ព័ត៌មាន
កម្ពុជាចាត់ទុកសកម្មភាពទន្រ្ទានរបស់ថៃ ជាឯកតោភាគី គឺបានធ្វើឲ្យប៉ះពាល់កិច្ចខិតខំប្រឹងប្រែងនៃការអនុវត្តបទឈប់បាញ់
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឯកឧត្តម ជុំ សុន្ទរី ចាត់ទុកសកម្មភាព ទន្រ្ទាន ដោយរាយបន្លាលួស ដាក់សំណាញ់របាំង និងដាក់កង់ឡាន ចូលទឹកដីខ្មែរនៅតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺជាទង្វើដែលនាំឲ្យប៉ះពាល់ដល់ កិច្ចព្រមព្រៀងបទឈប់បាញ់នៃប្រទេសទាំងពីរ ដែលបានឯកភាពគ្នាកាលពីកន្លងទៅជាបន្តបន្ទាប់នោះ។
ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥នេះ ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់ថា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចូនការតវ៉ាជាផ្លូវការរបស់រាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សមភាគីថៃ ប្រឆាំងនឹងការបន្តទន្ទ្រានដោយកងទ័ពថៃ ចូលទៅក្នុងតំបន់ព្រំដែនរវាងកម្ពុជា និងថៃជាពិសេសតំបន់ដែលប្រជាពលរដ្ឋកម្ពុជាកំពុងរស់នៅតែម្តង។
ឯកឧត្តមជុំ សុន្ទរី បានបញ្ជាក់ថា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ យោធាថៃនៅតែបន្តសកម្មភាព ដាក់លួសបន្លាបន្ថែមទៀតលើទីតាំងថ្មីចំនួន២ទៀត ស្ថិតនៅចម្ងាយប្រមាណ១០០ម៉ែត្រ និង៨០ម៉ែត ពីទីតាំងដែលយោធាថៃបានដាក់លួសបន្លា សំណាញ់របាំង និងកង់រថយន្ត កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ត្រង់ចន្លោះបង្គោលព្រំដែនលេខ ៤៦-៤៧ ក្នុងមូលដ្ឋានភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានចាត់ទុកថា «សកម្មភាពបន្តទន្ទ្រានកាន់កាប់ជាឯកតោភាគីដោយកម្លាំងយោធាថៃ តាមវិធីដាក់លួសបន្លា នៅផ្នែកព្រំដែនដែលបានរៀបរាប់ខាងលើ កំពុងធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែង ក៏ដូចជាការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរ ក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ដែលបានឯកភាពគ្នា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ កំណត់ហេតុកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ និងលទ្ធផលកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) កម្ពុជា-ថៃជាដើម»។
ឯកឧត្តម ជុំ សុន្ទរី បានបញ្ជាក់បន្ថែមទៀតថា ការទន្រ្ទានរបស់ទាហានថៃមកលើដែនអធិបតេយ្យ ភាពរបស់កម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គឺបានផ្ទុយនឹងស្មារតីនៃអនុស្សារណៈយោគយល់គ្នាកាលពីឆ្នាំ២០០០ផងដែរ ហើយមួយវិញទៀត ការប៉ុនប៉ងបែបនេះមិនត្រឹមតែរំលោភលើអាណត្តិការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ទៅដល់កិច្ចប្រឹងប្រែង និងដំណើរការចរចារបស់ JBC នៃភាគីទាំងពីរផងដែរ។
ដោយឡែកអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជារូបនេះ ក៏បានចាត់ទុកថា សកម្មភាពបែបនេះរបស់ភាគីថៃ គឺជាការបំពានលើគោលការណ៍ និងគោលបំណង ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
យ៉ាងណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា សូមជំរុញឱ្យរាជរដ្ឋាភិបាលថៃ និងយោធាថៃ រក្សានូវស្ថានភាពមិនផ្លាស់ប្តូរដូចដែលមាននៅពេលបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០២៥ ហើយត្រូវធ្វើការដោះស្រាយកន្លែងមានជម្លោះរួមគ្នា តាមរយៈយន្តការ GBC និងJBC ព្រមទាំងគោរពយ៉ាងពេញលេញ និងដោយគ្មានលក្ខខណ្ឌចំពោះកិច្ចព្រមព្រៀងទ្វេភាគី និងកាតព្វកិច្ចអន្តរជាតិទាំងអស់ ដែលបានឯកភាពគ្នាជាបន្តបន្ទាប់នាពេលកន្លងទៅផងដែរ។
ជាថ្មីម្តងទៀត ឯកឧត្តម ជុំ សុន្ទរី ក៏បានលើកឡើងផងដែរថា កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តឥតប្រែប្រួលក្នុងការស្វែងរកដំណោះស្រាយដោយស្មារតីមិត្តភាព ចំពោះជម្លោះព្រំដែនជាមួយប្រទេសជិតខាងទាំងអស់តាមសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដោយបន្តរក្សាការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ប្រកាន់នូវជំហរជាគោលការណ៍របស់ខ្លួនថា ព្រំដែនមិនត្រូវបានផ្លាស់ប្តូរតាមរយៈការប្រើកម្លាំងនោះទេ៕ អត្ថបទបាន ចក់


-
PR NEWS7 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន4 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន7 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន6 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន5 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ