ព័ត៌មាន
គ្រប់ទិដ្ឋភាពពិតនៃវិនាសកម្មបង្កលើកម្ពុជាក្នុងជម្លោះព្រំដែនកម្ពុជាថៃ ត្រូវបានលាតត្រដាងដល់ពិភពលោកបានឃើញ ខណៈដំណើរទស្សនកិច្ចអ្នកសារព័ត៌មានតំបន់អាស៊ីឈានដល់ទីបញ្ចប់
(ព្រះវិហារ-ឧត្តរមានជ័យ-បន្ទាយមានជ័យ)៖ សម្រាប់រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ អ្នកសារព័ត៌មានមកពីប្រទេសចិន ប្រទេសសមាជិកអាស៊ាន និងអ្នកសារព័ត៌មានកម្ពុជា ប្រមាណ៤០នាក់ បានធ្វើដំណើរទៅកាន់ខេត្តចំនួន៣ គឺ៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង ព្យសនកម្ម និងផលវិបាក ដែលបានកើតចេញពីជម្លោះព្រំដែនកម្ពុជាថៃ។ ក្នុងដំណើរទស្សនកិច្ចនេះ ពិសេសនៅពេលបានអញ្ជើញដល់ទីតាំងផ្សេងៗដែលបានទទួលរងការវាយប្រហាររពីសំណាក់កងទ័ពថៃ ក្រុមអ្នកសារព័ត៌មានបានធ្វើកិច្ចសម្ភាសន៍ជាមួយ ព្រះសង្ឃ នាយកសាលា ប្រធានមណ្ឌលសុខភាព អាជ្ញាធរខេត្ត/ស្រុក អ្នកជំនាញ ព្រមទាំងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់បណ្តោះអាសន្ន តាមតំបន់ ដែលជាទីទួលសុវត្ថិភាពរៀបចំសម្រាប់ការពារពួកគេពីគ្រាប់កាំភ្លើង និងការវាយប្រហារណាមួយដែលអាចកើតឡើងទៀតពីសំណាក់កងទ័ពថៃ តាមបណ្តោយព្រំដែន។
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលបានដឹកនាំក្រុមការងារសម្របសម្រួលដំណើរទស្សនកិច្ចនេះ បានបញ្ជាក់ប្រាប់ថា ក្រុមអ្នកសារព័ត៌មានបានទៅដល់គោលដៅនីមួយៗ ក្នុងនោះមានតំបន់ជនភៀសសឹក ទីតាំងវត្តអារាម មណ្ឌលសុខភាព សាលារៀន ព្រមទាំងភូមិឋានប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះថ្នាក់ដោយសារការវាយប្រហារដោយគ្រាប់ផ្លោងធុនធ្ងន់របស់កងទ័ពថៃ ហើយបានផ្តិតយករូបភាពពិតនៃសោកនាដកម្ម ការបំផ្លិចបំផ្លាញ និងផលវិបាកដែលកើតចេញពីទង្វើអមនុស្សធម៌ទាំងនេះ។ ក្រុមអ្នកសារព័ត៌មានបានមើលឃើញដោយផ្ទាល់ភ្នែក នូវការវាយប្រហារ ដោយគ្រាប់ផ្លោង និងអាវុធធុនធ្ងន់របស់កងទ័ពថៃ ទាំងផ្លូវអាកាសដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងយន្តហោះ Gripen សម្រាប់ទម្លាក់គ្រាប់បែកMK84 ក៏ដូចជាការប្រើប្រាស់កាំភ្លើងធំ គ្រឿងសព្វាវុធធុនធ្ងន់ ក្នុងការផ្លោងគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ ១២៧មីលីម៉ែត្រ និង១៥៥មីលីម៉ែត្រ ក្នុងនោះក៏មានស្លាកស្នាមជាច្រើនដែលបានបន្សល់ទុកពីការបាញ់ផ្លោងមកលើភូមិឋានប្រជាពលរដ្ឋស៊ីវិល ចាប់តាំងពីថ្ងៃផ្ទុះអាវុធដាក់គ្នាកាលពីថ្ងៃទី២៤ ខែកក្កដា រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមអនុរដ្ឋលេខាធិការនិងអ្នកនាំពាក្យក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ផងដែរអំពីសារៈសំខាន់នៃសកម្មភាពចុះយកព័ត៌មានដោយផ្ទាល់របស់អ្នកសារព័ត៌មានមកពីបណ្តាប្រទេសក្នុងតំបន់ ថាជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងវិស័យសារព័ត៌មាន ពិសេសពាក់ព័ន្ធនឹងការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យនៅពេលចុះយកនិងរាយការណ៍ព័ត៌មានក្នុងតំបន់ជម្លោះព្រំដែន ដែលអ្នកសារព័ត៌មានចាំបាច់ត្រូវអនុវត្តដោយអាជីពនិងក្រមសីលធម៌ និងសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មានខ្លួនឯងផង សម្រាប់ប្រជាជនដែលរស់នៅក្នុងសហគមន៍ដែលចុះទៅនោះផង ក៏ដូចជាដើម្បីបង្ការហានិភ័យកុំឱ្យកើតមាន និងចូលរួមរក្សាការពារសន្តិសុខជាតិ។
ឯកឧត្តមអនុរដ្ឋលេខាធិការបានមានប្រសាសន៍បន្ថែមថា៖ «ការផ្សព្វផ្សាយ ជាបន្តបន្ទាប់របស់ក្រុមអ្នកសារព័ត៌មាន ទាំងពេលនេះ និងនាពេលកន្លងមក បានរួមចំណែកដ៏សំខាន់ក្នុងការបញ្ជូនជាសារ ឱ្យបានដល់អន្តរជាតិបានដឹង អំពីស្ថានភាពពិត វិនាសកម្មដែលកម្ពុជាបានទទួលរង និងទុក្ខវេទនារបស់ប្រជាជនកម្ពុជា ពិសេសជនភៀសសឹកដែលកំពុងរស់នៅ តាមជំរុំបណ្តោះអាសន្ន»។ ឯកឧត្តមបានមានប្រសាសន៍ថា៖ «ការផ្សាយរបស់សារព័ត៌មានជាតិ និងអន្តរជាតិ បានចូលរួមចំណែកលាតត្រដាងការពិតជូនដល់ពិភពលោកបានដឹងពីទុកសោកសង្រែងរបស់កម្ពុជា ព្រោះការវាយប្រហារដែលកងទ័ពថៃបានធ្វើ មិនត្រឹមបង្កមហន្តរាយមកលើទាហានកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងបានប៉ះពាល់ និងបង្កផលវិបាកធ្ងន់ធ្ងរមកលើពលរដ្ឋកម្ពុជា ជនស៊ីវីលជាច្រើនឥតគណនា។
តាមរយៈការផ្សាយរបស់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយបរទេស ដែលបានចុះមកយកព័ត៌មានផ្ទាល់ ប្រជាជនកម្ពុជាបានអំពាវនាវឱ្យ ពិភពលោកផ្តល់យុត្តិធម៌សម្រាប់កម្ពុជា ដោយឈរលើការពិត និងសច្ចភាព។ ប្រជាជនកម្ពុជាប្រាថ្នាចង់បានតែសន្តិភាព ការរស់នៅដោយសុខដុមរមនា និងការអភិវឌ្ឍដែលផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដោយការគោរពអធិបតេយ្យភាព បូរណភាពទឹកដី លើកកម្ពស់តម្លៃ នៃការរក្សាសាមគ្គីភាព ជាមួយប្រទេសជិតខាងទាំងអស់។
ដំណើរទស្សនកិច្ចនេះត្រូវបានសម្របសម្រួលដោយក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការគ្រប់គ្រងសុវត្ថិភាព និងហានិភ័យក្នុងការរាយការណ៍ស្តីពីជម្លោះ» “Safety and Risk Management Conflict Reporting” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ការចុះសិក្សានៅទីវាលផ្ទាល់ របស់អ្នកសារព័ត៌មាន បានផ្តល់ឱកាសដល់ក្រុមអ្នកសារព័ត៌មានក្នុងការ ស្វែងយល់ស៊ីជម្រៅមួយកម្រិតទៀត ដោយផ្សារភ្ជាប់ទ្រឹស្តីនិងការអនុវត្ត ពាក់ព័ន្ធនឹងការរាយកាណ៍ព័ត៌មានក្នុងស្ថានភាពតានតឹង និងជម្លោះព្រំដែន។ ក្នុងកម្មវិធីទាំងមូល អ្នកសារព័ត៌មានពីបណ្តាប្រទេសក្នុងតំបន់ ក៏បានចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗពាក់ព័ន្ធនឹងប្រធានបទឱ្យគ្នាទៅវិញទៅមកផងដែរ។



















-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន6 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន4 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ
-
ព័ត៌មាន4 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី