ព័ត៌មាន
ក្រសួងអប់រំ ប្រារព្ធពិធីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត”
នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធី ទិវាគ្រូបង្រៀន ៥ តុលា ២០២៥ ក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់ នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដែលប្រារព្ធនៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី Esther McFarlane ប្រធានផ្នែកអប់រំ នៃអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ មន្ត្រីមកពីអង្គភាពពាក់ព័ន្ធ តំណាងមន្ទីរអប់រំរាជធានី-ខេត្តទាំង២៥ នាយក នាយិកា លោកគ្រូ អ្នកគ្រូ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគរុនិស្សិត។

ក្នុងឱកាសនេះ តំណាងអង្គការយូណេស្កូប្រចាំប្រទេសកម្ពុជា បានបង្ហាញមោទនភាពក្នុងការធ្វើការងារជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ដោយយើងបានធ្វើការងាររួមគ្នាដើម្បីពង្រឹងការកែទម្រង់គ្រូបង្រៀននៅកម្ពុជា តាមរយៈគម្រោងពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលទទួលបានការគាំទ្រដោយអង្គការភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ដោយមានការប្រើប្រាស់បច្ចេកវិទ្យា និងការច្នៃប្រឌិត រហូតដល់ការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ។ នាពេលនេះ យើងបាននិងកំពុងកសាងមូលដ្ឋានគ្រឹះនេះ ដើម្បីជំរុញការធ្វើបរិវត្តកម្មឌីជីថលបន្ថែមទៀតនៅក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ដោយក្នុងដំណាក់កាលទី២ នៃគម្រោង STEPCam អង្គការយូណេស្កូ បាននិងកំពុងគាំទ្រដល់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីអភិវឌ្ឍកម្មវិធី ICT និងក្របខណ្ឌសមត្ថភាព AI សម្រាប់គ្រូបង្រៀនថ្នាក់ជាតិលើកដំបូង ដែលធ្វើឡើងស្របតាមក្របខ័ណ្ឌសកលរបស់ UNESCO សម្រាប់កម្មវិធី ICT និង AI ក៏ដូចជាការបង្កើតមជ្ឈមណ្ឌលចំណេះដឹងឯកទេស សម្រាប់បច្ចេកវិទ្យាអប់រំ និងបង្កើតវគ្គបណ្តុះបណ្តាលដើម្បីពង្រីងសមត្ថភាពគ្រូបង្រៀន និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។ អង្គការ UNESCO នៅតែបន្តប្តេជ្ញាចិត្តក្នុងការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ផ្តល់តម្លៃដល់គ្រូបង្រៀន ពង្រឹងភាពរីកចម្រើននៃវិជ្ជាជីវៈរបស់ពួកគាត់ ព្រមទាំងចាត់ទុកគ្រូបង្រៀនជាតួអង្គសំខាន់នៃបដិវត្តកម្មបញ្ញាសិប្បនិម្មិត និងជាអ្នកដឹកនាំនៃវិជ្ជាជីវៈបែបសហការ។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តបេសកកម្មរបស់ខ្លួនដោយជោគជ័យគួរឱ្យកត់សម្គាល់ ក្នុងការបិទបញ្ចប់ដំណើរការឆ្នាំសិក្សា ២០២៤-២០២៥ ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ ជាក់ស្តែង បេក្ខជននិទ្ទេស A បានកើនឡើងរហូតដល់ ៣០២០ នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្រអប់រំបច្ចេកទេស ដែលទើបបញ្ចប់ថ្មីៗនេះ។ ក្នុងឱកាសនេះ យើងទាំងអស់គ្នាប្រារព្ធទិវាគ្រូបង្រៀនដែលជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់ ដែលបានខិតខំប្រឹងប្រែង តស៊ូលះបង់ក្នុងការបង្ហាត់ បង្រៀន និងការផ្ទេរចំណេះដឹងតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយដល់ក្មួយៗសិស្ស និស្សិត និងយុវជនគ្រប់ៗរូប។ តាំងពីដើមរៀងមក ការរំឭកគុណគ្រូ និងការដឹងគុណគ្រូបានក្លាយទៅជាចលនាជាតិដ៏ផុសផុលមួយ ត្រូវបានស្តែងឡើង តាមរយៈការជួបជុំសិស្ស ឬអតីតសិស្សជាមួយគ្រូបង្រៀន ឬគ្រូបង្រៀនចូលនិវត្តន៍ ដើម្បីប្រារព្ធទិវារំឭកគុណគ្រូនៅតាមសាលារៀន ក៏ដូចជាការបង្កើតឱកាសនានា ដើម្បីសួរសុខទុក្ខ និងជួបជុំជាមួយគ្រូបង្រៀនតាមគ្រប់រូបភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានគាំទ្រ និងសម្រេចដំឡើងប្រាក់បៀវត្ស និងលើកកម្ពស់ជីវភាពគ្រូបង្រៀន និងថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តអនុវត្ត និងពង្រឹងគោលនយោបាយនេះយ៉ាងម៉ឺងម៉ាត់ក្នុងការគាំទ្រវិស័យអប់រំ តាមរយៈការដាក់ចេញនូវកម្មវិធីអាទិភាព និងការវិនិយោគលើមូលធនមនុស្ស ដើម្បីធានាថាគ្រូបង្រៀននៅតែជាតួអង្គសំខាន់ ក្នុងការធ្វើបរិវត្តកម្មឌីជីថល និង AI សម្រាប់អនាគតកម្ពុជា។
នៅក្នុងឆ្នាំ២០២៥នេះ ការប្រារព្ធទិវាគ្រូបង្រៀន នៅថ្នាក់ជាតិបាន និងកំពុងប្រព្រឹត្តទៅក្រោមប្រធានបទ “គ្រូបង្រៀនជាតួអង្គសំខាន់នៃបរិវត្តកម្មបញ្ញាសិប្បនិម្មិត” ដើម្បីបង្ហាញអំពីទិសដៅគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកសាងមូលដ្ឋានគ្រឹះរបស់គ្រូបង្រៀន ឆ្លើយតបទៅនឹងបរិវត្តកម្មវិស័យអប់រំនៅកម្ពុជា ផ្តោតលើការប្រើប្រាស់ និងការចេះទាញយកអត្ថប្រយោជន៍ជាអតិបរិមានៃការរីកចម្រើនបច្ចេកវិទ្យាអប់រំ (EdTech) និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការអភិវឌ្ឍបំណិនឌីជីថលដល់គ្រូបង្រៀននៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថលក្នុងតំបន់ និងពិភពលោក ដែលនឹងនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងច្រើនដល់វិស័យអប់រំនៅកម្ពុជា។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបីជា AI មានការរីកចម្រើនយ៉ាងណាក៏ដោយ ក៏បច្ចេកវិទ្យានេះ នៅតែជាឧបករណ៍ជំនួយ និងមិនទាន់អាចមកជំនួសតួនាទីស្នូលរបស់គ្រូបង្រៀនបាននៅឡើយទេ។ ការផ្ទេរចំណេះដឹងអាចធ្វើឡើងតាមបច្ចេកវិទ្យា ប៉ុន្តែការអប់រំតាមរយៈបេះដូង ការបណ្តុះបណ្តាលគុណធម៌ សីលធម៌ ទំនាក់ទំនងផ្ទាល់ និងការជំរុញទឹកចិត្តដល់សិស្ស គឺជាកិច្ចការដែលទាមទារនូវភាពជាមនុស្ស និងភាពឆ្លាតវៃផ្នែកអារម្មណ៍ ដែលជាតម្លៃមិនអាចកាត់ថ្លៃបាននៃវិជ្ជាជីវៈគ្រូបង្រៀន។ ដូចនេះ គ្រូបង្រៀនត្រូវតែជាអ្នកត្រួសត្រាយផ្លូវ និងជាអ្នកបំផុសគំនិតឱ្យសិស្សបានស្គាល់ និងប្រើប្រាស់ AI ប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំសាលារៀនគំរូ និងគ្រប់សាលារៀន ឱ្យចាប់ផ្តើមបញ្ចូលបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីសិក្សារបស់សាលាឱ្យបានផុសផុលដោយ ជំរុញឱ្យប្រើប្រាស់ឧបករណ៍ AI ជាជំនួយក្នុងការរៀបចំផែនការបង្រៀន និងវាយតម្លៃសិស្ស ក៏ដូចជាបង្កើតលំហាត់ដែលតម្រូវឲ្យសិស្សានុសិស្សយល់ដឹងពីគោលការណ៍គ្រឹះនៃ AI និងរបៀបប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយក្រមសីលធម៌។ គោលដៅសំខាន់គឺបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាពលរដ្ឋឌីជីថលដែលមានសមត្ថភាព និងអាចទាញយកសក្តានុពលនៃ AI មកបម្រើការងារ និងការសិក្សា ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារនាពេលអនាគត។
ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ លោកគ្រូ អ្នកគ្រូទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បង្ហាត់បង្រៀនសិស្សឱ្យទទួលបានចំណេះដឹង ជំនាញ សីលធម៌ ចរិយាធម៌ និងកាយសម្បទារឹងមាំ ដើម្បីក្លាយជាពលរដ្ឋល្អ ជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យសម្បូររុងរឿង៕







-
PR NEWS5 days agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន6 days agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
កីឡា1 week agoក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីថ្ងៃនេះ
-
ព័ត៌មាន6 days agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន5 days agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoពិធីបុណ្យមាឃបូជានៅវត្តបន្ទាយដែកឆ្នាំនេះ មានពុទ្ធបរិស័ទ និងសិស្សានុសិស្ស ចូលរួមកុះករជាងឆ្នាំមុន
-
កីឡា7 days agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley