ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង ណែនាំសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ បន្តបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រក្សាសន្តិសុខ និងខិតខំរំដោះទឹកចេញពីមូលដ្ឋាន
ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំឱ្យកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរខណ្ឌទាំង១៤ បន្តទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងជំរុញការអនុវត្តការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋ និងចេញពីក្នុងរាជធានីភ្នំពេញ។ ការណែនាំបែបនេះរបស់ឯកឧត្ដម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥នេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទាំង១៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា នៅក្នុងឆ្នាំនេះ គ្រោះធម្មជាតិបានយាយីពេញពិភពលោក ដូចជាគ្រោះរញ្ជួយដី ខ្យល់ព្យុះ និងគ្រោះទឹកជំនន់ជាដើម ក្នុងនោះសំរាប់រាជធានីភ្នំពេញក៏បានទទួលឥទ្ធិពលនេះផងដែរ នោះគឺគ្រោះជំនន់ទឹកភ្លៀង។ ដូច្នេះឯកឧត្ដម អភិបាលបានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌត្រូវយកចិត្តទុកដាក់ ពិសេសជំរុញការអនុវត្តការងាររំដោះទឹកចេញពីមូលដ្ឋានប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញឱ្យបានលឿន និងមានប្រសិទ្ធភាពខ្ពស់។
ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤បន្តធ្វើការងារចុះពិនិត្យប្រឡាយ លូ ក្នុងភូមិសាស្ត្រខ្លួន ហើយណែនាំប្រជាពលរដ្ឋកុំឱ្យបោះសំរាមចូលលូ ប្រឡាយនាំឱ្យស្ទះ។ លោក និងលោកស្រីជាអភិបាលខណ្ឌសហការជាមួយមន្ទីរជំនាញនៅខែប្រាំងស្ដារ លូ ស្ដារប្រឡាយ ហើយខែវស្សានាំគ្នាចុះត្រួតពិនិត្យប្រឡាយ លូ មើលកន្លែងណាស្ទះកាយបើកមុខទឹក។ មន្ត្រីជំនាញត្រូវចុះពិនិត្យរឺហ្គ្រាលូ លូ មន្ទីរសាធារណការត្រូវចាត់ជំនាញជិះម៉ូតូ ឡាន មើលផ្លូវមើលគំនូសចរាចរ និងស្លាកសញ្ញាចរាចរដែលធ្លាក់ បាក់បែក ឬបាត់ ត្រូវរាយការមករដ្ឋបាលរាជធានីភ្លាម។
ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មិនមែនធ្វើការងារតែលើការងារសន្តិសុខសុវត្ថិភាពប៉ុណ្ណោះទេ គឺធ្វើការងារគ្រប់ជំពូកទាំងអស់ ដើម្បីផលប្រយោជន៍និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។ ចំពោះការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) វាជារឿងសំខាន់ដែលរាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ដូច្នេះអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ ពោលគឺបើពិនិត្យឃើញមានទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ត្រូវចុះបង្ក្រាបភ្លាម។
ឯកឧត្ដម ឃួង ស្រេង បានឱ្យដឹងផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) កម្លាំងបង្ក្រាបបានប្រមាណ៨០%ហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំង ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀត ពោលគឺត្រូវបន្តការចុះពិនិត្យនៅតាមបុរី និងខុនដូ ដែលមានការសង្ស័យ។ នៅពេលចុះបង្ក្រាប ត្រូវអនុវត្តប្រកបដោយវិជ្ជាជីវៈខ្ពស់ និងភាពច្បាស់លាស់។
ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា គ្រឿងញៀនក៏ជាបញ្ហាដ៏ធំមួយ ដោយវាបាននឹងកំពុងចាក់គ្រឹះនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដែលអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចុះបង្ក្រាប ហើយអ្វីដែលសំខាន់នោះ គឺស្នើឱ្យកងរាជអាវុធហត្ថ និងនគរបាល ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីរួមគ្នាលុបបំបាត់គ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់។ បន្ថែមពីនេះឯកឧត្ដម ឃួង ស្រេង បានស្នើសុំឱ្យមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការគ្នាឱ្យបានល្អជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ នៅពេលចុះបង្ក្រាបគ្រឿងញៀននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញម្តងៗ៕







-
កីឡា1 week agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន5 days agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន2 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន4 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន6 days agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា