ព័ត៌មាន
ជាងចម្លាក់នៅប្រាសាទមេបុណ្យខាងលិច មានសមត្ថភាពឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើម ទុកជាកេរដំណែលរយឆ្នាំបន្តទៀត
គម្រោងជួសជុល និងអភិរក្សប្រាសាទមេបុណ្យខាងលិច ដែលស្ថិតនៅក្នុងអាងបារាយណ៍ទឹកថ្លា តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា កំពុងដំណើរការយ៉ាងសកម្ម និងមមាញឹក។ គម្រោងជួសជុលនេះ ចាប់ផ្តើមតាំងពីឆ្នាំ២០១៨ រហូតមកដល់ពេលនេះ។ បច្ចុប្បន្នមានក្រុមការងារជួសជុលប្រាសាទមេបុណ្យខាងលិច ភាគច្រើនជាអ្នកស្រុកអង្គរ កំពុងតែបំពេញការងារទៅតាមជំនាញរៀងៗខ្លួនជាច្រើនផ្នែក។ ក្នុងនោះ ក៏មានអ្នកជំនាញខាងឆ្លាក់ក្បាច់ចំពោះថ្មថ្មីជំនួសថ្មចាស់តាមទ្រង់ទ្រាយដើម ស្របតាមគណៈកម្មាធិការអនុសាសន៍អាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដោយខិតខំអស់ពីសមត្ថភាពទុកជាកេរដំណែលរយឆ្នាំបន្តទៅមុខទៀត។

លោក ឈឿង ជ័យ អាយុ ៤៨ឆ្នាំ ក្នុងចំណោមអ្នកជំនាញឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច រៀបរាប់ថា លោកបានចូលបម្រើការងារជួសជុលប្រាសាទក្នុងតំបន់អង្គរតាំងពីឆ្នាំ១៩៩៥ ហើយនៅឆ្នាំ២០០០ រៀនជំនាញដាប់ឆ្លាក់លើថ្មថ្មីដែលជំនួសថ្មចាស់ដែលបាត់បង់តាមទ្រង់ទ្រាយដើមឡើងវិញពីអ្នកជំនាញផង និងយកក្បាច់ចម្លាក់ដើមនៅសេសសល់ពីថ្មប្រាសាទជាគំរូផង។ លោកឱ្យដឹងទៀតថា តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំនៃការដាប់ឆ្លាក់នៅតាមការដ្ឋានជួសជុលប្រាសាទនានា លោកបានខិតខំអស់ពីសមត្ថភាពក្នុងការដាប់ឆ្លាក់ក្បាច់តាមទ្រង់ទ្រាយដើមរបស់ប្រាសាទមេបុណ្យខាងលិច ដែលផ្នែកខ្លះថ្មចាស់ត្រូវបានបាត់បង់ដើម្បីទុកជាកេរដំណែលរាប់រយឆ្នាំបន្តទៅមុខទៀត។ ជាមួយគ្នានេះលោក ហាំ ហាន់ អាយុ២៩ឆ្នាំ ជំនាញឆ្លាក់ក្បាច់ចម្លាក់នៅសិប្បករអង្គរ (Artisan Angkor) ដែលបានចូលធ្វើការងារជួសជុលប្រាសាទមេបុណ្យខាងលិច នៅឆ្នាំ២០១៩ ផ្នែកឆ្លាក់ក្បាច់ បានឱ្យដឹងថា ការងារដាប់ឆ្លាក់ក្បាច់នៅប្រាសាទមេបុណ្យខាងលិច លោកទទួលបានចំណេះដឹងបន្ថែមជាច្រើននៃក្បាច់នៅប្រាសាទ ព្រោះនៅគ្រប់ផ្នែកនៃប្រាសាទតែងមានក្បាច់ និងបានបញ្ចេញអស់ពីកម្លាំងកាយចិត្តក្នុងនាមជាអ្នកបន្តវេនលើការងារដាប់ឆ្លាក់។ លោក ហាំ ហាន់ សប្បាយចិត្ត ដែលបានរួមចំណែកក្នុងការចូលរួមឆ្លាក់ក្បាច់នៅប្រាសាទបុរាណ ពិសេស ប្រាសាទមេបុណ្យខាងលិច ដូចក្តីបំណង ដែលប៉ងប្រាថ្នាជាតាំងពីយូរមកហើយនេះ។

ប្រាសាទមេបុណ្យខាងលិច កសាងឡើងក្នុងរជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ នាអំឡុងពាក់កណ្តាលសតវត្សរ៍ទី១១ នៅកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះវិស្ណុក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះបានដួលរលំបាក់បែកខ្លាំងដោយសារអាយុកាល និងការបំផ្លាញដោយកត្តាធម្មជាតិ។ ក្រុមអ្នកអភិរក្ស ដែលសហការរវាងអាជ្ញាធរជាតិអប្សរា និងស្ថានទូតបារាំងប្រចាំកម្ពុជា បានជួសជុលប្រាសាទមេបុណ្យខាងលិច រយៈពេល៧ឆ្នាំមកហើយ។ ការជួសជុលនេះគ្រោងនឹងបញ្ចប់ជាស្ថាពរ នៅចុងឆ្នាំ២០២៦ ខាងមុខ៕


















-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ
-
ព័ត៌មាន6 days agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព