ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងការងារ៖ គិតត្រឹមចុងខែសីហានេះពលករវិលត្រឡប់មកពីថៃទទួលបានការងារធ្វើជិត ២០ម៉ឺននាក់
រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋ និងពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃមានចំនួនជិត ២០ម៉ឺននាក់ ទទួលបានឱកាសការងារតាមរយៈក្រសួង និងវិស័យឯកជន បន្ទាប់ពីក្រសួង និងភាគីពាក់ព័ន្ធបានផ្សព្វផ្សាយ និងនាំយកឱកាសការងារទៅដល់មូលដ្ឋាន។

នៅក្រោយចប់ពិធីសម្ពោធដាក់ឱ្យដំណើរការសាខា ប.ស.ស និងមណ្ឌលស្វែងរកការងារ នៅក្នុងផ្សារទំនើប អ៊ីអន មានជ័យ កាលពីរសៀលថ្ងៃទី៣១ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា គិតចាប់តាំងពីដើមទីមក ឱកាសការងារនៅទូទាំងប្រទេសមានចំនួនជាង ៣៥ម៉ឺនកន្លែង ក្នុងនោះវិស័យធំៗចំនួន២ គឺឧស្សាហកម្ម និងកសិកម្ម កំពុងមានតំរូវការកម្លាំងពលកម្មច្រើនជាងគេ ខណៈគម្រោងវិនិយោគថ្មីៗជាច្រើនថែមទៀត ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសអនុម័ត ដើម្បីបង្កើតរោងចក្រ សហគ្រាសនៅប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ជាពិសេសពលករចំណាកស្រុកហើយខុសច្បាប់ថែមទៀត គួរពិចារណាឱ្យបានម៉ត់ចត់មុននឹងសម្រេចចិត្តទៅធ្វើការងារនៅស្រុកគេព្រោះថា ក្រៅពីប្រាក់ឈ្នួលដែលមិនលើសគ្នានៅក្នុងស្រុក ក៏មិនមានអត្ថប្រយោជន៍ផ្សេងៗទៀត។ ដូចជារបបសន្តិសុខសង្គម (ប.ស.ស.) ជាដើម។ ឯកឧត្តម បានបន្ថែមថា នៅពេលមិនមានឯកសារគ្រប់គ្រាន់ហើយទៅធ្វើការនៅស្រុកគេ បងប្អូនពលករប្រឈមការធ្វើបាបពីគេផង ហើយបងប្អូនក៏អត់អាចទទួលបានសេវាសុខាភិបាលពីគេ អញ្ចឹងនៅពេលឈឺហើយទុកយូរធ្វើឱ្យសុខភាពកាន់តែលំបាក ដល់ពេលចាស់ត្រឡប់មកស្រុកកំណើតវិញ គឺថាមិនមានអ្វីទីពឹងទេ ព្រោះថាប្រាក់ដែលរកបានកន្លងមកគឺចាយអស់តែម្តង ហើយពេលខ្លះអាចក្លាយជាបន្ទុករបស់កូនចៅ ឬសាច់ញាតិក៏មានដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើធ្វើការក្នុងស្រុកយើងវិញ ក្រៅពីប្រាក់ឈ្នួល គឺទទួលបាន ប.ស.ស. តាំងពីពេលចូលធ្វើការ ហើយប្រសិនដល់អាយុច្រើន ៦០ឆ្នាំចូលនិវត្តន៍ទៅ ក៏ ប.ស.ស. ចិញ្ចឹមទៅវិញដែរ ហើយនៅពេលមានបញ្ហាសុខភាព ទៅពេទ្យក៏មិនអស់លុយដែរ។

ពាក់ព័ន្ធការលើកឡើងខាងលើរបស់ឯកឧត្តមរដ្ឋមន្រ្តី អតីតពលករទើបត្រឡប់មកពីថៃ គឺលោក ជា វ៉េង និងលោក ឡុង គឹមហួត បច្ចុប្បន្នជាកម្មកររោងចក្រស្បែកជើង ស្ថិតនៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ដោយសារជីវភាពខ្វះខាត និងមិនដឹងថានៅក្នុងស្រុកមានការងារសម្បូរបែបនេះ ទើបបង្ខំចិត្តទៅធ្វើការនៅស្រុកគេ។ ពួកគាត់ បានឱ្យដឹងស្រដៀងគ្នាទៀតថា ទៅថ្ងៃអនាគតខាងមុខ ប្រសិនបើស្ថានភាពព្រំដែនវិលមកប្រក្រតីឡើងវិញ ក៏មិនវិលត្រឡប់ទៅធ្វើការនៅថៃវិញទេ ដោយសារនៅកម្ពុជាមានការងារល្អៗជាច្រើនធ្វើ ប្រាក់ឈ្នួលក៏សមរម្យ ថែមទាំងមានអត្ថប្រយោជន៍ជាច្រើនផ្សេងៗទៀត ដែលនៅស្រុកគេមិនមានផ្តល់ឱ្យ។ ជាពិសេស អាចរស់នៅជួបជុំក្រុមគ្រួសារ សាច់ញាតិដោយភាពសប្បាយរីករាយ និងសុវត្ថិភាពក្នុងការរស់នៅដោយគ្មានការរើសអើងជាតិសាសន៍ជាដើម។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ រួមទាំងអតីតពលករខាងលើ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងពលករដទៃផ្សេងទៀត ដែលមិនទាន់មានការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដោយឥតគិតថ្លៃ ដើម្បីសួរព័ត៌មានអំពីឱកាសការងារ ខណៈដែលសព្វថ្ងៃនេះ ក្រុមហ៊ុន រោងចក្រ សហគ្រាសជាច្រើន បានកំពុងប្រកាសជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែងនៅទូទាំងប្រទេស៕ អត្ថបទ៖ ឈិត បូរ៉ាវី





-
កីឡា1 week agoក្រុមកីឡាអុកកម្ពុជា រំពឹងធ្វើបានកាន់តែល្អ ក្នុងព្រឹត្តិការណ៍ Fide Chess Olympiad 2026 នៅអូសបេគីស្ថាន
-
ព័ត៌មាន1 week agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoឯកអគ្គរាជទូតអង់គ្លេស មានមោទនភាពជាមួយព្រឹត្តិការណ៍កូនហ្គោលលំដាប់ពិភពលោក និងប្រជុំដោយកីឡាករល្បីៗនៅកម្ពុជា
-
ព័ត៌មាន7 days agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន6 days agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ