Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពិនិត្យវឌ្ឍនៈភាពការងារជួសជុលថែទាំ និងតុបតែងភ្លើងបំភ្លឺតាមមហាវិថី ត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌពាក់ព័ន្ធចុះពិនិត្យវឌ្ឍនៈភាពការងារជួសជុល ថែទាំ និងតុបតែងភ្លើងបំភ្លឺនៅមហាវិថី សម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ចាប់ពីស្ពានអាកាសមរតកតេជោរហូតដល់ស្ពានអាកាស សម្តេចមហាបវរធិបតីនិងបន្តពិនិត្យមើលការងារមួយចំនួនទៀតនៅតាមមហាវិថី និងផ្លូវនានាជាច្រើនក្នុងរាជធានី ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ ដើម្បីឱ្យបានរួចរាល់នៅមុនកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញពន្លឿននៃការជួសជុលហេដ្ឋារចនាសម្ព័ន្ធនានា ដែលនៅសេសសល់នៅលើមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដែលមានទាំងប្រព័ន្ធលូ ការជួលជុលអ៊ុតកៅស៊ូ ដែលនៅសេសសល់ ការតុបតែងភ្លើងបំភ្លឺសាធារណៈ គំនូសចរាចរណ៍ ការរៀបចំចិញ្ចើមផ្លូវសងខាងជាដើម។ ក្រៅពីនេះឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យរៀបចំសណ្តាប់ធ្នាប់ រៀបចំកែលម្អរហេដ្ឋារចនាសម្ព័ន្ធនានា និងការរៀបចំឱ្យមានការពង្វៀងចរាចរណ៍នៅលើតម្រាយផ្លូវមួយចំនួនផ្សេងទៀតដែលប្រតិភូឆ្លងកាត់ផងដែរ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនាព្រឹកថ្ងៃដដែលនេះថា គ្រប់កិច្ចការ និងភារកិច្ចដែលទទួលបានពីគណៈកម្មការថ្នាក់ជាតិ ជាពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ ការរៀបចំថែរក្សាអនាម័យ និងបរិស្ថាន។ល។ គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចរាល់ហើយ។ ការងារអាទិភាពដែលរដ្ឋបាលរាជធានីកំពុងយកចិត្តទុកដាក់ពោលគឺរាល់កិច្ចការដែលគណៈកម្មការថ្នាក់ជាតិដាក់មក គឺត្រូវធានាឱ្យកិច្ចប្រជុំកំពូលអាចដំណើរការទៅបានដោយរលូនតាមការគ្រោងទុក និងជោគជ័យ ពិសេសគឺដើម្បីមោទនភាពជាតិ។ ដើម្បីធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនគណៈប្រតិភូ គឺរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងសហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់បំផុត ជាមួយនឹងគណៈកម្មការសន្តិសុខថា្នក់ជាតិ ដោយមិនអាចធ្វេសប្រហែសបានឡើយ។

ជាមួយគ្នានេះដែរក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញលោកស្រីបានស្នើសុំការយោគយល់ អធ្យាស្រ័យផងដែរ ក្នុងករណីមានការរំខាន ឬប៉ះពាល់ដល់ការធ្វើដំណើររបស់បងប្អូនដែលអាចកើតឡើងដោយការកកស្ទះចរាចរណ៍នៅជុំវិញទីតាំងប្រារព្ធពិធីនៃព្រឹត្តិការណ៍ប្រជុំកំពូល និងកម្មវិធីអមនានា។ សូមមេត្តាផ្តល់អាទិភាពជូនក្បូនគណះប្រតិភូជាន់ខ្ពស់ ដែលត្រូវអញ្ជើញមកបំពេញបេសកកម្មនៅរាជធានីភ្នំពេញអាចធ្វើដំណើរ ដោយរលូន និងដើម្បីជាការលើកកិត្តិយស និងមុខមាត់របស់ប្រទេសជាតិយើងទាំងអស់គ្នា។ លោកស្រីបានបន្តថា វប្បធម៌នៃការចូលរួមសហការដ៏ល្អផូរផង់នេះ បានធ្វើឱ្យរាជធានីភ្នំពេញទទួលបាននូវការកោតសរសើរ និងមានមោទនភាពយ៉ាងក្រៃលែង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia