Connect with us

ព័ត៌មាន

ព្រឹត្តិការណ៍«បុណ្យភ្នំ» នៅឧទ្យានជាតិគិរីរម្យខិតជិតមកដល់ រដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ

កំពង់ស្ពឺ៖ បើគិតចាប់ថ្ងៃនេះ គឺនៅសល់មួយសប្ដាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍«បុណ្យភ្នំ» ក្នុងតំបន់ឧទ្យានជាតិគិរីរម្យ នឹងចាប់ផ្ដើមហើយ ខណៈរដ្ឋបាលខេត្តកំពង់ស្ពឺរំពឹងថានឹងមានភ្ញៀវជាតិ-អន្តរជាតិចូលរួមច្រើនកុះករ។

សូមជម្រាបជូនថា រដ្ឋបាលខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានប្រកាសរៀបចំព្រឹត្ដិការណ៍ «បុណ្យភ្នំ» រយៈពេល២ថ្ងៃ គឺចាប់ពី ថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៦ ក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិតនៅក្នុង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ការរៀបចំព្រឹត្តិការណ៍«បុណ្យភ្នំ» នេះឡើងគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានភាពរីកចម្រើន ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តតាមរមណីយដ្ឋាន តំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រនានា។

រដ្ឋបាលខេត្តរំពឹងថា ក្នុងព្រឹត្តិការណ៍នេះនឹងបងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ ភ្ញៀវអន្តរជាតិចូលរួមទស្សនាកម្សាន្តច្រើនកុះករ។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ សាធារណជន ភ្ញៀវជាតិ-អន្តរជាតិ គឺជាការចូលរួមលើកស្ទួយវិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ បរិស្ថានធម្មជាតិឱ្យកាន់តែលេចធ្លោឡើងបន្ថែមទៀតផងដែរ។

ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ (គិរីរម្យ) ស្ថិតនៅចម្ងាយ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា ព្រមទាំងជាឧទ្យានជាតិដែលបង្កើតឡើងជាផ្លូវការដំបូងបង្អស់នៅកម្ពុជា។ ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលសម្បូរពោរពាសទៅដោយសក្តានុពលធម្មជាតិ ជាមួយនឹងទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងមានលម្អទៅដោយដើមស្រល់ធម្មជាតិ ជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia