ព័ត៌មាន
ប្រជាពលរដ្ឋនៅស្រុកពាមជរ ទទួលបានផ្លូវក្រាលកៅស៊ូ ជាសមិទ្ធផលថ្មីក្នុងមូលដ្ឋានរបស់ពួកគាត់
ព្រៃវែង ៖ ប្រជាពលរដ្ឋនៅឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង បានបង្ហាញនូវការសប្បាយរីករាយជាអនេក ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាល លើការងារអភិវឌ្ឍន៍ផ្លូវនៅជនបទក្នុងមូលដ្ឋានពួកគាត់ ដែលនេះជាសមិទ្ធផលថ្មី ក្នុងការរួមលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មាការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃ លទ្ធផលការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, សាងសង់លូមូលមុខពីរចំនួន២កន្លែង និងលូមូលមុខមួយ ចំនួន ៤ កន្លែង ស្ថិតនៅភូមិពងទឹក ទៅ ភូមិក្រាំងតាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង, ក្នុងនោះប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើនេះ បានសម្តែង នូវការសប្បាយរីករាយ និងថ្លែងនូវការដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់អភិវឌ្ឍន៍នៅតាម តំបន់ជនបទ ជាក់ស្តែងការទទួលបានផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) នាពេលនេះ គឺជាសមិទ្ធផលថ្មីនៅក្នុងមូលដ្ឋានរបស់ពួគគាត់។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្តថា ជុំវិញការអភិវឌ្ឍន៍នៅតាមជនបទនេះ ក្រសួងអភិវឌ្ឍន៍ជនបទដែលជាសេនាធិការ របស់រាជរដ្ឋាភិបាល បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួង អភិវឌ្ឍន៍ជនបទ បានកំពុងផ្តល់ប្រយោជន៍ដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន និងសាធារណជនទូទៅ មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងការរកស៊ីទទួលទានផ្សេងៗ ដែលមានភាពប្រទាក់ក្រឡា ដោយបានបង្កើតជាបរិយាកាសអំណោយផលដល់ការរស់នៅរបស់ ប្រជាពលរដ្ឋនៅក្នុងសង្គម។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនាផ្លូវនេះ សម្រេចបានប្រកបដោយគុណភាព, ព្រោះ ផ្លូវមានសារៈសំខាន់ណាស់ មិនថាផ្លូវមួយខ្សែនេះ ឬបណ្តាញផ្លូវផ្សេងៗទៀតនោះឡើយ ដែលនេះគឺជាការចូលរួមចំណែកលើកកម្ពស់ ការរស់នៅរបស់ប្រជាពលររដ្ឋនៅតាមមូលដ្ឋាន ស្របតាមការយកចិត្តទុកដាក់របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងការអភិវឌ្ឍរបស់ រាជរដ្ឋាភិបាល៕
អត្ថបទ៖ សុន រ៉ាឌី
















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន6 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព