ព័ត៌មាន
និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី “ការធានារ៉ាប់រងជាកាតព្វកិច្ច” នៅខេត្តពោធិ៍សាត់
និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការធានារ៉ាប់រងជាកាតព្វកិច្ច» ជូនដល់តំណាងមន្ទីរ/ស្ថាប័នពាក់ព័ន្ធនានាជុំវិញខេត្ត គ្រឹះស្ថានឯកជន សមាគម ប្រតិបត្តិករវិស័យដឹកជញ្ជូន និងសាធារណជន ក្នុងខេត្តពោធិ៍សាត់។ សិក្ខាសាលានេះប្រារព្ធធ្វើនៅ(សណ្ឋាគារពោធិ៍សាត់សេនជូរី) ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. សមាជិកក្រុមការងារអន្តរក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ ន.ធ.ក. និងលោក ញឹក បានខេង អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីលើកកម្ពស់ចំណេះដឹង អំពីការធានារ៉ាប់រងជាកាតព្វកិច្ច ជូនម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ ដឹកជញ្ជូនអ្នកដំណើរ និងម្ចាស់ក្រុមហ៊ុនសាងសង់ ព្រមទាំងសហគ្រាស សិប្បកម្ម និងរោងចក្រក្នុងមូលដ្ឋានខេត្តពោធិ៍សាត់។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ញឹក បានខេង អភិបាលរងខេត្តរួចមក លោកជំទាវបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករងនៃ ន.ធ.ក. បានថ្លែងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា គឺជាទីផ្សារមួយ ដែលកំពុងមានការវិវត្តឆ្ពោះទៅមុខយ៉ាងឆាប់រហ័ស ដែលបច្ចុប្បន្ន មានក្រុមហ៊ុនធានារ៉ាប់រងចំនួន ៣៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងទ្រព្យសកម្មសរុបជាង ១,១៩ប៊ីលានដុល្លារអាមេរិក និងទំហំបុព្វលាភដុល្លាប្រមាណ ៣៥៧លានដុល្លារអាមេរិក និងបានរួមចំណែកក្នុងសេដ្ឋកិច្ចប្រមាណ ១,១៣% ក្នុងនោះប្រជាជនកម្ពុជាម្នាក់ ជាមធ្យមប្រើប្រាស់សេវាធានារ៉ាប់រងប្រមាណ ២០,៦៥ដុល្លារអាមេរិក។ លើសពីនេះ ទីផ្សារធានារ៉ាប់រងនៅកម្ពុជា មានផលិតផលសម្បូរបែបជាអាទិ៍៖ ផលិតផលធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ធានារ៉ាប់រងទ្រព្យសម្បត្តិ ធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន និងធានារ៉ាប់រងខ្នាតតូចសម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប។ យោងតាមច្បាប់ស្តីពីការធានារ៉ាប់រង ដែលបានធ្វើវិសោធនកម្មក្នុងឆ្នាំ២០១៤ បានកំណត់ការធានារ៉ាប់រងចំនួនបី ជាកាតព្វកិច្ចដែលរួមមាន៖
១).ការធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត
២).ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដឹកជញ្ជូនអ្នកដំណើរ
៣). ការធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន
លោកជំទាវបណ្ឌិតអគ្គនាយករងបន្ថែមថា ន.ធ.ក. បានកំណត់យកការពង្រឹង ការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាអាទិភាព តាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពីការធានារ៉ាប់រង និងការធានារ៉ាប់រងជាកាតព្វកិច្ច ដែលកំណត់ដោយច្បាប់៕
-
ព័ត៌មាន1 week agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន6 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន5 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន7 days agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 week agoផលិតផលខ្មែរជាង១០ប្រភេទ នឹងត្រូវបាននាំចេញទៅកាន់ទីផ្សារកូរ៉េឆាប់នេះៗ