ព័ត៌មាន
កាកបាទក្រហមកម្ពុជា នាំប្រតិភូសហព័ន្ធអន្តរជាតិទស្សនកិច្ចសកម្មភាពរបស់ខ្លួនមួយចំនួនក្នុងសហគមន៍ស្រុកទឹកឈូ
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខា ធិការរងទី១ បានដឹកនាំប្រតិភូសហព័ន្ធអន្តរជាតិ ដែលមាននិងលោកស្រី កាទ្រីន ក្លាកសុន (Kathryn Clarkson) ជាប្រធានតំណាងអង្គការសហប្រជាជាតិ ESCAP ប្រចាំប្រទេសកម្ពុជា ថៃ ឡាវ និង វៀតណាម ទៅទស្សនកិច្ចក្នុងសហគមន៍ ស្រុកទឹកឈូ ខេត្តកំពត ដើម្បីពិនិត្យមើលសកម្មភាពដែល កាកបាទក្រហមកម្ពុជា បាននិងកំពុងធ្វើចំនួន៤គោលដៅ ទាក់ទងនឹងសហគមន៍មានភាពធន់ សហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ។

គោលដៅទី១ គឺការជួបសំណេះសំណាលជាមួយអ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា នៅឃុំត្រពាំងព្រីង ស្រុកទឹកឈូ ក្នុងនោះគណៈប្រតិភូបានចាប់អារម្មណ៍លើសកម្មភាពរបស់អ្នកស្ម័គ្រចិត្ត ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការធ្វើឱ្យសហគមន៍មានសុខភាពល្អ និងមានភាពធន់ តាមរយៈការអប់រំផ្សព្វផ្សាយ ស្តីពីការថែទាំសុខភាព អនាម័យ សុខភាពមនុស្សចាស់ អាហារូបត្ថម្ភ និងជំរុញប្រជាពលរដ្ឋកម្ពស់ការដាំដំណាំ បន្លែបង្ការ ក្នុងសហគមន៍ ដើម្បីមានសុខភាពល្អ។

គោលដៅទី២ ប្រតិភូបានមើលឃើញពីការអប់រំផ្សព្វផ្សាយ ពីសំណាក់អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយផ្តោតលើការទប់ស្កាត់ជំងឺមហារីក និង ជំងឺមិនឆ្លងចម្បងៗនានា ដោយ លោកយាយ លោកតា បងប្អូន ប្រជាពលរដ្ឋ មានការយល់ដឹងច្រើនពីវិធានការទប់ស្កាត់ជំងឺទាំងនេះ តាមរយៈការអនុវត្តពាក្យស្លោក «ស្រឡាញ់ខ្លួន ស្ងួនចំណី» មិនប្រៃ មិនផ្អែម មិនខ្លាញ់ មិនភេសជ្ជៈកំប៉ុងច្រើនពេកជាដើម រួមជាមួយការធ្វើលំហាត់ប្រាណទៀងទាត់ជារៀងរាល់ថ្ងៃផងដែរ ។

គោលដៅទី៣ គណៈប្រតិភូទៅទស្សនកិច្ចសហគមន៍នេសាទ ទេសចរណ៍ធម្មជាតិកំពង់សាមគ្គី ស្ថិតនៅក្នុងឃុំត្រពាំងសង្កែ ស្រុកទឹកឈូ និងដាំដើមកោងកាង ដើម្បីរួមចំណែកក្នុងការ ការពារបរិស្ថាន កាត់បន្ថយការប្រែប្រួលអាកាសធាតុ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍នេះប្រមាណជាង៤០០គ្រួសារ។

ដោយឡែកគោលដៅទី៤ នៅវិទ្យាល័យនរោត្តមរណឬទ្ធិ ឯណោះវិញ គណៈប្រតិភូ បានសង្កេតឃើញថា យុវជនកាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើជាគំរូ ជាមិត្តអប់រំមិត្ត នៅសាលារៀន និងការចូលរួមផ្សព្វផ្សាយបន្តដល់មិត្តភក្តិ ក្រុមគ្រួសារ ដើម្បីលើកកម្ពស់សុខភាព អនាម័យបរិស្ថាន ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងចូលរួមដាំដើមឈើជាដើម។

បន្ទាប់ពីបានចូលរួមសកម្មភាពទាំង៤គោលដៅនេះរួច លោកស្រី កាទ្រីន ក្លាសុន ប្រធានប្រតិភូសហព័ន្ធអន្តរជាតិ បានថ្លែងចំណាប់អារម្មណ៍យ៉ាងពេញចិត្ត ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជា ជាពិសេសអ្នកស្ម័គ្រចិត្តនៅក្នុងសហគមន៍ ដែលជាប្រតិបត្តិករដ៏សំខាន់ បានជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនឱ្យទទួលបានសុខភាពល្អ និងមានភាពធន់នៅសហគមន៍ លោកស្រីសូមកោតសរសើរចំពោះ កាកបាទក្រហមកម្ពុជា ដែលបង្កើត និងជំរុញឱ្យមានបណ្តាញអ្នកស្ម័គ្រចិត្ត នៅតាមសហគមន៍បែបនេះ។

ប្រធានប្រតិភូសហព័ន្ធអន្តរជាតិរូបនេះបន្តថា កាកបាទក្រហមកម្ពុជា ចាប់តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់សាខា អនុសាខា និងអ្នកស្ម័គ្រចិត្តនៅមូលដ្ឋាន គឺមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបំពេញការងារ ដែលការងារទាំងនេះបានផ្តល់នូវចំណេះដឹង-ជំនាញ និងយកចំណេះ-ជំនាញទាំងនេះ ទៅអប់រំផ្សព្វផ្សាយបន្ត ដើម្បីសហគមន៍មានសុខភាពល្អ និងជីវភាពរីកចម្រើន។ បន្ថែមពីនេះ យុវជនកាកបាទក្រហមកម្ពុជា កាន់តែមានចំណេះដឹងខ្ពស់ ដែលអាចដើរតួនាទីជាមិត្តអប់រំមិត្ត ស្តីពីសុខភាព អនាម័យ នៅតាមសាលារៀនរបស់ពួកគេទៀតផង។ តាមរយៈសកម្មភាពទាំងអស់នេះលោកស្រី ក៏បានលើកទឹកចិត្តដល់ កាកបាទក្រហមកម្ពុជា សូមបន្តចែករំលែកបទពិសោធន៍ នៃការអនុវត្តសកម្មភាព ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុនេះ ទៅតាមបណ្តាសហគមន៍ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាសមាគមជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម នៅក្នុងតំបន់ ដើម្បីយកទៅអនុវត្តនៅតាមសហគមន៍រៀងៗខ្លួនរបស់គេផងដែរ៕ អត្ថបទ៖ សំ ងីម











-
ព័ត៌មាន7 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា6 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា6 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន5 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន5 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ