ព័ត៌មាន
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ពលរដ្ឋអាចរកប្រាក់ចំណូលជាមធ្យមចាប់ពីមួយលានរៀលឡើងទៅក្នុងមួយខែ
វិទ្យាស្ថានបណ្តុះបណ្តាលនៅរាជធានីភ្នំពេញ បានឱ្យដឹងថា កម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M) របស់រាជរដ្ឋាភិបាលកម្ពុជា សិក្ខាកាមដែលរៀនចប់ និងមានការធ្វើ ទទួលបានប្រាក់បៀវត្សជាមធ្យមចន្លោះ ២៥០ ទៅ៣៥០ដុល្លារ ក្នុងមួយខែៗ។
លោក សយ សុឃាង នាយករង នៃវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ ITI បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា កម្មវិធី ១,៥លាននាក់នេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលទៅក្នុងប្រព័ន្ធកាន់តែច្រើនឡើង ដែលស្របតាមយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកនាយករង បានរៀបរាប់ឱ្យដឹងទៀតថា រហូតមកដល់ពេលនេះ តាមរយៈកម្មវិធី ១,៥លាននាក់ និយាយចំពោះតែសិស្សក្នុងវិទ្យាស្ថាន ITI គឺទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់យុវជន ជាពិសេសយុវជនមកពីគ្រួសារក្រីក្រ ដែលគិតមកដល់បច្ចុប្បន្ននេះ វិទ្យាស្ថានទទួលបានសិស្សរៀនជំនាញខុសៗគ្នាចំនួនប្រមាណជិត ២ពាន់នាក់ ក្នុងនោះកំពុងបណ្តុះបណ្តាលមានចំនួនជាង ៦០០នាក់។ ដោយឡែកសិស្សដែលបញ្ចប់ការសិក្សាមានចំនួនជាង ១ពាន់នាក់។ លោកបានបញ្ជាក់ថា អ្នកដែលទទួលការងារធ្វើក្រោយបញ្ចប់ការសិក្សាមានប្រមាណ ៨៨% ដោយទទួលបានប្រាក់បៀវត្សរ៍ជាមធ្យមចន្លោះ ២៥០ ទៅ៣៥០ដុល្លារ។ ក្នុងនោះ ក៏មានអ្នកបើកអាជីវកម្មដោយខ្លួនឯងផងដែរ ដូចជា ការផ្តល់សេវាថែទាំជួសជុលរថយន្តចល័ត ដែលគាត់អាចរកចំណូលបានក្នុងមួយខែៗខ្ទង់ប្រហែល ៧០០ ទៅ៨០០ដុល្លារ។
លោក រស់ សិលា ពលរដ្ឋមកពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នជាសិស្សធីវ៉េត ១,៥លាននាក់ សិក្សាជំនាញផ្នែកបរិក្ខាត្រជាក់នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម បាននិយាយប្រាប់ ប៊ីធីវី ឱ្យដឹងថា ការសិក្សាជំនាញវិជ្ជាជីវៈ គឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះមានជំនាញជាច្រើនដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញដែលអាចឱ្យពលរដ្ឋដែលមានវ័យច្រើនអាចចូលរៀនបាន។
លោក ពៅ ចិត្រា មកពីស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងរៀនជំនាញដូចគ្នាខាងលើនេះ បានឱ្យដឹងថា ក្រោយចប់ការសិក្សានេះ លោកនឹងចេញទៅធ្វើការងារដើម្បីមានបទពិសោធន៍សិន មុននឹងសម្រេចបន្តបង្កើតអាជីវកម្មផ្ទាល់ខ្លួនលើជំនាញដែលបានសិក្សាសព្វថ្ងៃនៅស្រុកកំណើត។
យុវជនទាំងពីរខាងលើនេះ ក៏បានលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ ងាកមកចាប់ឱកាសក្នុងការសិក្សាជំនាញវិជ្ជាជីវៈណាមួយដែលខ្លួនពេញចិត្ត ដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត។
ដើម្បីឱ្យកម្មវិធីបណ្តុះបណ្តាលលបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M) ដោយឥតគិតថ្លៃនេះ កាន់តែងាយស្រួល និងទូលំទូលាយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំណត់ឱ្យសាលាបណ្តុះបណ្តាលបច្ចេកទេសទាំងអស់ត្រូវតែមានកម្មវិធីបត់បែន ទន់ភ្លន់ និងច្រើនជម្រើស ដែលអាចបណ្តុះបណ្តាលនៅវេនយប់ និងវេនថ្ងៃសៅរ៍-អាទិត្យ ដើម្បីបង្កើតឱកាសយ៉ាងទូលាយសម្រាប់យុវជនក្រុមគោលដៅអាចមកសិក្សាវគ្គបណ្តុះបណ្តាលដ៏សំខាន់នេះ។ សូមបញ្ជាក់ជូនទៀតថា វិស័យសម្រាប់បណ្តុះបណ្តាលជំនាញនេះ មានចំនួន១០វិស័យ មានដូចជា៖ សំណង់, អគ្គិសនី និងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្តៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិចរថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្មនិងកសិ-ឧស្សាហកម្ម និងធុរកិច្ចនិងព័ត៌មានវិទ្យា៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ