ព័ត៌មាន
បណ្ឌិត្យសភានគរបាលកម្ពុជា ទទួលការបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជាពី តួកគី
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដំណើរទស្សនកិច្ចរបស់គណៈប្រតិភូស្ថានទូតនៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ដឹកនាំដោយ លោកជំទាវឯកអគ្គរដ្ឋទូត Ulku Kocaefe និងពិភាក្សាការងារ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងឱកាសនោះ ក្នុងនាមបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ប្រធានបណ្ឌិត្យសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយក្រៃលែង ដែលបានជួបពិភាក្សាការងារជាមួយ លោកជំទាវឯកអគ្គរដ្ឋទូត អំពីកិច្ចសហការ និងការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា នៅបណ្ឌិត្យសភានគរបាលកម្ពុជា។
ក្នុងកិច្ចជំនួបពិភាក្សានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានជម្រាបជូនលោកជំទាវ ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូ ជ្រាបផងដែរ អំពី តួនាទីនិងភារកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។ បណ្ឌិត្យសភានគរបាលកម្ពុជា មានភារកិច្ចសំខាន់ៗពាក់ព័ន្ធនឹងនគរបាលជាតិនិងពន្ធនាគារទូទាំងប្រទេស ចំនួន៤ចំណុចសំខាន់ៗ គឺ៖ ទី១- ការបណ្តុះបណ្តាលកងកម្លាំងគ្រប់កម្រិតនិងគ្រប់ប្រភេទ ទី២- ការងារស្រាវជ្រាវវិទ្យាសាស្ត្រ ទី៣- ការងារមន្ទីរពិសោធន៍ និងទី៤- ការងារសារមន្ទីរ។
សម្រាប់ការងារបណ្តុះបណ្តាល រួមមាន កម្រិតបឋម មធ្យម ឧត្តម និងក្រោយឧត្តម (វគ្គខ្លី វគ្គជាន់ខ្ពស់ មធ្យមវិជ្ជាជីវៈ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត) ដែលមានដៃគូសហប្រតិបត្តិការអន្តរជាតិចំនួន១៦អង្គភាព មានជាអាទិ៍ កូរ៉េ អង់គ្លេស ចិន ឥណ្ឌា ហ្វីលីពីន។
ថ្លែងបន្ត ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានថ្លែងអំណរគុណនិងរំឭកជូន លោកជំទាវឯកអគ្គរដ្ឋទូតថា កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគី បានផ្តល់អាហារូបករណ៍ដល់គ្រូនគរបាលជាតិនិងនិស្សិតនគរបាលចំនួន២ជំនាន់ រួចមកហើយ ដែលជំនាន់ទី១ ចំនួន៨នាក់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៤នាក់ និងថ្នាក់បរិញ្ញាបត្រ៤នាក់ ក្នុងឆ្នាំសិក្សា ២០២៤ -២០២៥ និងជំនាន់ទី២ ចំនួន១០នាក់ សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នៅមហាវិទ្យាល័យសន្តិសុខ មាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំ ព្រមទាំងបានផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់គ្រូនគរបាលជាតិកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋតួកគី តាមរយៈសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) គឺវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានគ្រឹះសម្រាប់អ្នកប្រើប្រាស់យានអាកាសគ្មានមនុស្សបើកខ្នាតតូចបំផុតនិងប្រភេទយានអាកាសគ្មានមនុស្សបើកខ្នាតតូច (ដ្រូន) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៦ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងអង់ការ៉ា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានស្នើសុំ លោកជំទាវឯកអគ្គរដ្ឋទូត បន្តជួយគាំទ្រលើការអប់រំបណ្ដុះបណ្ដាល នៅបណ្ឌិត្យសភាជាបន្តទៀតផងដែរ។
ឆ្លើយតបនឹងសំណូមពរនេះ លោកជំទាវឯកអគ្គរដ្ឋទូត ក៏បានគាំទ្រនិងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភា ជាបន្តទៀត ផងដែរ។
ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏បានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាល រវាងបណ្ឌិត្យសភានគរបាលកម្ពុជានិងស្ថានទូតសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា ក្រោមការដឹកនាំរបស់ លោកជំទាវឯកអគ្គរដ្ឋទូត កាន់តែស៊ីជម្រៅនិងផ្តល់នូវអត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នា កាន់តែស្និទ្ធិស្នាល សាមគ្គីភាព និងភាតរភាព។
ជាចុងក្រោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ប្រធាន ក៏សូមជូនពរ លោកជំទាវឯកអគ្គរដ្ឋទូត ព្រមទាំងសមាជិកគណៈប្រតិភូ សូមមានសុខភាពល្អនិងជោគជ័យគ្រប់ភារកិច្ច និងបានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ រួមមាន ខ្យងស័ង្ខធ្វើពីប្រាក់ និមិត្តសញ្ញាបណ្ឌិត្យសភា និងក្រមា ជូនគណៈប្រតិភូ ផងដែរ៕







-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ