Connect with us

ព័ត៌មាន

អបអរសាទរ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួលបានជ័យលាភី​បញ្ចប់​ការ​បន្ទោប​ង់​ពាស​វាល​ពាសកាល​ (ODF)

នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នៅក្នុងបរិវេណបុរីវប្បធ៌មកោះសំពៅមាស ទីរួម​ខេត្ត​ពោធិ៍សាត់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​​ប្រកាសទទួលស្គាល់ជាផ្លូវការ ខេត្តពោធិ៍សាត់ជាខេត្តទី២៤ ទទួល​បាន​ជ័យ​លាភី​បញ្ចប់​ការ​បន្ទោ​បង់​ពាសវាលពាសកាល (ODF)។ អញ្ជើញចូលរួមក្នុងពិធីប្រកាសនេះរួមមានវត្តមានរបស់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្តម ម៉ក់ រ៉ា ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត, ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តមអភិបាល នៃ​គណៈ​អភិបាលខេត្ត, មន្ដ្រីរាជការ, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ, យុវជន, សិស្សា​នុសិស្ស​, ​ប្រជាពលរដ្ឋ, ភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ សរុបប្រមាណ ១ ៥៣០ នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បាន​ធ្វើ​របាយការណ៍​ស្វាគមន៍​ ដោយជម្រាបជូនអំពីស្ថានភាពទូទៅនៅក្នុងខេត្ត ជាពិសេស​ការ​រីក​ចម្រើន​នៃ​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំងការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅតាមរយៈការបរិភោគ និងប្រើ​ប្រាស់​ទឹក​ស្អាត ព្រមទាំងការប្រតិបត្តិអនាម័យជាក់ស្ដែង ដោយនៅក្នុងខេត្តពោធិ៍សាត់ មានខ្នង​ផ្ទះ​ប្រើប្រា​ស់បង្គន់អនាម័យ ស្មើនឹង ១០០% ក្នុងនោះខ្នងផ្ទះមានបង្គន់ប្រើប្រាស់ផ្ទាល់ខ្លួន ៩៤% និង​ខ្នងផ្ទះប្រើប្រាស់បង្គន់រួម ៦%។ បន្ទាប់មក លោក យី គឹមថាន នាយកស្ដី​ទី​អង្គការ​ភ្លែន​អន្ដរជាតិ​ប្រចាំ​កម្ពុជា បានថ្លែងសុន្ទរកថាអំពីចំណាប់អារម្មណ៍ក្នុងនាមតំណាងអង្គការដៃគូ ដោយ​បាន​សម្ដែង​ការអបអរសាទរ និងមោទនភាពចំពោះជ័យលាភី ODF របស់ខេត្តពោធិ៍សាត់ ដែល​បង្ហាញ​ពី​លទ្ធផលនៃកិច្ចសហប្រតិបត្តិការល្អរវាងក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំង​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ជាមួយ​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ក្នុង​ការ​ជំរុញបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ទូទាំងប្រទេសនៅឆ្នាំ២០៣០ ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍ស្វាគមន៍របស់រដ្ឋបាលខេត្ត និង​ចំណាប់​អារម្មណ៍​របស់​តំណាង​អង្គការ​ដៃ​គូរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​ និងសមិទ្ធផលនានា ដែលខេត្តពោធិ៍សាត់សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ជា​ពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាម​រយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។ ជាមួយគ្នានោះ ឯក​ឧត្ដម​រដ្ឋមន្រ្ដី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ពីសំណាក់​ប្រមុខ​ថ្នាក់​ដឹកនាំកំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ជូនអង្គពិធីទាំងមូល។ ឯកឧត្ដមរដ្ឋមន្រ្ដី បាន​បញ្ជាក់ជូនអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាព​នយោបាយ ឯករាជ្យ អធិតេយ្យភាព និងបូរណៈភាពទឹកដី ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបានបន្ដជម្រាបជូនអំពីយុទ្ធសាស្ដ្រគន្លឹះទាំង ៥ របស់ក្រសួង ដែល​មាន​ចក្ខុ​វិស័យ “កសាងតំបន់ជនបទកម្ពុជាឱ្យមានវិបុលភាព ប្រកបដោយបរិយាបន្ន និងចីរភាព ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍សង្កត់ធ្ងន់បន្ថែមទៀតថា សមិទ្ធផល​ដែល​សម្រេច​បាន​ទាំង​អស់​នេះ គឺកើតចេញពីរគុណបំណាច់នៃ “សុខសន្តិភាព” ដែលបានមកពីការលះបង់ដ៏ធំធេង និ​ង​ការ​ខិត​ខំ​ប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជន ដោយយក​ជីវិត​ធ្វើ​ជា​ដើម​ទុន​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា ជាបិតាសន្តិភាព ស្ថាបនិក​មគ្គុទេសក៍​ឯក ​និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបានដឹកនាំ​ប្រកប​ដោយ​ជោគជ័យ​នូវ​យុទ្ធ​សាស្រ្ត​ត្រី​កោណ និងយុទ្ធសាស្ត្រចតុកោណទាំង ៤ដំណាក់កាលជាបន្តបន្ទាប់ និងក្រោម​ការ​បន្ត​វេន​ដឹកនាំ​ប្រកប​ដោយ​ថាមវន្ដរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​ សមដូចពាក្យថា“មានសន្តិភាព ទើបមានការអភិវឌ្ឍ”៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia