ព័ត៌មាន
សហជីពនៅកម្ពុជា៖ វិធានការរកការងារជូនពលករមកពីថៃរបស់ក្រសួងការងារមានលក្ខណៈគ្រប់ជ្រុងជ្រោយ លឿនរហ័ស និងបង្ហាញពីការយកចិត្តទុកដាក់
(ភ្នំពេញ)៖ សហជីពនៅកម្ពុជាវាយតម្លៃថាការដាក់ចេញនូវវិធានការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការរកការងារជូនពលករខ្មែរដែលត្រឡប់មកពីថៃគឺមានប្រសិទ្ធខ្ពស់ និងបានបង្ហាញពីការយកចិត្តទុកដាក់ជាខ្លាំង។ ការវាយតម្លៃរបស់សហជីពនេះ គឺធ្វើឡើងក្រោយក្រសួងការងារបានដាក់ចេញនូវវិធានការសំខាន់ៗចំនួន ១១ចំណុចដើម្បីសម្របសម្រួលដល់ពលករខ្មែរដែលត្រឡប់មកពីថៃឱ្យទទួលបានឱកាសការងារ។
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានលើកឡើងថា ការដាក់ចេញនូវយុទ្ធនាការរបស់ក្រសួងការងារ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ដើម្បីធានានូវការរកការងារធ្វើជូនបងប្អូនពលករ។
លោក សំ សឿន បានគូសបញ្ជាក់ថា៖ “យុទ្ធនាការ និងយន្តការនានារបស់ក្រសួងការងារដែលបានជួយសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យទទួលបានឱកាសការងារនេះ គឺជាការចាំបាច់ និងមានសារៈសំខាន់ ហើយវាជាការយកចិត្តទុកដាក់មួយដែលក្រសួងការងារបានដាក់ចេញបន្ថែមលើការងារដែលមានស្រាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា”។
ទន្ទឹមនឹងនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពកម្ពុជា មានប្រសាសន៍ថាវិធានការដែលក្រសួងបានដាក់ចេញ គឺមានភាពល្អប្រសើរ និងស្របជាមួយនឹងតម្រូវការកម្លាំងពលកម្មនៅក្នុងប្រទេសកម្ពុជា។
លោកលើកឡើងថា៖ “នេះជាវិធានការដ៏ល្អរបស់ក្រសួងការងារក្នុងការទទួលយកពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដោយបានផ្តល់ការងារជូនដល់ពួកគាត់ ខណៈដែលបច្ចុប្បន្ននេះ នៅកម្ពុជាសម្បូរនូវការងារជាច្រើនដែលមានតម្រូវការកម្លាំងពលកម្មស្រាប់”។
ជាមួយគ្នានេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា បានគូសបញ្ជាក់ពីការចូលរួមរបស់សហជីពជាមួយក្រសួងការងារក្នុងការសម្របសម្រួលឱ្យបងប្អូនពលករខ្មែរបានចូលធ្វើការងារ ជាពិសេសគឺការបង្កើតនូវទំនាក់ទំនងល្អជាមួយនិយោជកឱ្យកាន់តែល្អប្រសើរ។
ប្រធានសហជីពរូបនេះ លើកឡើងថា៖ “ក្នុងនាមជាសហជីព ក៏បានចូលរួមគាំទ្រយ៉ាងពេញទំហឹងលើការរៀបចំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបានចូលរួមផ្សព្វផ្សាយដល់សមាជិកសមាជិកានៅតាមរោងចក្រ និងជួយផ្សព្វផ្សាយជាមួយនឹងនិយោជកអំពីការយកចិត្តទុកដាក់ ការរក្សាទំនាក់ទំនងល្អជាមួយពលករដែលចូលធ្វើការ ដើម្បីបង្ហាញពីភាពយកចិត្តទុកដាក់ទៅវិញទៅមក”។
ដើម្បីធានាថាវិធានការរបស់ក្រសួងការងារកាន់តែមានប្រសិទ្ធិភាព សហជីពនៅកម្ពុជាសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីថៃ សូមរូតរះដាក់ពាក្យរកការងារធ្វើ ដើម្បីឆាប់ទទួលបានឱកាសការងារ និងសូមរក្សាភាពអត់ធ្មត់ និងជឿជាក់លើការសម្របសម្រួលរបស់ក្រសួងការងារក្នុងការរកការងារជូនបងប្អូនពលករ និងប្រជាជនខ្មែរគ្រប់ៗគ្នា។
បន្ថែមពីនេះ សហជីពនៅកម្ពុជាបានអះអាងថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយក្រសួងការងារក្នុងការសម្របសម្រួល និងស្វែងរកឱកាសការងារជូនដល់ពលរដ្ឋ ជាពិសេសពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ៕










-
ព័ត៌មាន3 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS5 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»