Connect with us

ព័ត៌មាន

កម្ពុជា បើកយុទ្ធនាការចាក់វ៉ាក់សាំងកម្ចាត់មហារីកមាត់ស្បូនដល់កុមារីអាយុពី ៩ឆ្នាំ ដល់ ១៤ឆ្នាំទូទាំងប្រទេស

លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញប្រកាសបើកយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ដល់កុមារីអាយុពី៩ឆ្នាំ ដល់១៤ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា, នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦។

យុទ្ធនាការនេះ មានការចូលរួមពីតំណាង UNICEF ប្រចាំកម្ពុជា និង WHO ប្រចាំកម្ពុជា និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអភិបាលរងរាជធានី-ខេត្ត នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលទាំង ២៥ ខេត្ត-ក្រុង និងមន្ត្រីសុខាភិបាល ដៃគូអភិវឌ្ឍន៍ មាតាបិតា និងកុមារីគោលដៅ (ផ្ទាល់ និងអនឡាញ)។

លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានមានប្រសាសន៍ថា ពិធីប្រកាសនេះ មានគោលបំណងជូនដំណឹងពីការចាប់ផ្តើមយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូន ទៅដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធនានា ទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ ព្រមទាំងមាតាបិតា អាណាព្យាបាល និងប្រជាពលរដ្ឋទូទាំងប្រទេស បានដឹងពីព័ត៌មាន ទីតាំង ពេលវេលា ត្រូវនាំកូនជាកុមារីដែលមានអាយុ៩ឆ្នាំ ដល់១៤ឆ្នាំ មកទទួលថ្នាំបង្ការជំងឺមហារីកមាត់ស្បូន។ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនធ្លាប់បាន ប្រកាសបើកឱ្យអនុវត្តទូទាំងប្រទេសដល់កុមារីអាយុ៩ឆ្នាំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទិ្ធការ្យ បានថ្លែងថា តាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្រោមការជួយគាំទ្រថវិកាពីអង្គការ Gavi ព្រមទាំងមានការគាំទ្របច្ចេកទេសពីអង្គការសុខភាពពិភពលោក អង្គការយូនីសេហ្វ និងអង្គការ CHAI ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក អនុវត្តនូវយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនទូទាំងប្រទេសនៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ ទាំងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅតាមសហគមន៍ និងតាមមណ្ឌលសុខភាពដោយឥតគិតថ្លៃ ដោយផ្តោតលើយុទ្ធសាស្ត្រសំខាន់ចំនួន២គឺ៖ ទី១-ការអនុវត្តយុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុពី ១៣ឆ្នាំ ដល់ ១៤ឆ្នាំ និងផ្តល់ដល់កុមារីអាយុពី១០ឆ្នាំ ដល់១២ឆ្នាំ ដែលមិនទាន់បានទទួលពីមុនមក និងទី២- ការបន្តផ្តល់ថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនជាប្រចាំដល់កុមារីអាយុ ៩ឆ្នាំ នៅទូទាំងប្រទេស។ យុទ្ធនាការថ្នាក់ជាតិក្នុងឆ្នាំ២០២៦ នេះ នឹងត្រូវអនុវត្តចែកចេញជា ២ដំណាក់កាល គឺ៖ ដំណាក់កាលទី១ អនុវត្តចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្នុងរាជធានី-ខេត្តចំនួន១២ (រួមមាន រាជធានីភ្នំពេញ ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង មណ្ឌលគិរី ព្រះសីហនុ កោះកុង និងប៉ៃលិន) និងដំណាក់កាលទី២ អនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៦ នៅក្នុងខេត្តចំនួន ១៣ទៀត (រួមមាន បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កណ្តាល តាកែវ កំពង់ស្ពឺ កំពត កែប ព្រៃវែង ស្វាយរៀង រតនគិរី ក្រចេះ និងត្បូងឃ្មុំ)។

លោកជំទាវសាស្រ្តាចារ្យ រដ្ឋលេខាធិការ ក៏សូមអំពាវនាវដល់មាតាបិតា អាណាព្យាបាលទាំងអស់ សូមនាំកុមារីដែលមានអាយុពី ៩ឆ្នាំ ដល់១៤ឆ្នាំទាំងអស់ (រួមទាំងកុមារីអាយុ ១៣-១៤ឆ្នាំ កុមារី អាយុ ១០-១២ឆ្នាំ ដែលមិនទាន់បានទទួលវ៉ាក់សាំងពីមុន និងកុមារីអាយុ ៩ឆ្នាំ) មកទទួលថ្នាំបង្ការ ជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ក្នុងអំឡុងពេលយុទ្ធនាការនេះ នៅតាមសាលារៀន មណ្ឌលសុខភាព និងតាមភូមិ-សហគមន៍ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខាន ឡើយ៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia