសុខទុក្ខបងប្អូនមានពិការភាព

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមធ្វើជាអធិបតីភាពក្នុងទិវា «ជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨»។ ទិវានេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិការាជរដ្ឋាភិបាល អង្គទូតប្រចាំកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនមានពិការភាព លោកគ្រូ អ្នកគ្រូ ក្មួយៗនិស្សិត និងសិស្សានុសិស្សជាច្រើនរូប។

ជាកិច្ចចាប់ផ្តើមនៃអង្គពិធី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោអូន្មួយៗមានពិការភាពាំងអស់ ដែលលោកទាំងទ្វេតែងតែខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបទាំងអស់ ជាពិសេសគឺបងប្អូនដែលមានពិការភាព។

ឯកឧត្តម ជឿជាក់យ៉ាងមុតមាំថា ទិវាជនមានពិការភាពកម្ពុជាលើកទី២៦និងអន្តរជាតិលើកទី៤២ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ក្នុងយុគសម័យបរិវត្តកម្មឌីជីថល» និងពិធីប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨» នឹងបន្តជួយលើកកម្ពស់សិទ្ធិ សេរីភាព សុខុមាលភាពរបស់ជនមានពិការភាពនៅគ្រប់កម្រិតក្នុងសង្គម និងគ្រប់ការអភិវឌ្ឍ ព្រមទាំងផ្សព្វផ្សាយការយល់ដឹងអំពីស្ថានភាពជនមានពិការភាពនៅគ្រប់ទិដ្ឋភាពនៃជីវិតទាំងទិដ្ឋភាពនយោបាយ សង្គមកិច្ច សេដ្ឋកិច្ច វប្បធម៌ សិល្បៈ និងកីឡា។ ទិវានេះក៏នឹងផ្តល់នូវកាលានុវត្តភាពថ្មីក្នុងការជំរុញការធ្វើបរិយាបន្នវិស័យពិការភាពនៅក្នុងផែនការសកម្មភាព និងកម្មវិធីនានារបស់ក្រសួង ស្ថាប័ន ដូចមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដោយការផ្លាស់ប្តូរ និងអភិវឌ្ឍវិស័យពិការភាពឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមបរិបទថ្មីនៃយុគសម័យបច្ចេកវិទ្យាឧស្សាហកម្មជំនាន់ទី៤ ដែលជាបច្ចេកវិទ្យាឌីជីថលកម្រិតខ្ពស់ ផ្សារភ្ជាប់ក្នុងគ្រប់ទិដ្ឋភាពជីវិតជាមួយឧស្សាហកម្មឌីជីថល ដើម្បីឆ្ពោះទៅរកការផ្លាស់ប្តូរលក្ខខណ្ឌពិការភាពឱ្យកាន់តែល្អប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការលើកឡើងថា ទិវាជនមានពិការភាពអន្តរជាតិ ត្រូវបានប្រារព្ធឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោកនៅថ្ងៃទី៣ ខែធ្នូ ជារៀងរាល់ឆ្នាំ ដើម្បីរំឭកអំពីការតស៊ូទាមទារសិទ្ធិចូលរួមសកម្មភាពនានាក្នុងសង្គមរបស់ជនមានពិការភាពប្រមាណ១,៥ពាន់លាននាក់ នៃប្រជាជនសរុបនៅក្នុងពិភពលោក ដែលជាជនមានពិការភាពកាយសម្បទា ញាណដឹង សតិបញ្ញាជាដើម ដោយសារតែការរស់នៅរបស់ពួកគេតែងតែប្រឈមជាមួយឧបសគ្គរារាំងនានាដូចជា ការរើសអើង ការប្រមាថមាក់ងាយ ការផាត់ចេញពីសហគមន៍ ការមិនរាប់អាន ការមិនទទួលស្គាល់ ការមិនផ្តល់សេវា ការមិនផ្តល់ឱកាស និងមិនមានសិទ្ធិពេញលេញនៅក្នុងសង្គម ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ដោយឡែកសម្រាប់កម្ពុជា ការប្រារព្ធទិវាជនមានពិការភាពនេះឡើង គឺដើម្បីរំលឹកហាវិនាសកម្ម ដែលបានកើឡើងដោយសារភ្លើងសង្គ្រាម ជាពិសេសដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើនដល់សង្គមរួមមានស្រ្តីមេម៉ាយ កុមារកំព្រា ជនមានពិការភាព ព្រមទាំងបានបន្សល់នូវគ្រាប់មីន និង កាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមស្ទើរតែពាសពេញផ្ទៃប្រទេស។ នេះជាសោកនាដកម្មមួយរបស់កម្ពុជា ដែលប្រជាជនកម្ពុជាធ្លាប់ទទួលរងពីការទម្លាក់គ្រាប់បែករាប់លានតោន ដែលបានធ្វើឱ្យប្រជាជនរបួស ពិការ ស្លាប់រាប់លាននាក់ ដោយគ្មានការទទួលខុសត្រូវ ហើយបន្ទុកទាំងនេះក៏បានធ្លាក់មកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងសម័យកាលជាបន្តបន្ទាប់មកនេះ។ ដូចនេះ ការធានាបាននូវសន្តិភាព នឹងជួយបង្ការការវិលត្រឡប់មកវិញនៃជម្លោះ និងសង្គ្រាម ដែលជាកត្តាដ៏ចម្បងនៅក្នុងការកាត់បន្ថយពិការភាពរបស់មនុស្សជាតិនៅលើភពផែនដីនេះ ក៏ដូចជាការកសាងលក្ខខណ្ឌ សម្រាប់លើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ជនមានពិការភាពផងដែរ។

ដើមម្បីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងអន្តរជាតិលើកទី៤២ និងពិធីប្រកាសដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ឆ្នាំ២០២៤នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួនដូចខាងក្រោម៖ ទី១-នីតិបុគ្គលសាធារណៈ និងឯកជនត្រូវបង្កើនមូលធនលើការធ្វើវិយោគទុនជាមួយជនមានពិការភាពលើវិស័យអប់រំ បណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ បំណិនជីវិត ធុរកិច្ច ស្តារលទ្ធភាពពលកម្ម ឱ្យស្របតាមបរិបទនៃបរិវត្តកម្មឌីជីថលនិងនវានុវត្តន៍។ ទី២-គ្រប់ក្រសួង ស្ថាប័នព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូពាក់ព័ន្ធ ក្នុងវិស័យសាធារណៈនិងធុរជនក្នុងវិស័យឯកជនត្រូវអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ ដោយដាក់បញ្ចូលគោលដៅដែលមានចែងក្នុងយុទ្ធសាស្ត្រនេះ ទៅក្នុងផែនការឬកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនជាមួយនឹងការដាក់ចេញនូវសូចនាករសមិទ្ធផលសម្រាប់អនុវត្តរយៈពេលខ្លី មធ្យម និងវែង។ ទី៣-គ្រប់ក្រសួង ស្ថាប័ន អង្គការដៃគូពាក់ព័ន្ធ និងវិស័យឯកជន ត្រូវបន្តកែសម្រួលឬរៀបចំផាសុកវត្ថុ សម្រាប់ជនមានពិការភាពនៅតាមទីកន្លែងសាធារណៈនិងឯកជននានា ស្របតាមច្បាប់ស្តីពីកិច្ចការពារ និង លើកកម្ពស់សិទ្ធិជនពិការ ដោយផ្អែកលើបទដ្ឋានបច្ចេកទេសហេដ្ឋចាសម្ពន្ធរូបវន្តបង្កលក្ខៈងាយស្រួលសម្រាប់ជនមានពិការភាពជាគោល។ ទី៤-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ ក្រោមជាតិ បង្កើនប្រសិទ្ធភាពផ្តល់បណ្ណពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីឱ្យពួកគាត់អាចប្រើប្រាស់ បណ្ណនេះជាប្រយោជន៍ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម និងទី៥-ក្រសួងព័ត៌មានត្រូវបន្តធ្វើការណែនាំដល់គ្រប់ស្ថានីយវិទ្យុនិងទូរទស្សន៍ របស់រដ្ឋនិងឯកជន ព្រមទាំងគ្រប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានផ្សេងៗឱ្យបានទូលំទូលាយ ដោយមានការបកប្រែភាសាសញ្ញា និងអក្សររត់ ដើម្បីជនមានពិការភាពគ្រប់ប្រភេទអាចទទួលព័ត៌មានបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia