ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
រាជធានីភ្នំពេញ, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមសម្តែងនូវការសោកស្តាយចំពោះឧបទ្ទវហេតុនៃការផ្ទុះគ្រាប់មីនដែលបណ្តាលឱ្យកងទ័ពថៃរងរបួស ។ ក្រសួងការពារជាតិសូមគូសបញ្ជាក់សាជាថ្មីថា កម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ និងប្រកាន់ខ្ជាប់នូវការគោរពអនុសញ្ញាអូតាវ៉ា ដែលកម្ពុជាជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្សនេះ។ ជាមួយគ្នានេះ កម្ពុជាក៏ធ្លាប់បានជម្រាបជូនភាគីថៃនិងសហគមន៍អន្តរជាតិជាច្រើនដងរួចមកហើយថា នៅតាមបណ្តោយព្រំដែនក្នុងទឹកដីកម្ពុជា គឺនៅមានគ្រាប់មីនជាច្រើនដែលបន្សល់ទុកពីសម័យសង្គ្រាមស៊ីវិល។ កម្ពុជាសូមគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងគោលការណ៍ឯកភាពទាំង ១៣ ចំណុចឯកភាពក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
កម្ពុជាសូមអំពាវនាវឱ្យភាគីថៃគោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ព្រមទាំងស្មារតី និងការឯកភាពគ្នា នៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ(GBC) ដែលថា «ភាគីទាំងពីរបានព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឱ្យផ្លាស់ទីហួសពីទីតាំងដែលខ្លួនបានឈរជើងក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាននៅម៉ោង១២ រំលងអធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឡើយ។ ភាគីទាំងពីរមិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការដើរល្បាតទៅលើទីតាំងរបស់ភាគីម្ខាងទៀតឡើយ។
លើសពីនេះទៀត កម្ពុជាបានប្រកាន់ខ្ជាប់និងអនុវត្តតាមស្មារតីដែលភាគីទាំងពីរបានឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នាពេលកន្លងមក ជាពិសេសកិច្ចប្រជុំវិសាមញ្ញ ថ្នាក់យោធភូមិភាគរវាងយោធភូមិភាគទី៤ កម្ពុជានិងបញ្ជាការដ្ឋានកងទ័ពភូមិភាគទី២ ថៃ ដែលទើបតែបញ្ចប់ទៅនៅវេលាម៉ោង ១១:៥៣ នាទី ក្នុងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ ដោយភាគីទាំងពីរបានឯកភាពគ្នាបង្កើនជំនឿទុកចិត្តសំដៅកាត់បន្ថយភាពតានតឹង និងរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន ដោយប្រើប្រាស់យន្តការផ្សេងៗដើម្បីដោះស្រាយភាពខុសគ្នាដោយសន្តិវិធី និងបញ្ជៀសការប៉ះទង្គិចគ្នា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពនិងសាមគ្គីភាព និងប្រសិនបើមានបញ្ហាអ្វីត្រូវរួមគ្នាដោះស្រាយតាមយន្តការដែលមានស្រាប់។ ក្នុងន័យនេះ កម្ពុជាស្នើសុំឱ្យភាគីថៃអនុវត្តដូចគ្នានូវស្មារតីនេះ។
កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវគោលជំហរដោះស្រាយបញ្ហាដោយសន្តិវិធី ស្មោះត្រង់ ស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ថ្ងៃពុធ ៤ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥

-
ព័ត៌មាន7 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន6 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន7 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន6 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ