ព័ត៌មាន
កិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរព្រឹកនេះ មិនទាន់កំណត់បានតួលេខថ្មីណាមួយ នៅឡើយទេ
ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
នៅក្នុងពិធីបើកកិច្ចប្រជុំលើកទីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានមានប្រសាសន៍ថា ដូចទៅនឹងជារៀងរាល់ ការលើកឡើងក្នុងកិច្ចប្រជុំជាលក្ខណៈត្រីភាគី រួមមាន៖ ភាគីសហជីពតំណាងកម្មករនិយោជិត, ភាគីតំណាងនិយោជក និងភាគីរដ្ឋាភិបាល គឺភាគីនីមួយៗបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរបស់ខ្លួនជាមុនសិន។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការជួបជុំជាលក្ខណៈផ្ទៃក្នុងរបស់ភាគីនីមួយៗ គឺមានសារៈសំខាន់ ដោយសារកិច្ចប្រជុំដំបូងជាលក្ខណៈត្រីភាគី គឺយើងគ្រាន់តែបានស្តាប់ បានដឹង បានឮ ហើយឃើញនូវអ្វីដែលជាបម្រែបម្រួលនៃលក្ខណៈវិនិច្ឆ័យនីមួយៗ ប៉ុន្តែភាគីនីមួយៗត្រូវការពន្យល់ពីភាពផ្ទៃក្នុងរបស់ខ្លួនថែមទៀត ថាតើគួរប្រកាន់គោលជំហរយ៉ាងដូចម្តេច ហើយមានយុទ្ធសាស្រ្តយ៉ាងក្នុងការចរចារដូចម្តេច អញ្ចឹងហើយបានជាភាគីនីមួយៗមានភាពចាំបាច់នៅក្នុងការសម្របសម្រួលផ្ទៃក្នុង។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានស្នើភាគីសហជីព និងភាគីនិយោជក ត្រូវផ្តោតទៅលើកិច្ចការងារសំខាន់ៗមួយចំនួនបន្ថែមទៀត ដូចជាការដាក់ពន្ធបរិការណ៍របស់សហរដ្ឋអាម៉េរិក ទោះបីជាកម្ពុជាមានអត្រាពន្ធ ១៩% ធៀបនឹងប្រទេសដទៃទៀតមានប្រហាក់ប្រហែល ២០% ក៏ដោយ ក៏ប៉ុន្តែការបន្ថែមពន្ធនេះ គឺធ្វើឱ្យទំនិញរបស់ទីផ្សារសហរដ្ឋអាម៉េរិក គឺនឹងមានការកើនឡើងថែមទៀត។ ឯកឧត្តម បានបន្តទៀតថា ដូចដឹងហើយថា យោងទៅអ្វីដែលជាទ្រឹស្តីសេដ្ឋកិច្ច ហើយតម្រូវការរបស់មនុស្ស កាលណាតម្លៃទំនិញឡើងថ្លៃ គឺមនុស្សនឹងមានការកាត់បន្ថយនូវផលិតផលទាំងអស់នោះ។ ដូច្នេះយើងរំពឹងថា ជាមួយនឹងអត្រាពន្ធថ្មីដែលសហរដ្ឋអាម៉េរិកបានដាក់ ទោះបីលើកនេះបានថយពីកម្រិតខ្ពស់មកកម្រិតទាបយ៉ាងម៉េចក៏ដោយ ប៉ុន្តែជាអប្បបរមាយ៉ាងហោចណាស់ ក៏តម្លៃទំនិញនៅសហរដ្ឋអាម៉េរិក អាចនឹងកើនជាង ១០% ដោយសារ ១០% នេះ គឺជាពន្ធទាបបំផុតដែលអាម៉េរិកបានយកពីប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន។
បើតាម ឯកឧត្តមរដ្ឋមន្រ្តី យន្តការពន្ធបរិការណ៍ដែលសហរដ្ឋអាម៉េរិកបានកំណត់នេះ បានធ្វើឱ្យកម្ពុជាមើលឃើញថា គូប្រជែងរបស់កម្ពុជា មិនមែនមានតែវៀតណាម មិនមែនមានតែបង់ក្លាដេស និងមិនមែនមានតែឥណ្ឌូនេស៊ីទៀតទេ តាមកាពិតទៅ គឺមានប្រទេសជាង១០០ប្រទេស លើពិភពលោក គឺបានខិតខំខ្នះខ្នែងទៅចរចាជាមួយសហរដ្ឋអាម៉េរិក ដើម្បីចរចាបានអត្រាពន្ធមួយទាប ហើយនឹងកំណត់នូវប្រភពដើមនៃទំនិញដែលចេញពីប្រទេសនីមួយៗ អញ្ចឹងមានន័យថា កម្ពុជាមិនមែនជាប្រទេសតែមួយគត់នៅក្នុងការនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិកទេ គឺកម្ពុជាត្រូវដឹងថា កម្ពុជាមានគូប្រជែងរាប់រយប្រទេសផ្សេងទៀត ដែលត្រូវនាំទំនិញទៅសហរដ្ឋអាម៉េរិកជាដើម។ល។
សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕អត្ថបទ៖ ឈិត បូរ៉ាវី








-
ព័ត៌មាន3 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន2 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន3 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
PR NEWS4 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន6 days agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនបានបង្ហាញច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»