Connect with us

ព័ត៌មាន

រយៈពេល១០ខែឆ្នាំនេះ​ ការដោះដូរពាណិជ្ជកម្មលើទីផ្សារ​អន្តរជាតិ​របស់កម្ពុជាមានទំហំទឹកប្រាក់កើនដល់ជាង ៦៣ ពាន់លានដុល្លារ

ការដោះដូរពាណិជ្ជកម្មទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុងរយៈពេល១០ ខែ ឆ្នាំ២០២៦, មានទំហំទឹកប្រាក់សរុបកើនដល់ជាង ៦៣,៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មានទឹកប្រាក់ជិត ៣០ ពាន់លានដុល្លារ ខណៈការនាំចូល ពីបរទេសមានទឹកប្រាក់ជាង ៣៣ ពាន់លានដុល្លារ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្ម ទៅកាន់ទីផ្សារអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៦ មានទំហំទឹកប្រាក់សរុបប្រមាណជាង ៦៣,៤ ពាន់លាន ដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥ ដោយក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ ជិត ៣០ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២០ ភាគរយ និងការនាំចូលពីបរទេសមកកម្ពុជា មានទឹកប្រាក់ជាង ៣៣ ពាន់លាន ដុល្លារអាមេរិក កើនជាង ២១ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំ២០២៥។

ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ការនាំចេញសម្លៀកបំពាក់ គ្រឿង បន្ទាប់បន្សំធ្វើពីក្រណាត់ មានទឹកប្រាក់ជិត ៦,៨ ពាន់លានដុល្លារ, សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំមិនធ្វើពីក្រណាត់ជាង ៣,៣ ពាន់លានដុល្លារ, កៅស៊ូ និងផលិតផលធ្វើពីកៅស៊ូជាង ២,៦ ពាន់លានដុល្លារ, គ្រឿងសង្ហារឹមជិត ១,៦ ពាន់លានដុល្លារ, វត្ថុធ្វើពី ស្បែក និងបរិក្ខាធ្វើពីរោមជិត ២ ពាន់លានដុល្លារ, ស្បែកជើង ស្រោមជើងជាង ១,៨ ពាន់លានដុល្លារ, ម៉ាស៊ីនឧបករណ៍អគ្គិសនី និង គ្រឿងបង្គុំ ជាង ១,៦ ពាន់លានដុល្លារ, ផ្លែឈើនិងគ្រាប់ផ្លែឈើ ជាង ១,៦ ពាន់លានដុល្លារ ក្រៅពីនេះនៅមានមុខទំនិញសំខាន់ៗ ជាច្រើនទៀតដែលកម្ពុជាបាននាំចេញ។

បណ្ឌិត សួនម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងថា បច្ចុប្ប​ន្នទោះបីពិភពលោក ពោរពេញទៅដោយភាពមិន ទាន់ប្រាកដប្រជាខ្ពស់ និងពិបាកប៉ាន់ស្មាន តែការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា បានបន្តមានកំណើនល្អប្រសើរ, ការណ៍នេះបាន កើតចេញ អំពីវិធានការបន្ទាន់របស់រាជរដ្ឋាភិបាលនៅចំពោះមុខ និងក្នុងរយៈពេលខ្លី និងវិធានការគោលនយោបាយរយៈពេលមធ្យម និងវែងខាងមុខ ដែលផ្តោតលើការបន្តដោះស្រាយបញ្ហាប្រឈមជារចនាសម្ព័ន្ធ ក្នុងការជំរុញធ្វើពិពិធកម្មសេដ្ឋកិច្ច ការលើកកម្ពស់ប្រ កួតប្រជែង និងការកសាងភាពធន់សម្រាប់សេដ្ឋកិច្ចសង្គម ជាពិសេសការទាក់ទាញ ការលើកកម្ពស់ និងបង្កើតតំនុកចិត្តដល់អ្នក វិនិយោគ និងការបង្កើតទំនាក់ទងល្អជាមួយដៃគូរពាណិជ្ជកម្មជាដើម។

សូមបញ្ជក់ថា ទីផ្សារដែលគាំទ្រកំណើនខ្ពស់ដល់ការនាំចេញរបស់កម្ពុជា នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៦ រួមមាន៖ ទីផ្សារសហ រដ្ឋអាមេរិក បានស្រូបយកទំនិញកម្ពុជា មានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើនជាង ២៧ ភាគរយ, វៀតណាមជិត ៣,៤ ពាន់ លានដុល្លារ កើនជាង ៨ ភាគរយ, ចិនជាង ១,៦ ពាន់លានដុល្លារ  កើនជាង ២៦ ភាគរយ, ជប៉ុនជាង ១,៦ ពាន់លានដុល្លារ កើនជាង ២២ ភាគរយ ក្រៅពីនេះនៅមានទីផ្សារជាច្រើនទៀតដែលបាននិងកំពុងគាំទ្រដល់កំណើននៃការនាំចេញរបស់កម្ពុជា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia