ព័ត៌មាន
ក្រសួងអប់រំ ប្រជុំណែនាំសម្រាប់ការចាប់ផ្ដើមការងារបូកស្រង់ពិន្ទុការប្រឡងសញ្ញាបត្របាក់ឌុប
ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧កញ្ញាម្សិលមិញនេះ បានរៀបចំកិច្ចប្រជុំណែនាំបច្ចេកទេសដល់គណៈកម្មការស្រង់ បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ ដែលជាភាគីសំខាន់ សម្រាប់រាល់ដំណើរការប្រឡងផងដែរ។

កិច្ចប្រជុំនេះរៀបចំឡើងដើម្បីណែនាំពង្រឹងបន្ថែមពីគោលការណ៍ និងបច្ចេកទេសជំរុញឱ្យដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ អនុវត្តដោយភាពត្រឹមត្រូវ តាមបច្ចេកទេសស្របតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបានប្រកបសុក្រឹតភាព ដែលឆ្លុះបញ្ជាំងពីសមត្ថភាពពិតប្រាកដរបស់បេក្ខជនប្រឡង “ចេះគឺជាប់”។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បានផ្តល់អនុសាសន៍មួយចំនួន (១) ឱ្យមានការបន្តពង្រឹងសមត្ថភាពក្រុមការងារនៅគ្រប់ដំណាក់កាលទាំងអស់ ជាពិសេសការពង្រឹងសមត្ថភាពក្រុមមុខវិជ្ជា (២) ពិនិត្យយន្តការត្រួតពិនិត្យផ្ទៀងផ្ទាត់ ធានាឱ្យបាននូវសុក្រឹតភាព (៣) ចំណុចសំខាន់ គឺអ្នកបញ្ចូលពិន្ទុ ត្រូវហ្មត់ចត់ និងច្បាស់លាស់ (៤) បន្តពង្រឹងវិន័យ ហាមឃាត់ឱ្យបានជាដាច់ខាតនូវការប្រើប្រាស់ទូរស័ព្ទដៃក្នុងអំឡុងពេលអនុវត្តការងារ (៥) ការផ្ទៀងផ្ទាត់៖ សូមរៀបចំក្រុមការងារដើរត្រួតពិនិត្យ និងត្រូវមានយន្តការ Spot Check (៦) សូមក្រុមការងាររក្សាសុខភាពឱ្យរឹងមាំ និងស្មារតីនឹងនរ ហ្មត់ចត់ ច្បាស់លាស់ក្នុងការបំពេញការងារនេះ រហូតដល់បញ្ចប់គ្រប់ដំណាក់កាលដោយជោគជ័យ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៏បានកោតសសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានចូលរួមគាំទ្រនូវគ្រប់ដំណាក់កាល ធ្វើឱ្យដំណើរការនៃការប្រឡងឆ្នាំនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យហើយក៏សូមថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់គណៈកម្មការទាំងអស់ ចាប់តាំងពីការចាប់ផ្តើមការប្រឡងរហូតដល់កំណែចប់សព្វគ្រប់ ដោយគូសបញ្ជាក់ថា ក្រសួងនឹងបន្តវាយតម្លៃគ្រប់ដំណាក់កាល (ការសំណេរ កំណែ និងបូកស្រង់ពិន្ទុ និងផ្ទៀងផ្ទាត់) ដើម្បីបន្តកែលម្អយន្តការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យកាន់តែល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
សូមបញ្ជាក់ថា ដំណាក់កាលបូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ មានរយៈពេល១០ថ្ងៃ និងត្រូវបំពេញការងារពេញម៉ោង មិនអនុញ្ញាតឱ្យបញ្ចប់មុនម៉ោងកំណត់ ឬថ្ងៃកំណត់ឡើយ។ ក្រសួងបានកំណត់ យកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ សម្រាប់ប្រកាសលទ្ធផលប្រឡង តាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង២៥ នៅទូទាំងប្រទេស៕ អត្ថបទ៖ គឹមហុក






-
ព័ត៌មាន1 week agoអភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
-
ព័ត៌មាន1 week agoប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ លើកទឹកចិត្តឱ្យក្រុមការងារបន្តយកចិត្តទុកដាក់ដោះស្រាយរាល់សំណើរពលរដ្ឋ
-
ព័ត៌មាន3 days agoក្រសួងសុខាភិបាល ប្រគល់-ទទួលរថយន្តគិលានសង្គ្រោះចំនួន ១០គ្រឿង ដែលជាហិរញ្ញប្បទានឥណទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB Loan)
-
ព័ត៌មាន3 days agoសម្តេចធិបតី៖គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាលជាតិគឺការចូលរួមការពារបូរណភាពទឹកដី ដែលរងនូវការឈ្លានពានពីថៃ
-
ព័ត៌មាន2 days agoសម្តេចតេជោ៖« ការដកមន្ត្រីផ្លែទុរេនចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេ គួរបញ្ជូនទៅACU»
-
ព័ត៌មាន3 days agoអគ្គលេខាធិការដ្ឋានរដ្ឋសភា និងព្រឹទ្ធសភា បិទវគ្គបណ្តុះបណ្តាលស្តីពី “ការទូតសភា” ជូនដល់មន្ត្រីជំនាញនៃសភា កម្ពុជា-ឡាវ
-
ព័ត៌មាន2 days agoសម្រាលការលំបាកពលរដ្ឋភៀសសឹក៖ យុវជនគណបក្សប្រជាជនកម្ពុជា អគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្តល់ការបណ្តុះបណ្តាលជំនាញផលិតសាប៊ូលាងចាន ចែកកង់ សម្ភារៈសិក្សា ដាំដើមឈើ និងអំពូលសូឡា ក្នុងភូមិស្លក្រាម
-
ព័ត៌មាន3 days agoរដ្ឋសភាកម្ពុជាសហការជាមួយ AVI និងKASបើកវគ្គបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីនិងយុវជន ដើម្បីក្លាយជា«ខែលការពារសុចរិតភាពព័ត៌មាន» ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)