ព័ត៌មាន
ក្រសួងកសិកម្មដាក់ឱ្យប្រើប្រាស់ជាផ្លូវការកម្មវិធី FARMBOOK APP ដើម្បីបង្កើនប្រសិទ្ធភាពការងារមន្រ្តីកសិកម្មឃុំ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ ដើម្បីងាយស្រួលក្នុងការចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងអន្តរាគមន៍បានទាន់ពេលវេលាក្នុងករណីមានបញ្ហាប្រឈម។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងកម្មវិធីនេះ បានសម្តែងការអបអរសាទរដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ទាំងអស់ ដែលបានប្រលងជាប់ ហើយការចែកជូនកុំព្យូទ័របន្ទះនេះ ជាការគិតគូរច្បាស់លាស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព ប្រើប្រាស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងផ្សព្វផ្សាយអ្វីដែរត្រឹមត្រូវជាប្រយោជន៍ដល់ប្រជាកសិករ។
ទាក់ទិនការដាក់ឱ្យប្រើប្រាស់កម្មវិធី FARMBOOK APP នេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងថា ដើម្បីបណ្ដុះបណ្ដាលមន្ដ្រីកសិកម្មឃុំ អំពីការប្រមូលព័ត៌មានពីកសិករនិងតួអង្គពាក់ព័ន្ធ សិក្សាប៉ាន់ស្មានផែនការតាមតំបន់ និងទំហំផលិតកម្ម សិក្សាពីតម្រូវការ និងព័ត៌មានរបស់ឣ្នកប្រមូលទិញធៀបនឹងទិន្នផល រៀបចំផែនការផលិតសមស្របទៅនឹងតម្រូវការទីផ្សារ ប៉ាន់ប្រមាណតម្រូវការធាតុចូលកសិកម្ម និងដឹងពីស្ថានភាពភូមិសាស្ត្រតាមតំបន់។ ហើយព័ត៌មានដែលទទួលបានទាំងនេះ នឹងត្រូវចងក្រងជារបាយការណ៍ផ្ញើទៅកាន់ថ្នាក់ជាតិ។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ «មានហូប មានបាន មានប្រើ និងមានរហូត»។ លើសពីនេះទៀត ឯកឧត្តម បានណែនាំក្នុងការបម្រើផ្តល់សេវាប្រឹក្សាយោបល់ជូនប្រជាកសិករទាំងបច្ចេកទេសកសិកម្ម កត្តាទីផ្សារ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងមានវិធីសាស្រ្តក្នុងការពន្យល់ឱ្យមានការចូលរួមពីប្រជាកសិករ ជាពិសេសការប្រមូលផ្តុំកសិករចងក្រងជាសហគមន៍កសិកម្មទំនើប ដែលអាចទទួលបានអត្ថប្រយោជន៍ជាច្រើន បានកម្ចីការប្រាក់ទាប លើកកម្ពស់ជីវភាព និងមានសេដ្ឋកិច្ចមាត្រដ្ឋាន។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី ការតម្រង់ទិសដំបូង និងជំនាញឌីជីថល និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ FARMBOOK APP និងពិធីប្រគល់កុំព្យូទ័របន្ទះ (TABLET) ដល់មន្រ្តីកសិកម្មឃុំ-សង្កាត់ មានការអញ្ជើញចូលរួមជាអធិបតីភាពរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ឯកឧត្តម គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍន៍នានា ព្រមទាំងលោកគ្រូ អ្នកគ្រូ និងមន្រ្តីជំនាញ ដែលជួយសហការរៀបចំកម្មវិធីនេះដើម្បីជួយដល់មន្រ្តីកសិកម្មឃុំឱ្យកាន់តែមានគុណភាព និងសមត្ថភាពមួយកម្រិតទៀតដើម្បីជួយដល់ប្រជាកសិករទាំងអស់នៅកម្ពុជាទាំងមូល៕ អត្ថបទ៖ ឈិត បូរ៉ាវី













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព