ព័ត៌មាន
ឯកឧត្តម វង សូត អនុញ្ញាតឱ្យនិស្សិតអាហារូបករណ៍កម្ពុជា-ឆែក និងកម្ពុជា-រុស្សី ចូលជួបសំណេះសំណាល និងទទួលអនុសាសន៍
ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញទទួលជួបសំណេះសំណាល និងអនុសាសន៍ណែនាំដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋឆែក និងសហព័ន្ធរុស្សី ព្រមទាំងនិស្សិតអាហារូបករណ៍ទើបបញ្ចប់ការសិក្សាពីសហព័ន្ធរុស្សី សរុប៥៧នាក់ នៅវិមានរដ្ឋសភា។
ក្រោយពីបានស្តាប់របាយការណ៍តំណាងនិស្សិតអាហារូបករណ៍ទាំងពីរ ឯកឧត្តម វង សូត បានសម្តែងនូវការអបអរសាទរ និងកោតសរសើរ ព្រមទាំងបានណែនាំឱ្យនិស្សិតទាំងអស់ត្រូវប្រឹងប្រែងរៀនសូត្រ ក្រេបយកចំណេះដឹង និងបទពិសោធល្អៗពីបណ្ដាប្រទេសទាំង នោះ ដើម្បីកសាងសមត្ថភាពរបស់ខ្លួនចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា។ យុវជន សិស្សនិស្សិត មានតួនាទីក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកម្ពុជា-ឆែក និងកម្ពុជា-រុស្សី ហើយក៏ជាទូតសុច្ឆន្ទៈតំណាងប្រទេស ដើម្បីផ្សព្វផ្សាយអំពីពីវប្បធម៌ អរិយធម៌ អត្តសញ្ញាណជាតិ និងសក្តានុពលវិស័យទេសចរណ៍កម្ពុជា នៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ ដើម្បីបង្កើនភ្ជាប់ទំនាក់ទំនងប្រជាជន និងប្រជាជន ក្នុងការទាក់ទាញអ្នកទេសចរ ឱ្យមកកាន់កម្ពុជាច្រើនបន្ថែមទៀត។
ក្នុងឱកាសនេះដែរ ឯកឧត្តម បានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយត្រូវតែដឹងអំពីប្រវត្តិសាស្រ្តរបស់ខ្លួន ដែលធ្លាប់ឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ និងធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ដែលសម្លាប់ប្រជាជនអស់ជាច្រើនលាននាក់។ សន្តិភាព និងការអភិវឌ្ឍដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ឥស្សរជនជាតិជាន់ខ្ពស់របស់យើង ក្នុងការតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ កាលពីឆ្នាំ២០២២ តុលាការខ្មែរក្រហម ឬអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក. បានបិទបញ្ចប់ និងបានចេញនូវសាលជាសាលដីកាពាក់ព័ន្ធនឹងសំណុំរឿងរបស់មេដឹកនាំខ្មែរក្រហម ជាស្ថាពរ ដែលមានការទទួលស្គាល់ជាអន្តរជាតិ។ ថ្មីៗនេះរដ្ឋសភាក៏បានអនុម័តច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ។ ប្រជាពលរដ្ឋត្រូវមានការចងចាំជានិច្ច នូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃ និងផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។
ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានទី២រដ្ឋសភា ក៏បានរំលឹក និងអបអរសាទរចំពោះព្រឹត្តិការណ៍នៃការចុះបូជនីយដ្ឋានចងចាំ នៃកម្ពុជា ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលនេះគឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជា។ “បូជនីយដ្ឋានចងចាំ នៃកម្ពុជា” រួមមាន ទីតាំងឧក្រិដ្ឋកម្មចំនួន ៣ រួមមាន អតីតមន្ទីរឃុំឃាំង ម-១៣ (ស្ថិតនៅព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ) សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។ ចំពោះព្រឹត្តិការណ៍ដែលកំពុងតែកើតឡើងនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា-ថៃ ឯកឧត្តម វង សូត បានលើកឡើងទៀតថា យុវជនត្រូវជឿជាក់លើចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងកាដោះស្រាយជម្លោះព្រំដែននេះ ហើយយុវជនខ្លួនឯងត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពន្យល់ទៅកាន់អន្តរជាតិឱ្យបានដឹងអំពីរឿងពិតដែលកំពុងកើតឡើងនៅកម្ពុជា។
ក្នុងឱកាសនោះដែរ ឯកឧត្តម វង សូត បានលើកឡើងពីសមាជរដ្ឋសភា-ព្រឹទ្ធសភា រៀបចំជាលើកដំបូងកាលពីថ្ងៃទី ២-៣ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា លើប្រធានបទចំនួន៣ គឺ១- ប្រព័ន្ធគាំពារសង្គមកម្ពុជា, ២- សេដ្ឋកិច្ចក្រៅប្រព័ន្ធ, ៣- វិស័យកសិកម្មនៅកម្ពុជា។ ការរៀបចំសមាជរដ្ឋសភា-ព្រឹទ្ធសភា ជាប្រវត្តិសាស្រ្ត កឺដើម្បីធ្វើការសិក្សាធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដើម្បីអភិវឌ្ឍប្រទេសជាតិសម្រេចបានគោលដៅក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់ក្នុងឆ្នាំ ២០៥០ ។
ក្រុមនិស្សិតជ័យលាភីទាំងពីរប្រទេស បានថ្លែងអំណរគុណជ្រាលជ្រៅជូន ឯកឧត្តម វង សូត ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឱ្យក្រុមនិស្សិតអាហារូបករណ៍បានចូលជួបទទួលអនុសាសន៍ល្អៗ នៅក្នុងឱកាសនេះ។ ជាមួយគ្នានេះក្រុមនិស្សិតទាំងងអស់ បានប្តេជ្ញាចិត្តមោះមុតក្នុងការខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបយកចំណេះដឹងនិងជំនាញ ដើម្បីមកបម្រើប្រទេសជាតិ ចូលរួមអភិវឌ្ឍសង្គម ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoថ្ងៃនេះ ក្រុម AOT បន្តចុះសង្កេតការណ៍នៅទីតាំង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងខេត្តពោធិ៍សាត់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហាររបស់យោធាថៃ
-
ព័ត៌មាន1 week agoអាជ្ញាធរមីន៖ប្រជាជនភៀសសឹកប្រមាណ ៣០ម៉ឺន នាក់ ទទួលបានការអប់រំផ្សព្វផ្សាយការយល់ដឹងពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
-
ព័ត៌មាន7 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ផ្ទះ១ខ្នងជូនយោធិន ក្នុងខេត្តបាត់ដំបង