ព័ត៌មាន
សហជីព កម្មករ និងពលរដ្ឋ រំភើបរីករាយយ៉ាងខ្លាំងចំពោះក្រមាខ្មែរមានអាយុរាប់រយឆ្នាំ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី
(ភ្នំពេញ)៖ សហជីព កម្មករ និងប្រជាពលរដ្ឋ មានមោទនភាព និងរំភើបរីករាយយ៉ាងខ្លាំង ក្រោយពីក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ(UNESCO) ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិ ខណៈអំពាវនាវឱ្យមហាជនជួយគាំទ្រផលិតផលដែលកើតចេញពីស្នាដៃកូនខ្មែរ។
លោក សំ សឿន ប្រធានសហជីពលកម្មជាតិកម្ពុជា(NLC)បានថ្លែងថា៖«បន្ទាប់ពីខ្ញុំបានទទួលដំណឹងនេះ ខ្ញុំសប្បាយរីករាយ ហើយរំភើបគ្មានអ្វីប្រៀប ហើយពិតជាអរគុណខ្លាំងណាស់ចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត រួមទាំងក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលបានខ្នាស់ខ្នែងក្នុងការរៀបចំបញ្ជីឈ្មោះក្រមាខ្មែរយើងឱ្យបានចូលជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ»។
លោកបន្តថា ក្រមាគឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរទាំងថ្នាក់ឹកនាំ និងប្រជាពលរដ្ឋគ្រប់ស្រទប់វណ្ណៈ។ ក្នុងសង្គមខ្មែរ ក្រមាត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយគ្រប់លំដាប់ថ្នាក់ ហើយស្ទើរតែគ្រប់ពេល និងនៅគ្រប់ទីកន្លែង។
លោក សំ សឿន បន្ថែមថា ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។
លោក ឡេវ សំអាន អាយុ ៣៨ឆ្នាំជាកម្មកររោងចក្រនៅភ្នំពេញបាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំរបស់យើងបានគិតគូ យកចិត្តទុកដាក់ទៅលើការថែទាំសម្បត្តិវប្បធម៌ជាតិរបស់យើង»។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀតជួយគាំទ្រក្រមាខ្មែរដែលជាផលិតផលកេរតំណែលវប្បធម៌បន្សល់ពីដូនតាខ្មែររាប់ពាន់ឆ្នាំ ហើយឥឡូវកំពុងល្បីដល់បរទេស ព្រោះមានការទទួលស្គាល់ពីអង្គការយូណេស្កូ។
លោក ឈឺន គង្គា អាយុ ២៣ឆ្នាំជាប្រជាពលរដ្ឋរស់នៅភ្នំពេញបាននិយាយថា៖«នៅពេលខ្ញុំទៅស្រុកម្ដងៗ គឺអាកាសធាតុត្រជាក់ ជាទូទៅខ្ញុំក៏ប្រើក្រមាដែរ ជំនួសឱ្យការប្រើកន្សែង។ សម្រាប់ខ្ញុំ ពេលប្រើក្រមាក៏ជាគ្រឿងលម្អដែរ មើលទៅសមជាខ្មែរ ដែលក្រមាជាអត្តសញ្ញាណ និងជាមរតកវប្បធម៌ខ្មែរយើង។ ខ្ញុំប្រើក្រមា ដើម្បីជូតខ្លួនជំនួសការប្រើកន្សែងពោះគោ ទោះជានៅទីណា ក៏ខ្ញុំដាក់ក្រមាទៅតាមដែរ ព្រោះសម្រាប់ពេលងូចទឹកតាមផ្លូវ»។
ក្នុងនាមលោកជាប្រជាជនកម្ពុជាដែលជាអ្នកនិយមប្រើប្រាស់ក្រមាខ្មែរផងនោះបានបង្ហាញពីមោទនភាព ដែលជាវត្ថុប្រពៃណី វប្បធម៌ដ៏ផូផង់របស់កម្ពុជា ហើយថែមទាំងបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្សជាតិផងដែរ។
លោក ទុយ កុសល អាយុ ៤៣ឆ្នាំបាននិយាយថា៖«ខ្ញុំបានប្រើប្រាស់ក្រមាខ្មែរជាយូរមកហើយមិនថា ខ្ញុំនៅស្រុកកំណើត ឬក៏មករស់នៅភ្នំពេញនោះទេ ហើយពេលខ្ញុំទៅចូលពិធីបង្គលការមិត្តភក្ដិ ក៏មានខាងដើមការគេចែកឱ្យយើងដែរ។ ខ្ញុំគិតថា ល្អណាស់ យើងរួមគ្នាគាំទ្រផលិតផល ព្រោះបើយើងគាំទ្រ បងប្អូនយើងអ្នកតម្បាញក្រមា ក៏ពួគាត់មានការងារធ្វដែរ»។
ការដាក់បញ្ជូលក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្កការយូណេស្កូនាពេលនេះ លោកថា វាពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ បង្ហាញនូវអ្វីដែលជារបស់កម្ពុជា ដើម្បីឱ្យពិភពលោកស្គាល់ និងជាសម្បត្តិដែលត្រូវថែរក្សាការពារ ដូចទៅនឹងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ដែលបានចុះបញ្ជីនាពេលកន្លងមក។
«ក្រមា» ជាមរតកអរូបីមួយក្នុងចំណោមមរតកអរូបីចំនួន ៦ផ្សេងទៀត ដែលកម្ពុជាបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនាពេលកន្លងមកមានដូចជា របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្ដស្វាយអណ្ដែត និងគុនល្បុក្កតោ។
ដោយឡែក ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូមក កម្ពុជាបានចុះបញ្ជីនូវសម្បតិ្តបេតិកភណ្ឌរូបីចំនួន៤, សម្បតិ្តបេតិកភណ្ឌអរូបីសរុបចំនួន៧ និងបញ្ជីស្មារតីចងចាំនៃពិភពលោកចំនួន៣ហើយ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា៕



-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ