Connect with us

ព័ត៌មាន

ឯកឧត្តម ប៉ែន បូណា៖ ការពិតគឺជាពន្លឺសម្រាប់លុបបំបាត់ទីងងឹត​ដែលជាជម្រក​របស់​ក្រុម​អ្នក​បង្កើត​ព័ត៌មានក្លែងក្លាយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល បានលើកឡើងថា «សព្វថ្ងៃនេះ ក្រុមប្រឆាំង​ជ្រុល​និយម​មួយ​ក្តាប់​តូច​កំពុង​សម្ងំ​នៅ​ទី​ងងឹត​ដើម្បី​ផលិតព័ត៌មានក្លែងក្លាយ មួលបង្កាច់ បំផ្លើសបំភ្លៃ គ្រប់ទម្រង់ក្នុង​គោល​បំណង​ញុះ​ញង់​បង្ក​ឱ្យ​មានចលាចលសង្គមតាមសេណារីយោបដិវត្តន៍ពណ៌របស់ខ្លួន។ ប៉ុន្តែ ព័ត៌មានពិត គឺជា​ពន្លឺ​ដែល​ចូល​ទៅលុបបំបាត់ទីងងឹត​ដែលជាជម្រក​របស់​ក្រុម​អ្នក​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ទាំង​នោះ​ឱ្យ​អស់​ពី​សង្គម​យើង។ ជាក់ស្តែង តាមរយៈព័ត៌មានពិតដែលយើងបានបង្ហាញ មិនត្រឹមតែប្រជា​ពលរដ្ឋ​​ទូទៅទេដែលយល់ច្បាស់ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល សូម្បីអ្នក​ដែល​ធ្លាប់​គាំទ្រ​ក្រុម​ប្រឆាំង​ជ្រុល​និយម​ក៏​បាន​ប្រកាស​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដូច​ទឹក​បាក់​ទំនប់។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់បន្តទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេច​តេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី បានសាងស្នាដៃធំធេងមហិមាជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរ។ សមិទ្ធ​ផល​រាប់​មិន​អស់ ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ទាំងសុខសន្តិភាព និងការបង្រួប​បង្រួម​ជាតិ​ដែល​មិន​ធ្លាប់​មាន​ក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង ៥០០ ឆ្នាំចុងក្រោយគឺ​ជា​តឹត​តាង​ប្រវត្តិសាស្ត្រ​យ៉ាង​ច្បាស់​លាស់​ដែល​គ្មាន​អ្នកណាអាចកាឡៃបាន។ សមិទ្ធផលទាំងអស់នេះ និងគោលនយោបាយ​របស់​រាជ​រដ្ឋាភិបាលដែលបាននិងកំពុងបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ គឺជា​ព័ត៌មាន​ពិត​ដែល​យើង​ត្រូវ​បញ្ជ្រាប​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ដឹង​ជា​ប្រចាំ​តាម​មធ្យោបា​យ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់។

ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ឱកាស​អញ្ជើញជាអធិបតីនិងជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃ​ការងារ​ព័ត៌មាន​និង​នាំពាក្យ​» ដល់មន្ត្រីនិងអ្នកនាំពាក្យខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាល​ខេត្ត​កំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ​អង្គភាព ក្រុងស្រុក និងឃុំសង្កាត់ សរុបជាង ៤០០នាក់។

ឯកឧត្តម ប៉ែន បូណា ក៏​បាន​កោត​សរសើរ​ដល់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ដែល​បាន​រៀបចំ​ក្រុម​ការងារ​គ្រប់​គ្រង​ និងឆ្លើ​យតបព័ត៌មានបានយ៉ាងល្អ ទាំងសកម្មភាពបុរេសកម្មនិងប្រតិកម្ម។ ប្រធានអង្គ​ភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាល ដែលមានបពោធជិត៣០្នាំក្នុងវិស័យព័ត៌មាន ក៏បាន​ចែក​រំលែក​ដល់​សិក្ខាកាមអំពីចិត្តសាស្ត្រ ចរិត និងជ្រុងនៃព័ត៌មាន ក៏ដូចជា​ការ​យល់​ដឹង​អំពី​ល្បិច​កិច្ច​កល​របស់​ក្រុមប្រឆាំងជ្រុលនិយមនិងប្រព័ន្ធឃោសនារបស់ពួកគេ ក្នុងការប្រើប្រាស់​ព័ត៌មាន​ក្លែង​ក្លាយ បំផ្លើសបំភ្លៃដើម្បីញុះញង់ឱ្យមានចលាចលក្នុងសង្គម។ ក្នុងន័យនេះ អ្នកនាំពាក្យ​រាជ​រដ្ឋាភិបាល​ក៏​បាន​សង្កត់​ធ្ងន់​លើ​ការងារបុរេ​សកម្ម​របស់​មន្ត្រី​អាជ្ញាធរ និង​អ្នក​នាំពាក្យ​ក្នុង​ការ​នាំ​ព័ត៌មាន​ពិត ដែលអាជ្ញាធរនិងរាជរដ្ឋាភិបាលបានធ្វើ ទៅប្រាប់ប្រជាពលរដ្ឋឱ្យបានដឹង និងត្រូវ​ធ្វើ​ឱ្យ​បាន​សកម្ម ខណៈដែលវិធានការ​ច្បាប់​ត្រូវ​ចាត់​ឡើង​ចំពោះ​ក្រុម​ជន​ទាំង​ឡាយណា​ដែល​ដើរ​លើស​ពី​បន្ទាត់​ក្រហមនៃច្បាប់ដើម្បីពង្រឹងនីតិរដ្ឋ។

ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍ថា ការងារព័ត៌មាន និង​សាធារណ​មតិ គឺជាកិច្ចការដ៏មានសារសំខាន់ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់បំផុត ស្រប​ពេល​ដែល​ពិភព​លោក​មានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ដែលធ្វើឱ្យប្រជា​ពលរដ្ឋ​ងាយ​ទទួល និង​ផ្តល់​ព័ត៌មាន ពោលគឺការងារព័ត៌មានអាចជួយឱ្យយើងមានទំនាក់ទំនង និងយល់គ្នាទៅ​វិញ​ទៅ​មក​រវាង​រដ្ឋ និងប្រជាជន។ យ៉ាងណាក៏ដោយ ជាមួយនឹងភាពងាយស្រួលនេះ ក៏យើងសង្កេត​ឃើញ​ថា មានបញ្ហាជាច្រើនដែលបានកើតមកជាមួយដែរ ដូចជាបញ្ហាព័ត៌មានក្លែងក្លាយ ព័ត៌មាន​អុជអាល ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ។ល។ ដែលទាមទារឱ្យយើងមានការប្រុងប្រយ័ត្ន ចេះ​គ្រប់​គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រដ្ឋាភិបាល និង​តម្លៃ​របស់​រដ្ឋបាល​សាធារណៈរបស់យើង។

គួរជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នេះ ធ្វើ​ឡើង​ក្នុង​គោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ យល់ដឹងពីកិច្ច​ការ​ផ្សព្វផ្សាយ​ព័ត៌​មាន​ និង​នាំ​ពាក្យ​ ចែករំលែកពីបទពិសោធកិច្ចការព័ត៌មាន និងអ្នកនាំពាក្យ បង្កើននូ​វ​ជំនាញ​ក្រុម​ការងារ​ព័ត៌មាន និង​នាំពាក្យប្រកបដោយវិជ្ជាជីវៈ និងកសាងបណ្តាញរវាងអ្នកនាំពាក្យ និងករុម​ព័ត៌មាន​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia