ព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជំរុញឲ្យUNដោះស្រាយបន្ទាន់ ចំពោះទាហានថៃដែលធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរនៅព្រំដែន
គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានជំរុញឲ្យអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស OHCHR ត្រូវធ្វើការដោះស្រាយជាបន្ទាន់ចំពោះអាជ្ញាធរថៃ ដែលបានធ្វើទុក្ខបុកម្នេញដល់ពលរដ្ឋខ្មែរនៅព្រំដែន ជាពិសេសនៅតំបន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមរយៈលិខិតរបស់ឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាលើកទីពីរផ្ញើទៅកាន់លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះបានលើកឡើងថា គ.ស.ម.ក.មានការព្រួយបារម្ភយ៉ាងខ្លាំងដោយបានទទួលរបាយការណ៍គួរឱ្យទុកចិត្តបានថា កងទ័ពថៃមានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹក ដើម្បីបណ្ដេញប្រជាជនកម្ពុជាចេញដោយបង្ខំពីផ្ទះសម្បែងនិងដីស្រែចម្ការ របស់ពួកគាត់ ដែលស្ថិតក្នុងដែនដីកម្ពុជា។
ឯកឧត្តម កែវ រ៉េមី បានប្រាប់ទៅអ្នករាយការណ៍របស់UNនោះទៀតថា ប្រជាជនកម្ពុជា ដែលត្រូវបានបណ្ដេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណេ្តញចេញដោយបង្ខំកំពុងទទួលរងនូវការឈឺចាប់ និងទុក្ខលំបាកជាទម្ងន់។ គ្រួសារទាំងនោះ បានរស់នៅលើទីតាំងនេះជាច្រើនជំនាន់មកហើយ ដោយមិនត្រឹមតែបានកសាងជាផ្ទះសម្បែងប៉ុណ្ណោះទេ ប៉ុន្តែជាសហគមន៍ ជាកន្លែងប្រកបរបរចិញ្ចឹមជីវិត ហើយអត្តសញ្ញាណវប្បធម៌ ក៏បានចាក់ឫសគល់យ៉ាងជ្រៅនៅកន្លែងនោះផងដែរ។
ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានបន្ថែមទៀតថា ការបាត់បង់ផ្ទះសម្បែង គឺបានន័យថា បាត់បង់ទីជម្រកសុវត្ថិភាព សន្តិសុខ និងការទទួលបានសេវាជាមូលដ្ឋានផ្សេងៗ ដែលជាមូលហេតុបង្កឱ្យមានភាពគ្មានផ្ទះសម្បែងជ្រកកោន ភាពក្រីក្រ និងអស្ថិរភាពសង្គម ហើយកុមារត្រូវបង្ខំឱ្យបោះបង់ចោលការសិក្សា មនុស្សចាស់ត្រូវប្រឈមនឹងបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរ ស្រ្តីនិងក្រុមជនងាយរងគ្រោះដទៃទៀត ត្រូវស្ថិតនៅក្នុងហានិភ័យកាន់តែខ្លាំង។ ផលប៉ះពាល់ផ្នែកផ្លូវចិត្តដោយសារការរស់នៅក្រោមភាពមិនប្រាកដប្រជា ការគំរាមកំហែង និងការភ័យខ្លាចពីការបាត់បង់ផ្ទះសម្បែងរបស់ខ្លួន បានធ្វើឱ្យទុក្ខលំបាកពួកគាត់ កាន់តែធ្ងន់ធ្ងរឡើងៗ។
ក្នុងន័យនេះ គ.ស.ម.ក. «សូមស្នើសុំអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមានលំនៅឋានសមរម្យ ដែលមានអាណត្តិក្នុងការលើកកកម្ពស់ និងពិនិត្យតាមដានសិទ្ធិមនុស្សក្នុងការទទួលបានលំនៅឋានសមរម្យទំនាក់ទំនងជាបន្ទាន់ជាមួយនឹងរាជរាដ្ឋាភិបាលប្រទេសថៃ ដើម្បីធានាដល់ការគោរពសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ប្រជាជនកម្ពុជាដែលបានរងផលប៉ះពាល់ បង្ការការរំលោភបំពានណាមួយផ្សេងទៀត និងសម្របសម្រួលឲ្យមានវិធានការដោះស្រាយសមរម្យស្របតាមច្បាប់សិទ្ធិមនុស្សអន្តរជាតិ»។
គ.ស.ម.ក.បានសង្កត់ធ្ងន់ទៀតថា «សូមជំរុញឲ្យអ្នករាយការណ៍ពិសេសដោះស្រាយបញ្ហានេះជាបន្ទាន់ និងគាំទ្រដល់សំណើរបស់កម្ពុជា ដែលស្នើឱ្យមានការទទួលខុសត្រូវចំពោះការរំលោភបំពានទាំងនេះ។ គ.ស.ម.ក. មានក្តីរំពឹងលើការចូលរួមរបស់អ្នករាយការណ៍ពិសេស ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សច្បាប់មនុស្សធម៌អន្តរជាតិ និងយុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើខុសច្បាប់បែបនេះ»៕ អត្ថបទ៖ បាន ចក់







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព