ព័ត៌មាន
មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ (VR Chaktomuk International Hospital) នៅមហាវិថីសម្តេច ហ៊ុន សែន ត្រូវបានបើកការដ្ឋានសាងសង់
ភ្នំពេញ៖ មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ (VR Chaktomuk International Hospital) ស្ថិតនៅលើដីឡូតិ៍លេខ៨២០ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាបើកការដា្ឋនសាងសង់នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ឧកញ៉ា ប៉ា វង្សទិត្យា។

មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ការព្យាបាល បម្រើសង្គម និងចូលរួមជាមួយវិស័យសុខាភិបាលកម្ពុជា ស្របតាមកម្មវិធីនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ លោកស្រី ឧកញ៉ា ប៉ា វង្សទិត្យា បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបាននាំមកនូវសុខសន្តិភាពដ៏ពិសិដ្ឋ ដែលជាមូលដ្ឋានរឹងមាំ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ សន្តិភាពនេះហើយ បានបើកឱកាសឲ្យវិស័យទាំងអស់ រួមទាំងវិស័យសុខាភិបាល អាចរីកចម្រើន ដូចពេលបច្ចុប្បន្ន ពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី តែងតែផ្ដល់អាទិភាពខ្ពស់ ដល់វិស័យសុខាភិបាល ដោយចាត់ទុកថាសុខភាពរបស់ប្រជាជន ព្រមទាំងសុខមាលភាពសង្គម គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់ជាតិ។

លោកស្រី ឧកញ៉ា ប៉ា វង្សទិត្យា បានបន្តថា “មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ ក៏ជាការសម្រេចនៃក្តីបំណងប្រាថ្នា ជាយូរមកហើយរបស់ ក្រុមគ្រួសារនាងខ្ញុំ” គឺបង្កើត “មន្ទីរពេទ្យមួយ ដែលផ្តល់សេវាសុខាភិបាលមានស្ដង់ដារ មានវេជ្ជបណ្ឌិតជាតិ និងអន្តរជាតិ ដែលមានជំនាញវិជ្ជាជីវៈ បទពិសោធន៍ និងក្រមសីលធម៌ខ្ពស់ ដែលប្រជាពលរដ្ឋអាចជឿទុកចិត្តបាន”។
មន្ទីរពេទ្យមួយនេះ មិនមែនមានត្រឹមតែការធ្វើទំនើបកម្ម បរិក្ខារវេជ្ជសាស្ត្រទាន់សម័យ និងមានវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ ដែលមានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានបង្កើតឡើងដោយក្តីស្រឡាញ់ពោលគឺ ស្រឡាញ់សុខភាព ស្រឡាញ់ជីវិត ស្រឡាញ់សុភមង្គល ស្រឡាញ់គ្រួសារ និងជាពិសេសស្រឡាញ់ប្រទេសជាតិ សំដៅផ្ដល់ការថែទាំ និងព្យាបាល ជាមួយបេសកកម្មមនុស្សធម៌ សុជីវធម៌ គុណធម៌ វិជ្ជាជីវៈ និងទំនុកចិត្ត។

មន្ទីរពេទ្យនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០,៣៦០ ម៉ែត្រការ៉េ និងមានផ្ទៃសំណង់សរុបជាង ១៦០,០០០ ម៉ែត្រការ៉េ និងត្រូវបានចែកចេញជា ២ ដំណាក់កាល៖
*ដំណាក់កាលទី១៖ មានអគារមន្ទីរពេទ្យនៅផ្នែកខាងមុខកម្ពស់ ៧ ជាន់ និងភ្ជាប់ដោយអគារបន្ទប់មានកម្ពស់ ១៨ ជាន់ ដែលមានក្រឡាផ្ទៃសរុប ៨៣,៧៧៦ ម៉ែត្រការ៉េ។
*ដំណាក់កាលទី២៖ មានអគារផ្នែកខាងក្រោយ ជាអគារស្នាក់នៅបម្រើដល់អ្នកជំងឺ មានកម្ពស់ ២៣ ជាន់ ដែលមានផ្ទៃក្រឡា ៥១,៩២៨ ម៉ែត្រការ៉េ។ ជាមួយនឹងអគារចំណតរថយន្តកំពស់ ៧ ជាន់ មានផ្ទៃក្រឡា ៣៤,០០០ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានប្រមាណជាង ១,០០០ គ្រឿង។
មន្ទីរពេទ្យ វីអ ចតុមុខ នឹងមានផ្តល់សេវាកម្មពហុឯកទេស រួមមាន៖
*១៖ ឯកទេសសង្គ្រោះបន្ទាន់
*២៖ ឯកទេសត្រួតពិនិត្យសុខភាពទូទៅ
*៣៖ ឯកទេសព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មី និងចាក់គីមី
*៤៖ ឯកទេសរូបភាពវេជ្ជសាស្ត្រ បំពាក់ដោយម៉ាស៊ីន CT’Scan, MRI, Fluroscopy, X-Ray ជាដើម
*៥៖ ឯកទេសវេជ្ជសាស្ត្រជំនាញដូចជា៖ ឯកទេសសម្ភព និងរោគស្រ្តី ឯកទេសបង្កកំណើត ឯកទេសពិនិត្យ និងព្យាបាលជំងឺកុមារ ឯកទេសជំងឺក្រពះពោះវៀន ឯកទេសជំងឺក្រលៀន និងតម្រងនោម ឯកទេសជំងឺទឹកនោមផ្អែម ឯកទេសឆ្អឹង ឯកទេសជំងឺបេះដូង ឯកទេសជំងឺប្រព័ន្ធប្រសាទ ឯកទេសជំងឺភ្នែក ឯកទេសជំងឺត្រចៀក ច្រមុះ និងបំពង់ក ឯកទេសពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ឯកទេសជំងឺចិត្តសាស្ត្រ ឯកទេសព្យាបាលដោយចលនា ឯកទេសជំងឺសើស្បែក និងកែសម្ផស្ស
*៦៖ ឯកទេសជំងឺវះកាត់គ្រប់ប្រភេទ។ ក្នុងនោះផងដែរ មានផ្នែក CCU, ICU, ICCU និង NICU ព្រមទាំងមានបន្ទប់សម្រាកព្យាបាលអ្នកជំងឺចំនួន ២២១ គ្រែ។

ជាមួយគ្នានេះ ក៏មានសេវាកម្មទូទៅបន្ថែមទៀតដូចជា៖ ឱសថស្ថាន ហាងលក់សម្ភារៈចាំបាច់បម្រើសេវាដល់អ្នកជំងឺ ភោជនីយដ្ឋាន សាលប្រជុំ និងហាងដទៃផ្សេងៗទៀត ព្រមទាំងមានសួនលំហែ សម្រាប់ផ្ដល់នូវផាសុកភាពដល់អ្នកជំងឺផងដែរ។
ដោយឈរលើបុព្វហេតុ បេសកកម្មរួម និងការស្រឡាញ់ពិត ចេញពីបេះដូង លោកស្រី ឧកញ៉ា ប៉ា វង្សទិត្យា ពិតជាមានជំនឿយ៉ាងមុតមាំថា មន្ទីរពេទ្យអន្តរជាតិ វីអ ចតុមុខ នឹងត្រូវបានទទួលស្គាល់ថាជា «មន្ទីរពេទ្យ ប្រកបដោយគុណភាព និងទំនុកចិត្ត» ដែលបានចូលរួមការប្រកួតប្រជែងលើកកម្ពស់សេវាសាធារណៈសុខាភិបាលកម្ពុជា ដោយនាំមកនូវក្តីមោទនភាពជាតិ លើឆាកអន្តរជាតិ ស្របតាមប្រសាសន៍ណែនាំផ្ទាល់របស់ សម្ដេចតេជោ បានលើកទឹកចិត្តថា «គាំទ្រពេញទំហឹង លើការវិនិយោគនេះ។ ប្រសិនបើយើងមានមន្ទីរពេទ្យល្អ និងជួយដល់ការទាក់ទាញទេសចរ ដែលមានវ័យចំណាស់ និងអ្នកវិនិយោគ មកកាន់ប្រទេសយើងកាន់តែច្រើន»៕



-
PR NEWS4 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 day agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន4 days agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន6 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន1 week agoអង្គភាព CMAC ទទួលបានគ្រឿងចក្រកម្ទេចមីនថ្មីទំនើបពីរដ្ឋាភិបាលជប៉ុន
-
ព័ត៌មាន3 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoអ្នកនយោបាយលើកឡើងពីជោគជ័យដ៏ធំធេងរបស់សម្តេចធិបតីនៅអាម៉េរិក និងអឺរ៉ុប
-
ព័ត៌មាន1 week agoអគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញពិនិត្យការសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តបន្ទាយមានជ័យ